ភាពយន្តបែបអាថ៌កំបាំងមួយនេះ ទម្រាំតែចេញ​ផ្សាយ តួសម្តែងចាំមើលឡើង៣ឆ្នាំ

  • 2018-02-28 03:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តអាថ៌កំបាំង «វិស្សមកាលចុងក្រោយ» ឬ Last Semester ត្រូវបានថតតាំងពីឆ្នាំ ២០១៥ ហើយភាពយន្តនេះ ធ្វើឱ្យទាំងអ្នកទស្សនា និងតួសម្តែងគ្រប់គ្នាគិតថាជារឿងពិត។

តួសម្តែងក្នុងរឿង «វិស្សមកាលចុងក្រោយ»

តួឯកប្រុសក្នុងរឿង «វិស្សមកាលចុងក្រោយ» លោក ប៊ន ឆ័រប៊ុត បានប្រាប់ឱ្យដឹងថា៖ «និយាយទៅអ្នកផលិតរឿងនេះគឺគេចង់បិទព័ត៌មានតែម្តង តាំងពីថតហើយមកជាង៣ឆ្នាំ ខ្ញុំក៏សង្ស័យដែរថា ប្រហែលជារឿងនេះថតហើយអត់ចេញរួចទេ»។

ជាតួឯកម្នាក់ទៀតក្នុងរឿង «វិស្សមកាលចុងក្រោយ» លោក រ៉ាន់ ក៏ប្រាប់ទៀតដែរថានេះជារឿងដំបូង ដែលខ្លួនសម្តែងជាតួឯក ហើយក៏មានមិត្តភ័ក្តសួរនាំអំពីរឿងនេះដូចគ្នាថា ពេលណាបានរឿងនេះចេញ? ហើយដល់ពេលរឿងនេះចេញ ក៏មានអ្នកមកសួរនាំដោយគិតថានេះជារឿងពិតឬ អត់?

តួ រ៉ាន់

តែជាក់ស្តែងនេះជារឿងប្រឌិត ដោយច្នៃតាមហេតុការណ៍មួយកើតក្នុងឆ្នាំ ២០១២ ជារឿងឃាតកម្មគិតទុកជាមុនក្នុងសាលារៀនមួយកន្លែង ហើយវាជាព័ត៌មានផ្តល់តាមរយៈសិស្សវិទ្យាល័យ ក្រោយមកក៏ត្រូវបាននិពន្ធឡើងជាសាច់រឿងបែបរន្ធត់ និងអាថ៌កំបាំងនេះ។ ម្យ៉ាងទៀតការរៀប​ចំឈុតឆាក និងបច្ចេកទេសថតភាពយន្តនេះ បាននាំអារម្មណ៍អ្នកទស្សនាឱ្យផ្តោតតាមសាច់រឿង ដែលហាក់ដូចជាវីដេអូបែកធ្លាយ ដែលបង្ហាញពីការពិតមួយរបស់សិស្សមួយក្រុមនោះ។

តួបូរី

កញ្ញា អានី ដែលដើរតួជាសិស្សស្រី ឈ្មោះ Aya ក្នុងរឿងក៏ប្រាប់ពីការថតរឿងនេះដែលថា វាជារឿងមួយប្លែក ហើយធ្វើឱ្យខ្លួនមានការភ្ញាក់ផ្អើលខ្លាំង ពីព្រោះពួកគេអត់ដឹងសាច់រឿងនេះមុនទេ។ អានី បន្តថា ៖ «គេរៀបចំតួម្នាក់ឱ្យចូលសម្ភាសន៍ និងពន្យល់ពីសាច់រឿងដែលត្រូវសម្តែង តែគេអត់ប្រាប់សាច់រឿងទាំងអស់ ហើយថាវាម៉េចៗទេ គេគ្រាន់តែឱ្យយើងធ្វើតាមស្ថានភាព ហើយពេលហ្នឹងគឺត្រូវសម្តែង និងលេងនឹងកាមេរ៉ាខ្លួនឯង»។ កញ្ញា អានី បន្តទៀតថា ឈុតឆាកនៅក្នុងរឿង ពិសេសការរៀបចំប្លង់ក្នុងរឿងគេរៀបចំដោយអត់ឱ្យតួទាំងអស់ដឹងទេ ហើយខ្លួនកញ្ញាផ្ទាល់ពេលថតចប់ក៏មិនដឹងថាសាច់រឿងចុងក្រោយយ៉ាងណាដែរ។

តួ អាយ៉ា

ភាពយន្តបែបអាថ៌កំបាំង នេះធ្វើឡើងក្នុងរយៈពេលមួយខ្លី និងប្រើប្រាស់ខ្ទង់ចំណាយតិចបំផុត ដើម្បីផលិតហើយភាពយន្តនេះ ក៏ទុកចោលជាយូរដែរហើយ ដោយធ្វើឱ្យទស្សនិកជនរង់ចាំទស្សនា និងផ្ញាក់ផ្អើលពេលបានទស្សនារឿងនេះ ព្រោះជារឿងបែបថ្មី និងបង្គប់អាថ៌កំបាំងជាច្រើនក្នុងផ្ទៃរឿង នេះបើតាមផលិតករ របស់សាច់រឿងនេះដែរសុំមិនបញ្ចេញឈ្មោះ៕

តួ បញ្ញា

អត្ថបទ៖ Sunny