ត្រឹមវ័យ២២ឆ្នាំ បុស្បា​ សត្យា​លីវ​អាន មានជំនាញសិល្បៈរាប់ភ្លេច

  • 2018-02-27 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​មហោរី​ បាសាក់​ ​យីកេ​ ភ្លេង​ខ្មែរ​បុរាណ កំណាព្យ ចម្រៀង​សម័យ​ ជា​សមត្ថ​ភាព​ ដែល​នៅ​ក្នុង​ខ្លួន​តារា​ចម្រៀង​វ័យ​ក្មេង​ បុស្បា​ សត្យា​លីវ​អាន ។

​ជា​មនុស្ស​ម្នាក់​ដែល​មាន​ជំនក់​ចិត្ត​ និង​ស្រលាញ់​អា​ជីព​ជា​អ្នក​ចម្រៀង​តាំង​ពី​វ័យ​ក្មេងមក​ បុស្បា​ សត្យា​លីវ​អាន បាន​ប្រាប់​ Sabay ថា​ ​ដំបូង​ឡើយ​លោក​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ សម័យ​ម្នាក់​ ប៉ុន្តែ​ដោយ​សារ​ ឪពុក​របស់​លោក​ស្រឡាញ់​ចម្រៀង​បុរាណ​ក៏​បញ្ជូន​ខ្លួន​​ឲ្យ​ទៅ​ហាត់​ច្រៀង​នៅ​ក្នុង​​ក្លឹប​សិល្បៈ​បុរាណ​មួយ តាំង​ពី​លោក​អាយុ១០​ឆ្នាំ​។ អាច​មក​ពី​លោក​មាន​សំឡេង​ល្អ​ជាប់​មក​ពី​កំណើត បើ​ទោះ​ជា​មិនសូវ​ មាន​និស័្សយ​ចម្រៀង​បុរាណ ក៏​លោក​នៅ​តែ​អាច​ធ្វើ​បាន​។

សត្យា​លីវ​អាន ហាត់​ច្រៀង​នៅ​ក្នុង​​ក្លឹប​

«ពីក្មេង​ខ្ញុំ​ចូល​ចិត្ត​ការ​ច្រៀង​ចម្រៀង​សម័យ​ទេ ​តែ​ដោយ​សារ​ប៉ា​របស់​ខ្ញុំ​គាត់​ចូល​ចិត្ត​ចម្រៀង​បុរាណ​គាត់​ឲ្យ​ខ្ញុំ​ទៅ​ហាត់​ចម្រៀង​បុរាណ​ ​ពេល​គាត់​ដឹង​ថា​ខ្ញុំ​ចូល​ចិត្ត​ច្រៀង។ ការ​ហាត់​លំបាក​តែ​ខ្ញុំ​ខំរៀន​ទៅ​​ក៏​មាន​ភាព​ប្រសើរ​ឡើង​វិញ​»។ លោក​ប្រាប់។ ក្នុង​​ឆ្នាំ​ ២០១១ បុស្បា​ សត្យា​លីវ​អាន បាន​ជាប់​ជយលាភី​លេខ​១​ក្នុង​កម្ម​វិធី​ប្រឡង​ចម្រៀង​ "មរត​វប្បធម៌​ខ្មែរ"​។

សត្យា​លីវ​អាន និង​ក្រុម​គ្រួសារ

​ក្រោយ​ពី ទទួល​បាន​ជយ​លាភី​ហើយ​ កំលោះ​សង្ហា​រូប​នេះ​បាន​ បង្ហាញ​វត្ថ​មាន​ក្នុង​កម្ម​វិធី​ បុណ្យ​ជាតិ​និង​ព្រឹត្តិការណ៍ ជាតិ​ជាច្រើន​ដោយ​សម្ដែង​ចម្រៀង​បុរាណ​។ លីវ​អាន​​ បាន​បន្ត​ថា៖ «ផ្នែក​ចម្រៀង​បុរាណ​ខ្ញុំ​អាច​ច្រៀង​បាន​ជា​ច្រើន​ទម្រង់ ខ្ញុំ​អាច​ច្រៀង ចម្រៀង​មហោរី​ បាសាក់​ ​យីកេ​ ភ្លេង​ខ្មែរ​បុរាណ កំណាព្យ ចម្រៀង​សម័យ​ ខ្ញុំ​អត់​ចេះ​តែ​ស្មូត ទេ​បង! មក​ពី​គ្មាន​គ្រូ​បង្រៀន តែ​ខ្ញុំ​ក៏​ចង់​រៀន​ដែរ»។

ក្រោម​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​ តារា​ចម្រៀង​ប្រ​ចាំ​ផលិត​កម្ម​ M ​រូប​នេះ មិន​ត្រឹម​តែ​មាន​សំឡេង​ពីរោះ​នោះ​ទេ​តែ​លោក​ក៏​​ជា​មនុស្ស​ម្នាក់​ដែល​អាច​តែង​និពន្ធ​បាន​ទៀត​ផង​។ ម្ចាស់​បទ "អូន​ខ្លាច​បាត់​បង​ បង​ខ្លាច​បាត់​បង​គេ​" បាន​បន្ត​ថា​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​អាច​ឈាន​ជើង​ចូល​ក្នុង​ផលិត​កម្ម​ នេះ​ដោយ​​សារ​លោក​តែង​ តែ​ច្រៀង​លេង​ក្នុង​ ហ្វេស​ប៊ុក​ ធ្វើ​ឲ្យ​ម្ចាស់​ផលិត​កម្ម​​ មើល​ឃើញ លោក​ក៏​​​បាន​ចូល​ច្រៀង​ក្នុង​ឆ្នាំ​២០១៦។

​​កំលោះ​សង្ហា បុស្បា​ សត្យា​លីវ​អាន ជា​អ្នក​ភ្នំ​ពេញ ដែល​មាន​ឪពុក ជា​មន្រ្តី​យោធា និង ម្តាយ​អ្នក​លក់​គ្រឿង​ចម្លាក់ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន ៣ នាក់ ស្រី​២នាក់​និង​ប្រុស​ម្នាក់​។

អ្នក​ចម្រៀង​ដ៏​មាន​សមត្ថ​ភាព​វ័យ ២២ឆ្នាំ​រូប​នេះ ក៏​អាច លេង​តន្រ្តី​ឧបករណ៍​បាន​ដូច​ជា​ ព្យាណូ និង ហ្គីតា​ ហើយ​​បច្ចុប្បន្ន​ក៏​ជា​​មន្រ្តីជាប់​ឈ្មោះ​បម្រើ​ការងារ​នៅ​ក្នុង​អគ្គនា​យក​ដ្ឋាន ពន្ធ​ដារផង​ដែរ៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធដោយ បុស្បា​ សត្យា​លីវ​អាន

អត្ថបទពេញនិយម