១បទ​នេះអ្នកគាំទ្រ​ច្រើន​នាក់​ថត​ឲ្យ ខេមរៈ សិរីមន្ត មិន​យក​ប្រាក់

  • 2018-02-26 02:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ុល​សម្រាប់​រដូវ​ចូល​ឆ្នាំ របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ចេញ​ថត​បណ្ដើរ​ហើយ។ បទ​ចម្រៀង​១បទ​ក្នុង​ចំណោម​បទ​ចម្រៀង​ជា​ច្រើន​បទ ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ហៅ​ថា ​​Fans ទៅ​ចូលរួម​ជួយ​ថត​ឲ្យ មិន​គិត​ប្រាក់​សូម្បី​តែ​១រៀល។ នេះ​បើ​តាម​ការ​​បង្ហើប​ឲ្យ​ដឹង​ពី លោក ឆន សំណាង ដែល​ជា​​ Fans ម្នាក់​របស់​តារា​ចម្រៀង​រូប​នេះ ដែល​បាន​ទៅ​ចូល​រួម​ថត​ជា​មួយ។

ការ​ថត​ MV ​​បទ​ចម្រៀង​ខាង​លើ​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នៅ​ឯ​តំបន់​ភ្នំ​បាសិត ប៉ុន្តែ​ចំណង​ជើង​នៃ​បទ​ចម្រៀង មិន​ត្រូវ​​បាន​ទម្លាយ​ឲ្យ​ដឹង​​ឡើយ គ្រាន់​តែ​ដឹង​ថា បទ​ចម្រៀង​នោះ ជា​ប្រភេទ​បទ​កន្ទ្រឹម មាន​លាយ​ភ្លេង​ឆៃយ៉ាំ​ជា​ដើម។

Fans ផ្កាប់មុខ​របស់​តារា​ចម្រៀង​​ល្បី​ឈ្មោះ​ខាង​លើ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​របស់​ខ្លួន​​បាន​ចុះ​ទៅ​ជួយ​ថត​នោះ​មាន​​គ្នា​ទាំង​អស់​​ជាង​១០នាក់ ហើយ​ពួក​គេ​គឺ​​សុទ្ធតែ​ជា ​Fans ដែល​មាន​ភាពស្និទ្ធស្នាល​បំផុតជា​មួយ ​លោក ខេមរៈ សិរីមន្ត។

ទោះបី​ជា​ការ​ថត​របស់​​ពួក​គេមិន​បាន​គិត​តម្លៃ​ខ្លួន ហើយ​មាន​ទីតាំង​ឆ្ងាយ​ពី​ក្រុង​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​គាំទ្រ មិន​បាន​អាក់អន់ស្រពន់ចិត្ត​​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​​គេ​បែរ​ជា​​គិត​ថា នៅ​ពេល​ដែល​បាន​ថត​ជា​មួយ​កំពូល​តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​បែប​នេះ គឺ​ពិត​ជា​សប្បាយ​ចិត្ត និង​មាន​កិត្តិយស​​បំផុត ត្បិត​អី​កន្លង​មក ​Idol របស់​ខ្លួន​មិន​ងាយ​នឹង​យក​Fans មក​ថត​ជា​មួយ​ឡើយ។

តាម​ការ​បង្ហើប​ពី ​Fans រូប​នេះ លោក ខេមរៈ សិរីមន្ត អាច​មាន​បទ​ចម្រៀង​៥ទៅ៦​បទ ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ បច្ចុប្បន្ន​ក្រុម​ការងារ​ក្នុង​ផលិតកម្ម​កំពុងតែ​សម្រុក​ថត​ខ្លាំង​ណាស់ ដើម្បី​ចេញ​ឲ្យ​ទាន់​នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម