តាម​ទាន់​បាន​ដឹង! តារា​កម្ពុជា​៤​រូប ​​ជាប់​ពាក់ព័ន្ធ​​នឹង​អាស្រូវគ្រឿង​ញៀន

  • 2018-02-22 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឿង​ញៀន​គឺ​បញ្ហា​ដ៏​រ៉ាំរ៉ៃ​មួយ​ក្នុង​សង្គម​ មិន​ថា​កម្ពុជា​ ឬ​ប្រទេស​ធំៗ​​ណា​ឡើយ​ជុំ​វិញ​ពិភព​លោក។ ករណី​​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន គឺ​ជា​​​ប្រធាន​បទ​ក្ដៅ​បំផុត​​សម្រាប់​សង្គម​ខ្មែរ​ ហើយ​វា​ក៏​​បាន​ចាក់​ឬស​​ជា​មួយ​សិល្បករ​មួយ​ចំនួន​ដែរ​ក្នុង​ប្រទេស​ដែល​សម្បូរ​ដោយ​វប្បធម៌​មួយ​នេះ។

១ សាន ផានិត

ក្រោយ​មាន​ព្យុះ​ព័ត៌មាន​អាស្រូវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​លើ​ខ្លួន​តារា​ចម្រៀង​លោក សាន ផានិត បាន​​បកស្រាយ​ពី​បញ្ហា​នេះ​ ជាមួយ​ Sabay ថា​ជា​ការ​ពិត។

លោក​រៀបរាប់​​ថា លោក​ពិត​ជា​ធ្លាប់​​​ជា​ជន​រងគ្រោះ​នៃ​ថ្នាំ​ញៀន​មែន។ ចំពោះ​មូលហេតុ​រុញ​ជីវិត​ឲ្យ​ធ្លាក់​ចុះ​ដូច្នេះ គឺ​មក​ពី​ការ​សេព​គប់​មិត្តភ័ក្ដិ​ខុស ទើប​ធ្វើ​ឲ្យ​ជីវិត​ធ្លាក់​ចុះ​ដុនដាប ​រហូត​ដល់​ដើរ​រក​អ្នក​ស្គាល់​សុំ​ប្រាក់​ពី​គេ​ ដើម្បី​ចម្អែត​ក្រពះ​មួយ​ពេល​ៗ។

យ៉ាង​ណា​ក្ដី លោក សាន ផានិត បាន​ភ្ញាក់​ខ្លួន និង​​​រក​ឃើញ​ពន្លឺ​ជីវិត​ជា​ថ្មី​ ហើយ​​អាច​សាង​សង្គម​គ្រួសារ បង្កើត​មុខរបរ និង​ជំនួញ​ថ្មី​ដើម្បី​កសាង​ជីវភាព។​

២ ថៃ នរៈពិទូ

នៅ​រសៀល​​ថ្ងៃ​១០​មករា ឆ្នាំ​២០១៧ តារាសម្តែង ​ថៃ នរៈពិទូ និង​ភរិយា ព្រម​ទាំង​គូ​កន​​៤​នាក់​ទៀត ​ត្រូវ​បាន​​ប៉ូលិស​ខេត្ត​បាត់​ដំបង​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ នឹង​ករណី​ជួញ​ដូរ​ថ្នាំញៀន។

ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ ខារ៉ា​អូខេ​មួយ​កន្លែង​យីហោ​ ដឺសោន ហ្វាមីលី (The Sound Family KTV) បន្ទប់​លេខ២ ដោយ​រក​ឃើញ​ថា ពួកគេប្រើប្រាស់​រក្សា​ទុក និង​ជួញដូរ​​​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន។ បទ​ល្មើស​នេះ​ជា​ទោស​​​ប្រឈម​​ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ ២ឆ្នាំ ​ដូច​ដែល​​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។​

៣ អ៊ុំ គន្ធា

អតីត​តារា​ចម្រៀង យ៉េយ៉េ អ្នកនាង អ៊ុំ គន្ធា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ ពាក់​ព័ន្ធ​នឹង​ករណី​សេព​គ្រឿង​ញៀន ខណៈ​ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬស្សីកែវ និង​អាវុធហត្ថ​ខណ្ឌ ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះមួយ​កន្លែង លួច​លាក់​បង្កប់​ទូ​ហ្គេម​បាញ់​ត្រី​ កាល​ពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧​កន្លង​ទៅ នៅ​លើ​ផ្លូវ​២៧៣ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខ​ណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំ​ពេញ។

ក្រោយ​មក​​អតីត​តារា​ស្រី​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​​ដោះ​លែង​វិញ​ភ្លាម ​ក្រោយ​បាន​បញ្ជាក់​ថា អ្នកនាង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​​នោះ​ទេ។ កាល​ដែល​ចាប់​នេះ ​ត្បិត​ដោយសារ​ពេល​ក្រុម​សមត្ថកិច្ច​កំពុង​ធ្វើ​ការ បាន​ប្រទះ​វត្ត​មាន​អ្នក​នាង​ នៅ​ក្បែរ​ ក៏​ធ្វើឲ្យ​មាន​ការ​យល់​ច្រឡំ​តែ​ម្ដង។

យ៉ាង​នេះ​ក្ដី អតីត​តារា​ចម្រៀង អ្នកនាង អ៊ុំ គន្ធា កន្លង​មក​​ធ្លាប់​ត្រូវ​​ម្ដាយ​នាំ​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ម្ដង​ហើយ អ្នក​នាង​អុក​ឡុក​ក្នុង​ផ្ទះ ដោយសារតែ​គ្រឿង​ញៀន​ធ្វើ​ទុក្ខ។​ ក្រៅ​ពី​ញៀន​ថ្នាំ​ នាង​ត្រូវ​បាន​គេ​ដឹង​ថា កំពុងតែ​ផ្ទុក​មេ​រោគ​អេដស៍​ផង​ដែរ។

៤ ប៊ុត សីហា

ម្ចាស់​ពាន​រង្វាន់ The Voice Cambodia រដូវ​កាល​ទី១ លោក ប៊ុត សីហា ត្រូវ​បាន​គេ​រាយការណ៍​ថា​ លោក​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នា​រសៀលថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៨នេះ នៅ​ម្តុំ​វត្ត​ស្លែង។ ការណ៍​នេះ​ ត្រូវ​បាន​នាយ​ឧត្ដម​សេនីយ៍​ ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​បន្ទុក​ផែន​ការ​គ្រឿង​ញៀន​បញ្ជាក់​ថា​​ កម្លាំង​នគរបាល​របស់​លោក​ ពិត​ជា​បាន​ចាប់​ខ្លួន​តារា​ចម្រៀង​រូប​នេះ​ប្រាកដ​មែន។​

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង ខណៈ លោក ប៊ុត សីហា កំពុង​ទិញ​គ្រឿងញៀន​ដើម្បី​ជក់​ នៅមុខ​បឋម​សិក្សា​ពង​ទឹក​ សង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ ករណី​នេះ តារា​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ​តម្រូវឲ្យ​​​ក្រុម​គ្រួសារ​​មក​ធានា​​យក​ទៅ​ផ្ទះ​ដើម្បី​អប់រំ​ និង​បន្សាប​​គ្រឿង​ញៀន។

យ៉ាង​ណា​មិញ​ព្រឹក​ថ្ងៃ​២២​កុម្ភៈ​នេះ ​ភាគី​ហង្សមាស​ដែល​ជា​ជម្រក​​របស់ ប៊ុត សីហា បាន​ចេញ​ប្រតិកម្ម​តាម​រយៈ​ការ​ផ្សាយ​ព័ត៌មាន ក្រោម​​ការ​អធិប្បាយ​ពី​​លោក​ មាស រិទ្ធី ថា ប៊ុត សីហា ត្រូវ​បាន​ក្រុមហ៊ុន​ផ្អាក​ការងារ​ជា​យូរ​មក​ហើយ​ ត្បិត​លោក​គឺ​​ជា​បុគ្គល​​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ស្ថាប័ន​​ ដោយ​សកម្មភាព​​ឆ្មើង​ឆ្នៃ​ មិន​គោរព​ពេល​វេលា ថែម​ទាំង​ធ្លាប់​រត់​​ចោល​ការងារ​មួយ​ចំនួន ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ខាត​បង់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ត្រូវ​បាន​ចាប់​ថ្នាក់​ថា​មាន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​តាំង​ពី​មិន​ទាន់ជាប់​ជា​ជយលាភី​មក​ម្ល៉េះ៕​​

អត្ថបទ៖ សុខណា