CL និង​ EXO នឹង​បង្ហាញ​ខ្លួនជាពិសេសក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា

  • 2018-02-23 05:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង​ព្យុងឆាង​ឆ្នាំ​ ២០១៨​ ដំណើរ​ការ​មក​ គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសា​ ដោយ​ចង់​ឃើញ​វត្តមាន​តារា​ចម្រៀង​ CL និង​ EXO សម្ដែង​ក្នុង​ពិធី​បិទ​ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​ ២៥​ ខែ​កុម្ភៈ​ខាង​មុខ។

CL

ប៉ុស្តិ៍​ទូរទស្សន៍​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​បាន​ បង្ហាញ​ពី​សកម្មភាព​ហាត់​សម​របស់​អ្នក​ដែល​ត្រូវ​សម្ដែង​ក្នុង​កម្មវិធី​ធំ​ ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ភាព​រីករាយ​ជា​ខ្លាំង​ពេល​ក្រឡេក​ឃើញ​ CL និង​ EXO ក្នុង​នោះ​ដែរ។

EXO

បើតាម​អ្វី​ដែល​បាន​បង្ហាញ​ ឃើញ​ថា​ EXO កំពុង​ហាត់​សម​រាំ​យ៉ាង​ស្វាហាប់​ ដោយ​លើក​យក​បទ​ដ៏​ល្បី​ "Growl” មក​សម្ដែង ខណៈ​ CL ឈរ​លើ​ឆាក​ដ៏​អស្ចារ្យ​ ស្រែក​ច្រៀង​បទ​ចម្រៀង​របស់​ក្រុម 2NE1 "I Am The Best”។

ទស្សនាវីដេអូខ្លី​នៃ​សកម្មភាពហាត់សម៖

ក្នុង​បទ​សម្ភាសន៍​ CL និង​ EXO បាន​បង្ហាញ​អារម្មណ៍​ថា​ ខ្លួន​ពិត​ជា​មាន​កិត្តិយស​បំផុត​ដែល​បាន​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ព្រឹត្តិការណ៍​បិទ​ កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​ ២០១៨​នេះ។​ ជាមួយ​គ្នា​​នោះ​ តារា​ល្បី​ទាំង​ ២ នឹង​ប្រឹង​សម្ដែង​ឲ្យ​អស់​ពី​សកមត្ថភាព​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​ ជា​ប្រវត្តិសាស្ត្រ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ EXO ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​ពិធី​បិទ​នេះ​ ដោយសារ​ក្រុម​នេះ​បង្កើត​ឡើង​ ជា​តំណាង​នៃ​អំណាច​ពិសេស​ដែល​បាន​មក​ពី​ភព​ផ្សេង។ ហេតុ​នេះ​ហើយ​ទើប​ អូឡាំពិក​សម្រេច​ថា​ ជា​ការ​ស័ក្ដិ​សម ប្រសិន​យក​ EXO មក​សម្ដែង​ ព្រោះ​អត្ថន័យ​របស់​ក្រុម​ ត្រូវគ្នា​ខ្លាំង​ជាមួយ​ប្រធានបទ​កម្មវិធី​បទ "Next Wave”។

ចំណែក​ CL វិញ​ ក៏​ជា​តារា​ដ៏​ស័ក្ដិសម​បំផុត​ដែរ​សម្រាប់​កម្មវិធី​ ព្រោះ​នាង​ជា​តារា​ស្រី​ដែល​មាន​ភាព​អស្ចារ្យ​ជាង​គេ​ក្នុង​ចំណោម​តារា​ផ្សេង​ទៀត​ ដែល​តែង​ផ្សង​ព្រេង​ទៅ​ពិភព​សិល្បៈ​អន្តរជាតិ​ និង​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក។

ប៉ុន្តែ​ក្នុង​នោះ​ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ក្រៅ​ពី CL និង​ EXO ក៏​នៅ​មាន​តារា​ផ្សេង​ទៀត​ចូល​រួម​ដែរ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី