រឿងសាមញ្ញទាំង ១០ គួរ​ជៀសវាង បើមិនចង់មានផលវិបាកថ្ងៃក្រោយ

  • 2018-02-22 03:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន តែង​មើល​រំលង​រឿង​សាមញ្ញ​មួយ​ចំនួន​ដែល​គិត​ថា​វា​មិន​សំខាន់។ ប៉ុន្តែ ពួក​គេ​មិន​បាន​ដឹង​ទេ​ថា រឿង​សាមញ្ញ​ខ្លះ​អាច​នឹង​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​នៅ​ថ្ងៃ​ក្រោយ។

ខាង​ក្រោម​នេះ គឺ​ជា​រឿង​សាមញ្ញ​ទាំង ១០ គួរ​ជៀសវាង បើ​មិន​ចង់​មាន​ផល​វិបាក​ថ្ងៃ​ក្រោយ ៖

១. ទម្លាប់​កុហកពីរឿងតូចៗ

មនុស្ស​មួយ​ចំនួន ហេតុ​តែ​ចង់​ឲ្យ​គេ​មើល​មក​ថា​ខ្លួន​ល្អ សុខ​ចិត្ត​កុហក​អំពី​រឿង​រ៉ាវ​តូច​ៗ​ដើម្បី​បិត​បាំង​ភាព​អាក្រក់។ ប៉ុន្តែ ការ​ពិត​នឹង​ត្រូវ​លាត​ត្រដាង​នៅ​ថ្ងៃ​ណា​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​បាត់​បង់​ទំនុក​ចិត្ត និង​មិន​ចង់​រាប់​រក។

២. ទម្លាប់​បន្ទោស​អ្នក​ដទៃ

នៅ​ពេល​ដែល​យើង​ទម្លាក់​កំហុស​ទៅ​លើ​នរណា​ម្នាក់ នោះ​មាន​ន័យ​ថា​យើង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​ឯង​នោះ​ទេ។ វា​គឺ​ជា​ការ​ទម្លាក់​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ឲ្យ​ទៅ​អ្នក​ដទៃ។ ការ​ធ្វើ​ដូចនេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​នៅ​ថ្ងៃ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​កំហុស​កាន់​តែ​ច្រើន​ឡើង​ៗ។

៣. ទម្លាប់​លាក់​បាំង​អារម្មណ៍​ពិត

នៅ​ពេល​ដែល​យើង​លាក់​អារម្មណ៍​ពិត វា​មាន​ន័យ​ថា​យើង​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​វា​ចេញ​មក​ក្រៅ។ ហេតុ​ផល​អាច​មាន​ខុស​ៗ​គ្នា ប៉ុន្តែ​ដើម្បី​រស់​នៅ​ដោយ​មាន​ក្ដី​សុខ អ្នក​ត្រូវ​តែ​ព្យាយាម​បោះបង់​វា​ចោល និង​បង្ហាញ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​។

៤. ទម្លាប់ប្រឹងប្រែងហួសហេតុពេក រហូតដល់​យឺតពេល

នៅ​ពេល​ដែល​យើង​ព្យាយាម​តស៊ូ​នឹង​ភាព​លំបាក​តែ​ម្នាក់​ឯង​យ៉ាង​យូរ ថ្ងៃ​ណា​មួយ​វា​នឹង​ផ្ទុះ​ឡើង ហើយ​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន។ ដូច្នេះ បើ​អ្នក​គិត​ថា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​លំបាក​ខ្លាំង ចូរ​ពិចារណា​ម្ដង​ទៀត ឬ​បោះបង់​វា​ចោល​តែ​ម្ដង។

៥. ទម្លាប់​រអ៊ូ​រទាំ និង​ខឹង​ច្រើន

មនុស្ស​មួយ​ចំនួន តែង​តែ​មិន​ពេញ​ចិត្ត​ជាមួយ​អ្វី​ជុំវិញ​ខ្លួន​ពួក​គេ។ ការ​ធ្វើ​ទំនាក់​ទំនង​ណា​មួយ​ជា​មួយ​មនុស្ស​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​យើង​ចង់​ដើរ​ចេញ​ភ្លាម​ៗ មិន​ចង់​និយាយ​រក​ទៀត។ ប្រសិន​បើ​អ្នក​មាន​ទម្លាប់​នេះ ចូរ​បោះ​បង់​វា​ចោល​ភ្លាម ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

