រឿង​ទាំង​នេះ បញ្ជាក់ឲ្យ​​អ្នក​គួរ​តែ​អបអរ​ ពេល​ឃើញ​មិត្ត ឬ​នរណា​ម្នាក់​ជោគជ័យ ជា​ជាង​ច្រណែន

  • 2018-02-22 14:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជោគជ័យ​របស់​បុគ្គល​មួយ​រូប​ ដូច​ជា​ ការ​ឡើង​តំណែង និង​ការ​ឡើង​ប្រាក់​បៀវត្ស​ជា​ដើម អាច​ជា​រឿង​មិន​សប្បាយ​ចិត្ត​របស់​បុគ្គល​មួយ​ចំនួន​ទៀត ភាគច្រើនដោយ​សារ​តែ​រោគ​មួយ​ដែល​លោក​អ្នក​ភាគ​ច្រើន​ហៅ​ថា ការ​ច្រណែន។ ទោះ​ជា​យ៉ាង​ណា បើ​តាម​អ្នក​ជំនាញ​សុខាភិបាល​សាធារណៈ លោក​ស្រី Najma Khorrami យល់​ថា​ផ្នត់​គំនិត​ដែល​ច្រណែន​បែប​នេះ​មិន​គួរ​ត្រូវ​បាន​បណ្ដោយ​ឲ្យ​កើត​មាន​ឡើយ។ បន្ថែម​ពី​លើ​នេះ អ្នក​ស្រី​ក៏​បាន​ផ្ដល់​ហេតុផល​ចំនួន ៤ ទាក់​ទិន​នឹង ហេតុ​អី​បាន​ជា​បុគ្គល​គ្រប់​រូប គួរ​តែ​អបអរ​ពេល​ឃើញ​អ្នក​ដទៃ​ជោគជ័យ។

ហេតុ​ផល​ទាំង​ ៤នោះ មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖

១.ហេតុផល​សុខភាព៖ នៅ​ពេល​លោក​អ្នក​អបអរ​នឹង​ជោគជ័យ​របស់​អ្នក​ដទៃ គឺ​អារម្មណ៍​ទាំង​ហ្នឹង​ជួយ​ឲ្យ​លោក​អ្នក​មាន​ទស្សនៈ​វិជ្ជមាន សុទិដ្ឋិនិយម និង រីករាយ ហើយ​នៅ​ពេល​ដែល​មាន​អារម្មណ៍​ស្រស់​ថ្លា​បែប​នេះ ធ្វើ​ឲ្យ​សុខភាព​លោក​អ្នក​ក៏​ល្អ​តាម​ហ្នឹង។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​របស់​សហរដ្ឋអាមេរិក Harvard បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី នៅ​ពេល​មាន​អារម្មណ៍​សុទិដ្ឋិនិយម អារម្មណ៍​នេះ​អាច​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា​ជំងឺ​បេះ​ដូង​ជា​ដើម។

២.ការ​បង្កើត​ឱកាស​៖ នៅ​ពេល​លោក​អ្នក លឺ​អ្នក​ជិត​ស្និទ្ធ​របស់​ខ្លួន​បាន​ជោគជ័យ​ សូម​កុំ​អាក់​អន់​ស្រពន់​ចិត្ត​ ឬ​ច្រណែន​។ សូម​អ្នក​គិត​ថា ការ​ជោគជ័យ​នេះ​ផ្ដល់​ឱកាស​ទៅ​ឲ្យ​លោក​អ្នក​វិញ។ ឧទាហរណ៍​ នៅ​ពេល​អ្នក​ជិត​ស្និទ្ធ​លោក​អ្នក​បាន​ការ​ងារ​ក្នុង​ក្រុមហ៊ុន​ល្អ​ធ្វើ ជា​ជាង​យក​ពេល​ទៅ​ច្រណែន លោក​អ្នក​អាច​គិត​ថា ជោគជ័យ​របស់​ពួក​គេ អាច​បើក​វិថី​ជោគ​ជ័យ​សម្រាប់​លោក​អ្នក ដូច​ជា​ អ្នក​អាច​ស្គាល់​ពី​ក្រុមហ៊ុន​ហ្នឹង​ច្បាស់​ជាង​មុន ឬ​អាច​កសាង​បណ្ដាញ​ការងារ​ជាមួយ​ពួក​គេ។

៣.ការ​រឹត​ចំណង​នៃ​ការ​ទំនាក់ទំនង៖ ការ​អបអរ​ជោគជ័យ​អ្នក​ដទៃ អាច​ជួយ​ឲ្យ​លោក​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ពួក​គេ។ ការ​អបអរ​ពេល​អ្នក​ដទៃ​ជោគជ័យ​នេះ ក៏​អាច​ជា​វិធី​មួយ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ចំណង​ទាក់ទង​គ្នា​ស្ថិតស្ថេរ​បាន​យូរ។ ការ​ចង​មិត្ត​ច្បាស់​ណាស់​ ល្អ​ជា​ជាង​ការ​ចង​សត្រូវ។

៤.ការ​បណ្ដុះ​ឆន្ទៈ៖ បើ​តាម​គំនិត​អ្នក​ស្រី Khorrami ការ​ទទួល​ស្គាល់ ឬ​អបអរ​ការ​ជោគជ័យ​របស់​អ្នក​ដទៃ​​អាច​ជួយ​បណ្ដុះ​ឆន្ទៈ​របស់​លោក​អ្នក​ឲ្យ​ខិត​ខំ​ត​ទៅ​មុខ​ទៀត។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ច្រណែន​អ្នក​ដទៃ អ្នក​ស្រី​គិត​ថា វា​ធ្វើ​ឲ្យ​លោក​អ្នក​ថយ​ឆន្ទៈ​ក្នុង​ការ​ពុះពារ​បំពេញ​ភារកិច្ច​របស់​លោក​អ្នក​ទៅ​វិញ ដោយ​សារ​លោក​អ្នក​បាន​ប្រើ​ពេល​វេលា​មួយ​ចំណែក​ដ៏​មាន​តម្លៃ គិត​លើ​ផ្លូវ​អវិជ្ជមានរួច​ស្រេច​ទៅ​ហើយ៕

ប្រភព៖ success   អត្ថបទ៖ សេរី មង្គល