គ្រូ​វិសាខា ​ផ្ដាំ​ទៅ​កូន​ក្រុម​១​ឃ្លា ​ក្រោយ​ពី​ឈ្នះ​ជាប់​ៗ​គ្នា​ពេក

  • 2018-02-23 01:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហុក សុជីវ័ន ​គ្រូ​បង្វឹក​របស់​ក្រុម​វិសាខា ​បាន​ផ្ដាំ​ទៅ​កូន​ក្រុម​ទាំង​អស់​ថា​ការ​ឈ្នះ​ក្នុង​ប្រកួត​មិត្តភាព​អាច​ត្រឹម​ឱ្យ​រីករាយ​ប៉ុណ្ណោះ ​មិន​អាច​ភ្លេច​ខ្លួន ​មាន​អំនួត​នោះ​ទេ ​ព្រោះ​ការ​ប្រកួត​ផ្លូវ​ការ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ។

ម​ចំណូល​ថ្មី​ដែល​ល្បី​ថា​ចាយ​លុយ​មិន​ស្ដាយ ​វិសាខា ​កំពុង​តែ​មាន​ទម្រង់​លេង​ល្អ​មែនទែន ​ដោយ​ការ​ប្រកួត​៨​ប្រកួត​កន្លង​មក ពួកគេ​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ​ទេ។ ដោយ​៨​ប្រកួត​ទាំង​អស់​នោះ​រួម​មាន ឈ្នះ​អាស៊ី​អឺរ៉ុប ​២-០ ឈ្នះ​អគ្គិសនី​កម្ពុជា ​៣-០ ​ឈ្នះ​ក្រុម​ថៃ Trat FC ​២-០ ​ស្មើ​ក្រុម Chanthaburi FC ​២-២ ​ឈ្នះ​ក្រុម​ជម្រើស​ខេត្ត​កោះកុង ៣-២ ​ឈ្នះ​ក្រុម​អង្គរ​ថៃហ្គ័រ ៣-០ ​ឈ្នះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៥-១ ​និង​ឈ្នះ​វេស្ទើន​៣-២។

ទន្ទឹម​ទៅ​នឹង​ការ​ឈ្នះ ​មិន​ទាន់​ស្គាល់​​បរាជ័យ​នេះ​ដែរ ​លោក​ ហុក សុជីវ័ន ​គ្រូ​បង្វឹក​របស់​ក្រុម​វិសាខា​បាន​ផ្ដាំ​ទៅ​កូន​ក្រុម​ទាំង​អស់​ថា​៖ “ទាំង​នេះ​គ្រាន់​តែ​ជា​លទ្ធផល​កន្លង​មក​ដែល​អាច​ឱ្យ​យើង​សប្បាយ​រីករាយ ​តែ​យើង​មិន​អាច​រីករាយ​រហូត​ដល់​ភ្លេច​ខ្លួន​ មាន​អំនួត​ក្នុង​ខ្លួន​នោះ​ទេ​ ខ្ញុំ​គ្រាន់​តែ​ក្រើន​រំលឹក​ដល់​អ្នក​ទាំងអស់​គ្នា​ថា អ្វី​ៗ​វា​មិន​ទាន់​ចាប់​ផ្តើម​នោះ​ទេ ​សូម​អ្នក​ទាំង​អស់​គ្នា​ប្រឹង​ប្រែង​បន្ត​ទៀត​ ពាក្យ​ថា​ជា​កីឡាករ​បាល់ទាត់​ គឺ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ពាក្យ​មួយ​ថា​ ​មិន​ចេះ​គ្រប់​គ្រាន់​ ត្រូវ​ការ​បំពេញ​បន្ថែម​រហូត​មិន​ចេះ​ចប់”។

វិសាខា ​ជា​ក្លឹប​ឡើង​លេង​លីគ​កំពូល​កម្ពុជា ក្រោយ​ពី​ពួកគេ​យក​បាន​លេខ​១​ក្នុង​លីគ​លំដាប់​ទី​២​កាល​ពី​រដូវ​កាល​មុន។ ​ក្រុម​ចំណូល​ថ្មី​មួយ​នេះ ​បាន​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន ក្រោយ​ពី​ចុះ​កុងត្រា​យក​កីឡាករ​កូរ៉េ​ខាង​ជើង​៤​នាក់​ពី​ក្រសួង​ការពារ​ជាតិ ​និង​ថែម​កូរ៉េ​ខាង​ជើង​ម្នាក់​ទៀត​ដើម្បី​បង្គ្រប់​៥​នាក់​សម្រាប់​កីឡាករ​បរទេស។ ខណៈ​ដែល​លីគ​កំពូល​កម្ពុជា​វិញ ​នឹង​ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ ​ដោយ​មាន​ក្រុម​ចូល​រួម​១២​ក្រុម​៕

អត្ថបទ៖ មុន្នីរម្យ