ការសិក្សា​មួយ​បង្ហាញ​ថា មនុស្ស​ភ្លេច​ច្រើន មាន​ប្រាជ្ញា​ខ្ពស់

  • 2018-02-25 08:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​យល់​ថា​អ្នក​កំពុង​ភ្លេច​រឿង​ច្រើន ឬ មិន​ចាំ​សូម្បី​ទើប​ទុក​របស់​នៅ​កន្លែង​ណាៗ?

អ្នក​អាច​មាន​អារម្មណ៍​មិន​ល្អ ឬ ប្រហែល​ជា​ស្តី​បន្ទោស​ដល់​ខ្លួន​ឯង​ទៀត​ទៅ​នឹង​ភាព​កម្សោយ​ដោយ​គ្រាន់​តែ​ចងចាំ​រឿង​តិច​តួច​សោះ​ក៏​ធ្វើ​មិន​បាន។ តែ​ការ​សិក្សា​មួយ​អាច​ជា​ដំណឹង​ល្អ ថា​ខួរ​ក្បាល​អ្នក​មិន​អន់​ដូច​ការ​គិត​របស់​អ្នក​ទេ។

ការ​សិក្សា​ថ្មី​មួយ ដែល​បាន​ចុះ​ផ្សាយ​ដោយ Indy100 របស់​សារព័ត៌មាន The Independent ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​បង្ហាញ​ថា​ មនុស្ស​ភ្លេច​ច្រើន មាន​ប្រាជ្ញា​ខ្ពស់

​Paul Frankland និង Blake Richards នៃ​សាកលវិទ្យាល័យ​តូរ៉ុនតូ​ (University of Toronto) ប្រទេស​កាណាដា បាន​ធ្វើ​ការសិក្សា​នេះ​ហើយ​បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ព្យាយាម​ចងចាំ​អ្វី​គ្រប់​យ៉ាង​ តែងតែ​មាន​ការ​ពិបាកក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ធំៗ។

​ក្នុង​បទសម្ភាសន៍​ទូរទស្សន៍ CNN ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក Richards បាន​និយាយ​ថា "វា​ជា​រឿង​សំខាន់​ ដែល​ខួរ​ក្បាល​មនុស្ស​ភ្លេច​ព័ត៌មាន​លំអិត​ ដែល​មិន​ទាក់ទង ហើយ​វា​នឹង​អាច​ជួយ​ឲ្យ​គេ​អាច​ផ្តោត​​លើ​ការ​សំរេចចិត្ត​នានា​ក្នុង​ពិភព​ជាក់ស្តែង"។

វិធី​ម្យ៉ាង​ទៀត​ដើម្បី​បកស្រាយ​ការ​រក​ឃើញ​នេះ គឺ​ថា​ "ការ​ប្រកួត​ប្រជែង​ទិន្នន័យ"។ បាន​ន័យ​ថា​ប្រសិន​បើ​អ្នក​ព្យាយាម​រក្សា​ព័ត៌មាន​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​​បាត់បង់​ការ​ផ្តោត​អារម្មណ៍។ ប្រភព​ខាង​លើ​បន្ត។

ការ​សន្និដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ទិន្នន័យ ស្តីពី ការ​បាត់បង់​ការ​ចងចាំ និង សកម្មភាព​ខួរក្បាល របស់​មនុស្ស និង សត្វ។

ការ​សិក្សា​ដដែល​បាន​​រក​ឃើញ​ថា​​នៅ​ពេល​ដែល​មនុស្ស​មិន​ព្យាយាម​ចងចាំ​រឿងរ៉ាវ​ចាស់ៗ​ច្រើន​ពេក នោះ​ខួរ​ក្បាល​មនុស្ស​នឹង​មាន​ឃ្លាំង​គ្រប់គ្រាន់​ដើម្បី​ផ្ទុក​ព័ត៌មាន​ថ្មី​​ ហើយ​អាច​ឲ្យ​គេ​​មាន​សក្ដានុពល​ក្នុង​ការ​សំយោគ​គំនិត​ថ្មី ផ្អែក​លើ​ការ​ចងចាំ​របស់​ខ្លួន ដើម្បី​បត់បែន​ទៅ​នឹង​ស្ថានភាព​ថ្មីៗ បាន​លឿន និង ​ឆាប់រហ័ស៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី