រឿងបរទេស៣ ទទួលបានពាន និងជាប់ជម្រើសពិសេសក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

  • 2018-02-28 08:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ នេះនាំមកជូនភាពយន្តជម្រើសជាច្រើន ខាងក្រោមនេះ Sabay សូមបង្ហាញពីប្រវត្តិ និងសាច់រឿងពិសេសជាងគេ ៣ រឿងដែលទស្សនិកជនមិនគួររំលង។

១. រឿង «អ្នកម្តាយហ្វេលីស៊ីតេ» ផលិតដោយលោក អាឡេន ហ្គោមីស  ផលិតនៅសារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងឆ្នាំ២០១៧ និងមានរយៈពេល ១២៣នាទី។ «ហ្វេលីស៊ីតេ» ជាអ្នកចម្រៀងក្នុងបារ ក្នុងរដ្ឋធានីគីនសាហា ដែលជាពិភពនៃតន្រ្តីនិងក្តីសុបិន។ ដើម្បីព្យាបាលកូនប្រុសរបស់នាងដែលរងគ្រោះព្រោះគ្រោះថ្នាក់ចរាចរណ៍ នាងបានស្វះស្វែងរកលុយគ្រប់ច្រកល្ហកនិងតាមដងផ្លូវនានាក្នុងទីក្រុង។

នៅក្នុងវេលាដ៏ពិបាកនេះ នាងក៏បានជួបបុរសម្នាក់ឈ្មោះ ថាប៊ូ។ រឿង «អ្នកម្តាយហ្វេលីស៊ីតេ» ជាខ្សែភាពយន្តដែលទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តដ៏ធំនៅអាហ្រ្វិក Africa Movie Academy Award ក្នុងឆ្នាំ២០១៧។​ ហើយ ក៏ជាភាពយន្តមួយដែលជាប់ក្នុងជម្រើសទាំង៩នៃពានរង្វាន់អូស្កាឆ្នាំ២០១៨ ក្នុងផ្នែកភាពយន្តភាសាបរទេសដែលល្អជាងគេ។

២. រឿង «សំឡេងនៃភាពស្ងប់ស្ងាត់» ឬ Sound of silent ផលិតដោយលោក ប៊ូជូគូម៉ា ដាមូដារ៉ន់ ជាភាពយន្តឥណ្ឌា ផលិតក្នុងឆ្នាំ២០១៧ និងមាន ថេរៈវាលា ៨៧នាទី។ រឿងនេះនិយាយពីក្មេងប្រុសគម្នាក់ដែលម្តាយស្លាប់ក្រោយបង្កើតរូបគេ និង ត្រូវបានឪពុកបោះបង់ចោល។ ពេលឪពុកជាប់គុក គេមើលឃើញពីភាពឯកានិងភាពទទេរស្អាតនៃជីវិតនាពេលខាងមុខរបស់ខ្លួន។

ទំនាក់ទំនងរបស់គេនិងព្រះសង្ឃចំណាស់មួយអង្គ បានជួយគេឲ្យរម្ងាប់ភាពឈឺចាប់ និង ស្វែងរកទំនាក់ទំនងរវាងសត្វលោកនិងធម្មជាតិ។ រឿងនេះបង្ហាញពីការប្រយុទ្ធនៅក្នុងចិត្តដើម្បីសេចក្តីស្រឡាញ់។ រឿង «សំឡេងនៃភាពស្ងប់ស្ងាត់» ឬ Sound of silent ជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់ឥណ្ឌា ដែលបានចូលរួមនិងទទួលបានពានរង្វាន់ជាច្រើនពីមហោស្រពភាពយន្តអន្តរជាតិនៅជុំវិញពិភពលោកដូចជា កាណាដា អូស្រ្តាលី អ៊ីតាលី និង​អាមេរិកជាដើម។​

៣. រឿង «ហ៊ីរ៉ូស៊ីម៉ា» ជាស្នាដៃផលិតរបស់លោក ហៃដេអូ សេគីកាវ៉ា ជនជាតិជប៉ុន ដែលផលិតតាំងពីឆ្នាំ ១៩៥៣ មានរយៈពេល ១០៥នាទី។ រឿងនេះនិយាយពីការទម្លាក់គ្រាប់បែកបរិមាណូដំបូងបំផុតទៅលើ ទីក្រុងហ៊ីរ៉ូស៊ីមា ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ដែលបានសម្លាប់ជនស្លូតត្រង់ជាច្រើន និងបង្កភាពភ័យខ្លាច និង បញ្ហាប្រឈមសម្រាប់ជប៉ុន ក្រោយហេតុការណ៍នេះ។

ភាពយន្តដ៏កម្រនេះ មានការចូលរួមសម្តែងពីមនុស្សចំនួន៩ម៉ឺននាក់ ដែលពួកគេសុទ្ធតែជាជនរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនោះ។ រឿង «ហ៊ីរ៉ូស៊ីម៉ា» ឬ Hiroshimaជាភាពយន្តដែលទទួលបានពានរង្វាន់ខ្សែភាពយន្តវែងដ៏ល្អជាងគេបំផុត ក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ែឡាំង ឆ្នាំ១៩៥៥៕

អត្ថបទ៖ Sunny