ការចែក និងផ្ដល់ស្រោមអនាម័យទាំង២លើកនៅកម្ពុជា ល្បីកក្រើកមិនចាញ់គ្នា

  • 2018-02-23 09:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​ចុង​ឆ្នាំ​២០១៧ ការ​ផ្ដល់​ស្រោម​អនាម័យ​នៅ​កម្ពុជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ បាន​ធ្វើ​ឡើង​ចំនួន​២​លើក​ហើយ ដើម្បី​ដើម្បី​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​អេដស៍​នៅ​កម្ពុជា និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន។ ខាង​ក្រោម​នេះ​ជា​ចែក និងផ្ដល់​ស្រោម​អនាម័យ​ទាំង​ពីរ​លើក​នោះ៖ ​

១. ចិន​ផ្ដល់​ស្រោម​អនាម័យ​ជាង​កន្លះ​លាន​ស្រោម​ជា​ជំនួយ​ឥត​សំណង

កាល​ពី​ម្សិល​មិញ​នេះ រដ្ឋាភិបាល​ចិន បាន​ផ្ដល់​​ស្រោម​អនាម័យ ៦សែនស្រោម ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរាលដាល​ជំងឺអេដស៍។  ពិធីប្រគល់ និង​ទទួល​ស្រោមអនាម័យ​ទាំង ៦សែនស្រោម បានធ្វើឡើង រវាង​លោកទេសរដ្ឋមន្រ្ដី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និងតំណាងស្ថានទូតចិន ប្រចាំកម្ពុជា។

រូបតំណាង

លោក អៀង មូលី បានលើកឡើងថា ស្រោមអនាម័យទាំង ៦សែន​ស្រោម ដែល​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​ចិន​នេះ នឹង​ត្រូវ​​បែងចែកទៅ​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅ​តាម រាជធានី-ខេត្ត ទាំង ២៥ នៅទូទាំង​ប្រទេស​កម្ពុជា។ ស្រោមអនាម័យ​ទាំងនេះ ក៏​នឹង​ត្រូវ​យកទៅអប់រំ​ផ្សព្វផ្សាយ និងចែកចាយ ទៅដល់ក្រុម​គោលដៅ ដែលកំពុង​ប្រឈមនឹងការឆ្លងរាលដាល​នៃមេរោគអេដស៍​ផងដែរ។

២. ការ​ចែក​ស្រោម​អនាម័យ​ឥត​គិត​ថ្លៃ​ជាង​៣​ម៉ឺន​ស្រោម​កាល​ពី​ឆ្នាំ​២០១៧

ស្រោម​អនាម័យ​ជាង​៣​ម៉ឺន​ នឹង​ធ្វើ​ការ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​​ឆ្នាំ​២០១៧ និង​ធ្វើ​ឲ្យ​មាន​ចាប់​អារម្មណ៍​ខ្លាំង​មិន​ធម្មតា​ឡើយ មាន​ទាំង​ការ​គាំទ្រ និង​ការ​រិះគន់។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​រៀប​ចំ​យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​ក្នុង​ពិធី​បុណ្យ​ជាតិ​មួយ​នេះ ក្រោម​ហេតុផល​ថា អប់រំ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ និង​សារ​អប់រំ​មេរោគ​អេដស៍ ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​ដ៏​ពិសេស​នោះ។

រូបតំណាង

ចំណែក​ឯ​ការ​ចែក​ស្រោម​អនាម័យ​នោះ បាន​ធ្វើឡើង​នៅ​តាម​សួនច្បារ តំបន់​កោះពេជ្រ កន្លែង​ក្រុម​កីឡា​អុំទូក​ស្នាក់​នៅ និង​តំបន់​មាត់​ទន្លេ​ត្រើយ​ខាង​លិច ដែល​មាន​មនុស្ស​ច្រើន​កុះករ​មក​លេង​កម្សាន្ត។

សូម​ជម្រាប​ជូន​ថា អត្រា​ឆ្លង​ជំងឺ​អេដស៍​ថ្មី​នៅ​កម្ពុជា​បាន​ថយ​ចុះ​ពី ១០០​នាក់​នៅ​ឆ្នាំ១៩៩៨ មក​នៅ​ត្រឹម ៣​នាក់ នៅ​ឆ្នាំ​២០១០ និង​បន្ត​ថយចុះ​នៅ​សល់ ២​នាក់ នៅ​ឆ្នាំ​២០១៦។ ទោះជា​យ៉ាង​ណា តាម​ការ​ប៉ាន់ស្មាន​បច្ចុប្បន្ន​នេះ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ចំនួន ៧២០០០​នាក់។ ក្នុង​នោះ អ្នក​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱកាស​ប្រឆាំង​នឹង​មេរោគ​អេដស៍​ មាន​ចំនួន ៥៧០០០​នាក់ ឬ​ស្មើ​នឹង ៧៥​ភាគរយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍៕​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម