បើអត់កៅអី Champions League ទៀត Wenger ត្រៀមវេចបង្វេចចេញពី Arsenal
- 2018-02-27 03:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអត់កៅអី Champions League ទៀត Wenger ត្រៀមវេចបង្វេចចេញពី Arsenal
ចន្លោះមិនឃើញ
Arsenal ពិចារណាបណ្ដេញអ្នកចាត់ការចាស់វស្សាលោក Arsene Wenger ចេញពីតំណែងនៅចុងរដូវកាលក្រោយចាញ់ Manchester City ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ League Cup។
បុរសសញ្ជាតិបារាំងបានតកុងត្រា២ឆ្នាំក្រោយជួយក្លឹបឈ្នះ FA Cup កាលពីឆ្នាំមុនបន្ទាប់ពីយកឈ្នះ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាទម្រង់លេងរបស់កាំភ្លើងធំបានដាំក្បាលចុះខ្លាំងនៅរដូវកាលនេះ ជាក់ស្ដែងពួកគេធ្លាក់ចេញពី FA Cup, អស់ពាន League Cup និងឈរលេខ៦នៅ Premier League។
ឱកាសចុងក្រោយរបស់អ្នកចាត់ការវ័យ ៦៨ឆ្នាំ គឺពឹងលើពាន Europa League ដែល Arsenal ត្រូវប្រឈមមុខជាមួយ AC Milan វគ្គ១៦ក្រុម។ បើឈ្នះពានក្រុមមូលដ្ឋាននៅទីក្រុងឡុងនឹងបានលេង Champions League ដោយស្វ័យប្រវត្តិ ហើយកៅអី Wenger ក៏មិនរង្គោះរង្គើអ្វីដែរ តែបើធ្លាក់ចេញទៀតគឺជោគវាសនារបស់លោកនឹងដល់ទីបញ្ចប់ហើយ។
បុគ្គល៤រូបអាចឈានជើងទៅជំនួសកៅអីនៅ Arsenal ក្នុងករណីមានការរុះរើក្នុងនោះមាន លោក Leonardo Jardim របស់ Monaco, Joachim Low គ្រូបង្វឹកអាល្លឺម៉ង់, Brendan Rodgers របស់ Celtic និងអតីតកីឡាករ Arsenal លោក Mikel Arteta កំពុងធ្វើគ្រូជំនួយ Man City៕