Bayern ស្ដាយ​ក្រោយ​ដែលឲ្យ Kroos ចាក​ចេញ​ទៅ Real Madrid

  • 2018-02-21 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​កំហុស​មួយ​សម្រាប់​ក្លឹប Bayern Munich ដែល​បាន​បណ្ដោយ​ឲ្យ​ខ្សែ​បម្រើ Toni Kroos ចាក​ចេញ​ពី​ក្លឹប​ទៅ​ចូល​រួម​ជាមួយ Real Madrid។ នេះ​បើ​តាម​សម្ដី​អតីត​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់ លោក Matthias Sammer។

លោក Sammer បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Sport Blid ថា៖ "តាម​ពិត​ទៅ មាន​ការ​សម្រេច​ចិត្ត​ពី​អតីត​កាល​ខ្លះ តម្រូវ​ឲ្យ​យើង​យក​មក​គិត​វិភាគ​ឡើង​វិញ។ យើង​មិន​អាច​ដឹង​ទេ​ថា បើ​ទុក Toni Kroos ទៅ តើ​ពាន​ Champions League ប៉ុន្មាន​ទៀត ដែល​ក្លឹប​អាច​ឈ្នះ ឬ​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ហ្នឹង​ប៉ុន្មាន​ដង​ទៀត​ដែល​ក្លឹប​អាច​នឹង​លេង"។

អតីត​ប្រធាន​ផ្នែក​កីឡា​រូប​នេះ បន្ត៖ "ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ វា​ពិត​ជា​កំហុស​មួយ​យ៉ាង​ធំ​ដែល​ក្លឹប Bayern បណ្ដោយ​ឲ្យ​គេ​ចាក​ចេញ។ ពិត​ណាស់​ថា ការ​ចាក​ចេញ​របស់​គេ មិន​ធ្វើ​ឲ្យ Bayern រង្គោះរង្គើ ឬ​ធ្លាក់​ទម្រង់​លេង​អ្វី​ទេ ប៉ុន្តែ​បើ​អ្នក​ឯង​សួរ​ខ្ញុំថា តើការ​សម្រេច​ចិត្ត​ក្នុង​ការ​ឲ្យ​គេ​ចេញ​ហ្នឹង​ត្រូវ​ ឬ​ខុស ខ្ញុំ​អាច​និយាយ​ច្បាស់​ៗ​បាន​ថា គឺ​ខុស"។

Bayern Munich បាន​ធ្វើ​ការ​លក់​ខ្សែ​បម្រើ Toni Kroos ទៅ​ក្លឹប Real Madrid ក្នុង​តម្លៃ​ប្រមាណ ៣០​លាន​អឺរ៉ូ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​ ២០១៤។ តាំង​ពី​ពេល​នោះ​មក កីឡាករ​អាល្លឺម៉ង់​បាន​អភិវឌ្ឍ​ទម្រង់​លេង​ខ្លួន​ខ្លាំង​មែន​ទែន រហូត​ត្រូវ​បាន​មតិ​ជា​ច្រើន​ក្នុង​ពិភព​បាល់​ទាត់​ចាត់​ទុក​ជា​ខ្សែ​បម្រើ​មួយ​រូប​ក្នុង​ចំណោម​ខ្សែ​បម្រើ​ល្អ​បំផុត​លើ​លោក។

តាំង​ពី​ចាក​ចេញ​ពី​ក្លឹប​អាល្លឺម៉ង់ Kroos ឈ្នះ​ពាន Champions League ២​ដង​ហើយ​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ។

ថ្លែង​ពី Bayern វិញ ក្លឹប​យក្ស​អឺរ៉ុប​មួយ​នេះ មិន​បាន​ឈ្នះ ឬ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ម្ដង​ណា​ឡើយ តាំង​ពី​ឆ្នាំ ២០១៣​មក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី