កីឡាករ​ថ្លៃ​បំផុត​របស់ Man City ប៊ិះ​ចាប់​អាជីព​បាល់អោប កុំ​បាន​ឪពុក​ឃាត់​ទាន់

  • 2018-03-11 03:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aymeric Laporte ទើប​បាន​ចុះ​កុងត្រា​ជាមួយ Man City កាល​ពី​ខែ​មុន​ពី​ក្លឹប Athletic Bilbao តម្លៃ ៥៧ លាន​ផោន (ប្រហែល​ជិត ៨០ លាន​ដុល្លារ) ជា​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប​ មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester ។

​ខ្សែ​ការពារ​រួប​នេះ​មាន​ឪពុក​ជា​អ្នក​លេង​បាល់អោប​ដ៏​ឆ្នើម​ម្នាក់។ កើត​នៅ​​ភាគ​ខាងត្បួង​ប្រទេស​បារាំង ជា​កន្លែង​ដែល​មាន​សក្តានុពល​ខាង​កីឡា​បាល់អោប ប៉ុន្តែ​​លោក Lionel ដែល​ជា​ឪពុក​បាន​ប្រាប់​ទៅ​កូន​ប្រុស​ថា បាល់អោប​ជា​កីឡា​ឈឺ​ខ្លួន។ ដូច្នោះ​ហើយ កីឡាករ​កម្ពស់ ១,៩១ ម៉ែត្រ​បាន​ផ្តោត​លើ​កីឡា​បាល់ទាត់​កាល​ពី​កុមារភាព​នៅ​សាលា​រៀន។

រាត្រី​នេះ កីឡាករ​សញ្ជាតិ​បារាំង​នឹង​ចូល​រួម​ជាមួយ​ក្រុម​ផ្ទៃមេឃ ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup ​ជាមួយ​កាំភ្លើង​ធំ​ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​ឲ្យ​អ្នកស្រុក Agen ប្រទេស​បារាំង​របស់​លោក ដែល​ល្បី​ខាង​បាល់អោប ហើយ​នៅ​ពេល​នេះ​ពួកគេ​មាន Laporte ដែល​ជា​វីរបុរស​បាល់ទាត់។

បើ​តាម Dailymail មូលហេតុ​ដែល Pep Guardiola ហ៊ាន​ចាយ​ធំ​លើ​កីឡា​វ័យក្មេង​រូប​នេះ គឺ ក្រៅ​ពី​កាយសម្បទា​មាំមួន និង កម្លាំង Laporte ​វ័យ​២៣​ឆ្នាំ​ត្រូវ​បាន​​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​មើល​ឃើញ​ពី​សក្តានុពល​ ដែល​អាច​គាំ​ទ្រ​ក្លឹប​​នៅ​តំបន់​កណ្តាល ហើយ​អាច​លេង​​បាល់​ដេញ​ពី​​ក្រោម​ទៅ ដូច​កាល​ដែល​ធ្លាប់​បណ្តុះ Gerard Pique នៅ Barcelona។ ក្រៅ​ពីនេះ ប្រភេទកីឡាករដែល លោក Guardiola ទិញ​ ត្រូវ​ល្អ​ទាំង​ល្បឿន និង សមត្ថភាព​ឆក់​បាល់ ក្នុង​នោះ​​មាន​ដូចជា៖ Ilkay Gundogan, Leroy Sane, Gabriel Jesus, Kyle Walker និង Bernardo Silva៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត