កោតសរសើរបំផុត ពេលដឹងពីគំនិតដ៏អស្ចារ្យរបស់ស្ត្រីខ្មែរម្នាក់ ចំពោះសូត្រកម្ពុជា

  • 2018-02-28 02:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកស្រី តិច ស៊ីមហ៊ាង ​ជាស្ត្រីខ្មែរ​មួយរូប​ មានឆន្ទៈកសាង​ឯករាជ្យភាព​ខាងផ្នែក​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី​កម្ពុជា​ និងធ្វើឲ្យ​សិប្បកម្មត្បាញ​សូត្រខ្មែរ​រស់ឡើង​វិញ។ ​ការងារ​នេះជា​ដំណើរ​ផ្លូវវែង​ឆ្ងាយ​ ប៉ុន្តែ​លទ្ធផល​ទទួល​បាន​គឺ​សមទៅ​នឹង​ការ​ចំណាយ​កម្លាំង​កាយ​ចិត្ត​របស់​អ្នក​ស្រី​ រហូតក្លាយ​ជា​សមាគម​ទ្រទ្រង់​ស្ត្រី​តម្បាញ​ និង​អភិវឌ្ឍ​សូត្រ​ខ្មែរ​។​

ស្ត្រីមានបន្ទុកយ៉ាង​ច្រើន​ក្នុងគ្រួសារ​ តួយ៉ាង​កាព្វកិច្ចមើល​ខុស​​ត្រូវ​កូន ​និងផ្ទះ​សំបែង​ ស្ត្រី​ខ្លះ​ទៀត​ត្រូវ​បន្ថែម​ការងារ​ដើម្បី​រក​ចំណូល​បន្ថែម​។ ការ​កសាង​តម្លៃស្ត្រី​ក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​មិនមែន​ជារឿងងាយ​ស្រួល​នោះ​ឡើយ​ ព្រោះ​ត្រូវ​តស៊ូ​ជម្នះ​លើ​ជំនឿ​ចាក់ឫសចាក់គល់ និងផ្នត់គំនិតមនុស្សនៅ​ក្នុងសង្គម​ជាដើម​។​​

​​ជាក់​ស្ដែង​ ​សមាគម​ទ្រទ្រង់​ស្ត្រី​តម្បាញ​ និង​អភិវឌ្ឍ​សូត្រ​រនះ​​ កើតចេញ​ពីការតស៊ូ​របស់ស្ត្រីខ្មែរ​នៅតំបន់​កោះដាច់ ​ដែលតែង​តែជាប់​ដៃជាប់​ជើងនឹងការងារផ្ទះផង ​និងឆ្លៀត​រកប្រាក់​ចិញ្ចឹម​គ្រួសារផង។ ​ដើមចម​នេះ ​ធ្វើឲ្យ អ្នកស្រី តិច ស៊ីមហ៊ាង ​សម្រេច​ចិត្តតស៊ូ​បង្កើតជា​សមាគមស្ត្រីតម្បាញ​ និង​ដាក់​មហិច្ឆតា​កែប្រែតំបន់នេះ​ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​សូត្រ​មាស​ខ្មែរ​នៅ៥​ឆ្នាំក្រោយ​។

​ការចាប់​ផ្ដើមជំនួញ​មួយនេះ​ អ្នកស្រី តិច ស៊ីមហ៊ាង គ្រាន់​ជាអាជីវករ​ទិញ​លក់​សូត្រ​ធម្មតា​ ប៉ុន្តែ​ដោយសារ​ទីផ្សារ​ក្រៅប្រទេស​មានតម្រូវ​ខ្ពស់​ បានផ្លាស់ប្ដូរ​អ្នកស្រី​ពី​អាជីវករ ទៅ​ជាអ្នកផលិត​វិញ ៖ « ខ្ញុំមើល​ឃើញ​ថា ខ្ញុំ​អាច​ជួយដល់​សង្គមនិង​ស្ត្រីខ្មែរ​យើង...​សូត្រខ្មែរ​មិនត្រឹម​តែ​មាន​តម្លៃក្នុង​ស្រុកទេ​ ហើយ​មាន​សក្ដានុពល​នាំចេញទៅ​ក្រៅប្រទេស​ទៀត»។

សមាគមទ្រទ្រង់​ស្ត្រី​តម្បាញ​ និង​អភិវឌ្ឍ​សូត្រ​រនះ មានសមាជិក​សរុប​ ៨០នាក់ស្ថិតក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អ្នកស្រី តិច ស៊ីមហ៊ាង ត្រូវបាន​បោះ​ឆ្នោតឲ្យ​​ធ្វើ​ជាប្រធាន​កាលពី​ថ្ងៃទី​ ២៧ កុម្ភៈ ឆ្នាំ២០១៨ អ្នកស្រី ប្ដេជ្ញាថា នឹង​ធ្វើឲ្យតម្លៃ​សូត្រ​ខ្មែរកាន់តែ​ល្បី​មិនមែនត្រឹម​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ពោល​គឺ​ឈរ​លំដាប់​ឆាក​អន្តរជាតិ​។ ​បច្ចុប្បន្ន​ តម្លៃ​សូត្រ​ខ្មែរ ​អាចលក់​បានរហូត​ដល់ ១០០០ដុល្លារ​ក្នុង ១ក្បិន​ ហើយ​ប្រទេស​គាំទ្រខ្លាំង​បំផុតគឺ​ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការ​អះអាង​របស់​អ្នកស្រី​ ស៊ីមហ៊ាង​៕​

អត្ថបទ៖ ស៊ិន សាវ៉េត