៦. ទម្លាប់​ចាយ​វាយ​ហួស​ប្រមាណ

ប្រសិន​បើ​យើង​ចាយ​វាយ​ច្រើន​ហួស​ប្រមាណ មាន​ន័យ​ថា​យើង​កំពុង​នាំ​ខ្លួន​ឯង​ទៅ​រក​បញ្ហា​ធំ​នៅ​ថ្ងៃ​មុខ។ វា​ជា​ការ​ប្រសើរ​ណាស់ ដែល​អ្នក​គួរ​តែ​ថ្លឹង​ថ្លែង​ពី​ចំណូល​របស់​អ្នក មុន​នឹង​សម្រេច​ចិត្ត​ទិញ​អ្វី​មួយ។ លើស​ពី​នេះ​ទៀត អ្នក​គួរ​តែ​ស្វែង​រក​ជម្រើស​ណា​មួយ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផ្ទាល់​ខ្លួន ជា​ជាង​ទៅ​ខ្ចី​លុយ​អ្នក​ដទៃ។

៧. ទម្លាប់​ប្រកែក

នៅ​ពេល​ដែល​អ្នក តែង​តែ​ជំទាស់​ជាមួយ​គំនិត​អ្នក​ដទៃ មិន​យូរ​មិន​ឆាប់​ពួកគេ​នឹង​ចាក​ចេញ​ពី​អ្នក​ម្ដង​មួយ​ៗ។ យ៉ាង​ណា​មិញ បើ​ទោះ​បី​ជា​គំនិត​របស់​អ្នក​ត្រូវ​ក៏​ដោយ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ពួក​គេ​មិន​អាច​បញ្ចេញ​គំនិត​របស់​ខ្លួន​បាន​នោះ​ទេ។

៨. ទម្លាប់​និយម​ភាព​ឥតខ្ចោះពេក

ភាព​ល្អ​ឥត​ខ្ចោះ គឺ​ជារឿង​ល្អ ប៉ុន្តែ​វា​ក៏​ផ្ដល់​ផល​វិបាក​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ទោរ​ទន់​ទៅ​រក​វា​ខ្លាំង​ពេក។ ដូច្នេះ​ហើយ អ្នក​ត្រូវ​រៀន​សម្រេច​ចិត្ត​ថា​អ្វី​ដែល​កំពុង​ធ្វើ គឺ​ល្អ​ឬ​មិន​ល្អ។

៩. ទម្លាប់​បណ្ដែតបណ្ដោយ​ពេល​វេលា

នៅ​ពេល​ដែល​អ្នក បណ្ដែតបណ្ដោយ​ជីវិត​ទៅ​តាម​ពេល​វេលា នោះ​វា​នឹង​កន្លង​ផុត​ទៅ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​។ ដូច្នេះ​ហើយ អ្នក​គួរ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ និង​ប្រើ​ប្រាស់​ពេល​វេលា​​ឲ្យ​បាន​ត្រឹម​ត្រូវ។

១០. ទម្លាប់​លះបង់​ហួស​ហេតុ

ប្រសិន​បើ​យើង​តែង​តែ មិន​ផ្ដល់​តម្លៃ​ដល់​​តម្រូវ​ការ​ផ្ទាល់​ខ្លួន នោះ​អ្នក​ដទៃ​នឹង​មិន​ផ្ដល់​តម្លៃ​ដល់​យើង​ផង​ដែរ។ វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​ផ្ទាល់​ខ្លួន និង​ការ​គោរព​ពី​អ្នក​ដទៃ។ ដូចនេះ អ្នក​គួរ​តែ​ចាប់​ផ្តើម​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​អ្នក​ដទៃ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន