លើកនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា យករឿងព្រេងបុរាណខ្មែរតាំងពីឆ្នាំ១៩៦០ មកបង្ហាញ

  • 2018-02-22 09:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និសីទមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៨នេះ បញ្ជាក់ច្បាស់ហើយថា ភាពយន្តខ្មែរដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៦០ គឺរឿង «ពុទ្ធិសែននាងកង្រី» ដែលផលិតដោយលោកព្រឹទ្ធាចារ្យ លី ប៊ុនយីម នឹងចាក់បង្ហាញជាលើកទីមួយ ជាមួយនឹងការច្នៃពណ៌ និងសំឡេងជាថ្មី នេះបើតាមការបញ្ជាក់របស់ លោក Cedric Eloy នាយកគ្រប់គ្រងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។

លោក Cedric Eloy

ភាពយន្តខ្មែរដែលផលិតក្នុងសម័យថ្មី ដូចជារឿង «**សេ្តចកន**» ដែលដឹកនាំដោយ ឯកឧត្តម **ម៉ៅ អាយុទ្ធ** និងរឿង «**ធ្មប់**» ដែលដឹកនាំ និងផលិតដោយ លោក ហ៊ុយ យ៉ាឡេង ក៏មានវត្តមានក្នុងមហោស្រពភាពយន្តអន្តរជាតិនេះដែរ។ លោ ហ៊ុយ យ៉ាឡេង ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងដែរថា ៖ «នេះខាង CIFF (មហោស្រពភាពយន្តអន្តរជាតិកម្ពុជា) គេទើបតែប្រាប់ភ្លាមៗដែរ ថាសុំរឿង «ធ្មប់» ដាក់បង្ហាញក្នុងមហោស្រពនេះ ចឹងខ្ញុំក៏ពន្យារពេលទៅកំពង់ចាមមកទីនេះសិន...»។

លោ ហ៊ុយ យ៉ាឡេង

ក្រៅពីនោះក៏មានភាពយន្តខ្មែរពីររឿងទៀត ដូចជារឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយអ្នកស្រី Angelina Jolie ក៏មានវត្តមានក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាដែរ ជាមួយនឹង ភាពយន្តថ្មីមួយទៀត ដែលមានចំណងជើងថា «The Path» របស់លោក Jeanne Labrune ជាភាពយន្តខ្នាតធំរបស់ប្រទេសបារាំង ថតទាំងស្រុងក្នុងប្រទេសកម្ពុជា នឹងបញ្ចាំងជាលើកដំបូងក្នុងមហោស្រពនេះដែរ។

សកម្មភាពសន្និសីទមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

លើសពីនោះ ក្នុងរយៈពេល៦ថ្ងៃនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៨ ដែលនឹងប្រារព្ធចាប់ពីថ្ងៃ ៥ ខែ រហូតដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៨ នឹងចាក់បញ្ចាំងភាពយន្តល្បីៗរបស់អន្តរជាតិ សរុបចំនួន ១៣០ ចំណងជើង មកពី ៥១ប្រទេស។ ក្នុងពេលបើកមហោស្រព សមិទ្ធិករភាពយន្ត ៧០នាក់ មកពី ១៦ប្រទេស នឹងចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ថែមទាំងមានការរៀបចំកម្មវិធីឆ្លងឆ្លើយពិភាក្សាអំពីភាពយន្តថែមទៀតផង ដើម្បីចែករំលែកបទពិសោធន៍នៃការផលិតភាពយន្តតាមប្រទេសនីមួយៗ។

ផលិតករ និងអ្នកគាំទ្រមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

សម្រាប់យុវជន និងគ្រប់គ្នាដែលចង់ស្វែងយល់ពីភាពយន្តរបស់ខ្មែរយើង និងពិភពលោកខាងក្រៅ គួរចំណាយពេលវេលានេះដើម្បីស្វែងយល់ និងសិក្សាបន្ថែម ពិសេសរីករាយនឹងទស្សនាយភាពប្លែកៗតាមរយៈភាពយន្តជម្រើសៗរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះតែម្តង៕

កម្មវិធីលម្អិត និងព័ត៌មានបន្ថែម ប្រិយមិត្តអាច ចូលទៅកាន់គេហទំព័រ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

និងទំព័រហ្វេសប៊ុកផ្លូវការ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

អត្ថបទ៖ Sunny