ផ្អែក​លើ​កត្តា​៣​នេះ​ តើ​ ធឿន ធារ៉ា​ អាច​ប្រឡូក​គ្រប់​សង្វៀន​​ថៃ​បាន​ទេ?​

  • 2018-02-24 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា​ ធឿន​ ធារ៉ា​​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ម្នាក់​គត់​របស់​កម្ពុជា​ដែល​កំពុង​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​។ រូប​គេ​នៅ​​ក្មេង​ និង​បទ​ពិសោធ​តិច​ ប៉ុន្តែ​​ផ្អែក​លើ​កត្តា​៣​ខាង​ក្រោម​ រូប​គេ​​អាច​ប្រឡូក​ក្នុង​​ពិភព​ប្រដាល់​​នៅ​ប្រទេស​ថៃ​ និង​​បណ្តា​ប្រទេស​ផ្សេង​ៗ​​នា​ពេល​បច្ចុប្បន្ន​នេះ។

ធឿន ធារ៉ា វ៉ៃ​នៅ​ស្រុក​ខ្មែរ

អាវុធ​សម្លាប់​ដៃ​គូ​ ធឿន ធារ៉ា​​​មាន​ស្នៀត​ប្រកួត​បាន​ល្អ​​ចម្រុះ​តែ​ម្តង។ ​ការ​ប្រើ​កែង​របស់​គេ​ពិត​ជា​មាន​ប្រសិទ្ធភាព​ និង​ក្លាយ​ជា​អាវុធ​ដ៏​សំខាន់​បំផុត​រូប​គេ​ដើម្បី​ផ្តួល​ដៃ​គូ​ប្រកួត។ ការ​ប្រើ​កែង​របស់​គេ​ឃើញ​មាន​២​ក្បាច់​គឺ​​​វាយ​កែង​ចេញ​ពី​ចម្ងាយ​ដែល​​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ដឹង​មុន​ និង​ការ​ប្រើ​កែង​​បាន​ល្អ​ទាំង​ពីរ​វាយ​គាស់​​​លើ​គ្រាម​របស់​ដៃ​គូ​ពេល​ឱប​គ្នា។ អាវុធ​សំខាន់​​មួយ​ទៀត​គឺ​កណ្តាប់​ដៃ​ដែល​រូប​គេ​អាច​ចេញ​បាន​យ៉ាង​ល្អ និង​មាន​ទម្ងន់​ថែម​ទៀត។ ចំណែង​ជង្គង់ ​ទាត់​ និង​ធាក់​ក៏​ជា​​ផ្នែក​ដ៏​សំខាន់​សម្រាប់​រូប​គេ​ក្នុង​ការ​វាយ​លុក​ផង​ដែរ។​​​

បទ​ពិសោធ​ មែន​ទែន​ទៅ​ អ្នក​គាំទ្រ​កម្ពុជា​ចាប់​អារម្មណ៍​រូប​គេ​​ខ្លាំង​នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​​លេច​មុខ​វ៉ៃ​នៅ​លើ​ទឹក​ដី​ថៃ​​ ប៉ុន្តែ​តាម​ពិត​រូប​គេ​ក៏​ធ្លាប់​​វ៉ៃ​នៅ​កម្ពុជា​តាំង​ពី​មុន​ល្បី​នៅ​ថៃ​ម្ល៉េះ។ ធារ៉ា​ធ្លាប់​ប្រាប់​ថា​ រូប​គេ​​​ធ្លាប់​វ៉ៃ​បាន​២៦​ដង​ ឈ្នះ​២៤​ ស្មើ​១​ និង​ចាញ់​១។ ក្នុង​ចំណោម​ប្រកួត​ទាំង​អស់​រូប​គេ​ធ្លាប់​វ៉ៃ​នៅ​សង្វៀន​ Max Muay Thai បាន​៩​ដង​​ដោយ​ឈ្នះ​​៧​ ស្មើ​១​ និង​ចាញ់​១។ យ៉ាង​ណា​ បើ​តាម​ស្ថិតិ​របស់​ Max Muay Thai បង្ហាញ​ថា រូប​គេ​ធ្លាប់​វ៉ៃ​៦៤​គឺ​ឈ្នះ​​៤៦​ ស្មើ​១​ និង​ចាញ់​១៦។

ទោះ​ជា​បទ​ពិសោធ​លើ​សង្វៀន​តិច​ បើ​ប្រៀបធៀប​នឹង​កីឡាករ​ល្បី​ៗ​ផ្សេង​ទៀត​ ប៉ុន្តែ​​ភាគ​ច្រើន​ជា​ការ​ប្រកួត​អន្តរជាតិ​​ និង​កម្មវិធី​ធំ​ៗ។ ជាក់​ស្តែង​​នៅ​ទឹក​ដី​ថៃ​ រូប​គេ​វ៉ៃ​​តាំង​ពី​គូ​ធម្មតា​រហូត​​ក្លាយ​ជា​គូ​ពិសេស​ និង​​ក្លាយ​ជា​គូ​ឯក​ថែម​ទៀត​ ដូច្នេះ​មាន​ន័យ​ថា បទ​ពិសោធ​លើ​សង្វៀន​ និង​​ស្មារតី​ឡើង​សង្វៀន​ធំ​ៗ​ រូប​គេ​​ជោកជាំ​ហើយ។

កាយសម្បទា​ ធឿន​ ធារ៉ា​ អាយុ​ទើប​១៨​ឆ្នាំ​ ប៉ុន្តែ​មាន​កម្ពស់​​១.៧៥​ម៉ែត្រ​ និង​ទម្ងន់​៧០​គីឡូក្រាម។ តាម​រយៈ​កម្ពស់​ និង​ទម្ងន់​នេះ​​ពិត​ណាស់​ កីឡាករ​កម្ពុជា​រូប​នេះ​​​សំបូរ​ដៃ​​​គូ​ជា​ជើង​ខ្លាំង​ច្រើន​ដូច​កីឡាករ​ថៃ​ ចិន​ កីឡាករ​នៅ​អាស៊ី​ និង​​​កីឡាករ​មក​ពី​តំបន់​អឺរ៉ុប​ដែល​សុទ្ធ​តែ​អាច​វ៉ៃ​បាន។ កីឡាករ​ដែល​សម្បុរ​ស្រអែម​នេះ​​មាន​កាយ​សម្បទា​​ល្អ​ណាស់​​ពោល​គឺ​ដៃ​ជើង​​ធំ​ៗ​ និង​រាង​កាយ​មាំ​មួន​​ដែល​ស័ក្ដិសម​ជា​កីឡាករ​ប្រដាល់​បំផុត។​

ទោះ​បី​ជា​យ៉ាង​ណា​ អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា​ ធឿន ធារ៉ា​​​​​នៅ​មិន​ទាន់​មាន​គោល​ជំហរ​ល្អ​គ្រប់​លក្ខណៈ​ឡើយ។ ជា​ទូទៅ​ រូប​គេ​ព្យាយាម​ចូល​វ៉ៃ​ និង​ប្រើ​កម្លាំង​កាយ​ច្រើន​​ជាង​ការ​ប្រើ​ល្បិច​កល់​​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដៃ​គូ​ងាយ​​កាច់​ផ្តួល​ ដូច្នេះ​រូប​គេ​ត្រូវ​ព្យាយាម​ពង្រឹង​គោល​ជំហរ​របស់​ខ្លួន៕ ​

ធឿន ធារ៉ា ជា​ជើង​ខ្លាំង​កម្ពុជា​
ធឿន ធារ៉ា ពេល​វ៉ៃ​នៅ​ថៃ (រូបថត៖ Max Mauy Thai)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម