សមាគមសាលាត្រាជូ ធ្វើបាឋកថាដ៏ពិសេស មានប្រយោជន៍មិនធម្មតាក្នុងវិស័យច្បាប់កម្ពុជា

  • 2018-02-28 03:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច សមាគម​សាលាត្រាជូ បានអញ្ជើញ លោកបណ្ឌិត ឆាយ ហុកផេង ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​បារាំង មកឧទ្ទេសបាឋកថាសាធារណៈ ក្រោមប្រធានបទ « ចៅក្រម ចំកណ្ដាល»។ បាឋកថា​សាធារណៈ​នេះ​ទទួល​បាន​ការ​គាំទ្​រដោយ ក្រសួងអប់រំ យុវជន និងកីឡា ក៏​ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​មាន​ការ​ឧបត្ថម្ភ​ដោយ​គ្រឹះស្ថាន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​អង្គការ​មួយ​ចំនួន​ទៀត។

លោកបណ្ឌិត ឆាយ ហុកផេង

សមាគម​សាលាត្រាជូ បាន​ធ្វើ​បាឋកថា​សាធារណៈ ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ​ចំនួន ២ លើក​រួច​មក​ហើយ ក្នុង​គោល​បំណង​ចែក​រំលែក និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ នូវ​ចំណេះ​ដឹង​ច្បាប់​ ដែល​មាន​សារៈ​ប្រយោជន៍​ដល់​និស្សិត​ច្បាប់ អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់ ព្រម​ទាំង​សាធារណជន​ទូទៅ​ផងដែរ។

នៅ​ក្នុង​បាឋកថា​សាធារណៈ​នោះ លោក​បណ្ឌិត ឆាយ ហុកផេង បានលើកឡើងថា អ្នក​ប្រកប​វិជ្ជាជីវៈ​ចៅក្រម ត្រូវ​តែ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹមត្រូវ​ ឲ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​ច្បាប់​នានា។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​ចូលរួម លោក​បណ្ឌិត បាន​លើក​ឡើង​ថា សូម​យក​គាត់ ជាឧទាហរណ៍ មិន​ត្រូវ​យក​លោក​ជា​គំរូ​នោះ​ទេ។ ដូចគ្នា​នេះ​ផង​ដែរ ការ​អនុវត្ត​ច្បាប់ យក​អាច​យក​វិធីសាស្ត្រ​អនុវត្ត​ច្បាប់​ពី​បរទេស​ជា​ឧទាហរណ៍ តែមិនអាចយកជាគំរូបាននោះទេ ពីព្រោះ​អង្គហេតុ ទិដ្ឋភាព​សង្គម មាន​សភាព​ខុសគ្នា។ ដូច្នេះ «ចៅក្រម ចំកណ្តាល» មានន័យថា ត្រូវ​ថ្លឹងថ្លែង និង​ពិចារណា ក៏​ដូចជាច្នៃប្រឌិត​ខ្ពស់​ ដើម្បីបកស្រាយ និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្រៅពី​កម្មវិធី​បាឋកថា​នេះ សមាគម ក៏​បាន​បោះផ្សាយ​តាមរយៈ គេហទំព័រ​របស់​ខ្លួន​(www.salatraju.com)​ នូវ​ស្នាដៃ​ថ្មី​ជាច្រើន ដែល​មាន​ដូចជា សៀវភៅ​សិក្សា​ច្បាប់​ អត្ថបទ​ស្រាវជ្រាវ​ច្បាប់​ថ្មីៗ​​ជាច្រើន (មានរហូតដល់៧១ ស្នាដៃ) ព្រឹត្តិបត្រ​បច្ចុប្បន្នភាព​ច្បាប់ (លើសពី៦៤ លេខ) ការ​ចងក្រង​និយមន័យ​ពាក្យ​ច្បាប់ (១០៨១​ពាក្យ) និង​គម្រោង​ផ្សេងៗ ដែល​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​មួយ​ចំនួន​ទៀត។ លើស​ពី​នេះ សមាគម ក៏​ទទួល​និស្សិត​កម្មសិក្សា និង​អ្នក​ស្ម័គ្រចិត្ត​ ដែល​មាន​បំណង​ចង់​មក​ហាត់​ការ និង​ដកស្រង់​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការងារ​ស្រាវជ្រាវ​ច្បាប់​ផង​ដែរ។

សមាគម​សាលា​ត្រាជូ ឬ​ហៅ​កាត់ថា​ «ត្រាជូ» ដែលមានន័យថាជាជញ្ជីងយុត្តិធម៌ ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ​២០១២ និង​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​កាល​ពី ខែ​ឧសភា ឆ្នាំ​២០១៦។ សមាគម​នេះ​ ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​សព្វថ្ងៃ​មាន​ចំនួន​ប្រហែល​ជាង ៣០០​ នាក់។ សមាគម​មាន​បេសកកម្ម ជំរុញ និង​លើក​កម្ពស់​ការ​សិក្សា និង​អប់រំ​ផ្នែកច្បាប់ ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​បែប​វិទ្យាសាស្ត្រ ព្រម​ទាំង​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ការ​គោរព និង​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ វឌ្ឍនៈ