Henry ប្រាប់​ Neymar ចំៗ ឲ្យ​ប្ដូរ​អាជីព បើ​សិន​ជា​ចង់​ប្រជែង​ឈ្នះ Messi

  • 2018-02-21 12:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​វីរបុរស​ Arsenal អតីត​ខ្សែ​ប្រយុទ្ធ Thierry Henry ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ចំៗ​ថា បើ​សិន​ជា Neymar ចង់​ចាក​ចេញ​ពី​ស្រមោល​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi កីឡាករ​ប្រេស៊ីល​គួរ​ប្ដូរ​អាជីព​ទៅ​កីឡា​ផ្សេង​ក្រៅ​ពី​បាល់ទាត់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ​ល្បី​ឈ្មោះ Marca។

Henry បាន​និយាយ​ថា៖ "ខ្ញុំ​មិន​សូវ​ជឿ​ជាក់​ទេ​ថា មូល​ហេតុ​ដែល Neymar ចាក​ចេញ​ពី Barcelona គឺ​ដើម្បី​ចាក​ចេញ​ពី​ស្រមោល​របស់​ Messi នោះ"។

បន្ទាប់​ពី​ថ្លែង​បែប​នេះ អតីត​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ បន្ត៖ "ការ​ពិត​គឺ​ថា កីឡាករ​បាល់ទាត់​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ស្រមោល​របស់ Messi។ ដូច្នេះ​បើ​សិន​ជា Neymar មិន​ចង់​ស្ថិត​ក្នុង​ស្រមោល​មួយ​នេះ គេ​គួរ​គិត​ប្ដូរ​អាជីព​ទៅ​កីឡាផ្សេង​ក្រៅ​ពី​បាល់ទាត់"។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​មុន ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar បាន​ធ្វើ​ការ​ចាក​ចេញ​ពី Barcelona មក​ចូល​រួម​ជាមួយ PSG ក្នុង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ ២២២​លាន​អឺរ៉ូ (ប្រមាណ ២៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក)។

ការ​ចាក​ចេញ​នេះ ត្រូវ​បាន​មតិ​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់​យល់​ថា គឺ​ជា​ចេតនា​របស់​កីឡាករ​ប្រេស៊ីល ក្នុង​ការ​ចាក​ចេញ​ពី​ស្រមោល​របស់​កីឡាករ​អាហ្សង់ទីន។

ទាំង Neymar និង Messi សុទ្ធ​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ ក្នុង​រដូវ​កាល​នេះ។ រហូត​មក​ទល់​ពេល​នេះ កីឡាករ​ប្រេស៊ីល​ស៊ុត​ចូល​ ២៦​គ្រាប់ ខណៈ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​វិញ​រក​បាន ២៨​គ្រាប់​ហើយ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី