មុន​ជះ​លុយ​យក Galaxy S8 និង Galaxy S9 មើល​ការ​ប្រៀប​ធៀប​សិនទៅ​

  • 2018-03-01 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SAMSUNG បាន​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S9/S9+ ក្នុង​រចនាបថ​រូបរាង​ស្រដៀង​ម៉ូឌែល​ចាស់ តែ​មាន​ការ​ពង្រឹង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​គួរ​ឲ្យ​កត់​សម្គាល់។ ចម្ងល់​ចាក់​ដោត បាន​សួរ​ថា​តើ​អ្នក​គួរ​សម្រេច​ចិត្ត​ទិញ Galaxy S9 ឬ​រង់ចាំ Galaxy S8 ឲ្យ​ធ្លាក់​ថ្លៃ​សិន?

លទ្ធផល​ប្រៀបធៀប​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម នឹង​ត្រួសត្រាយ​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក:

+ការ​រចនា​និង​អេក្រង់:

ពុំ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ផ្នែក​ខាង​មុខ​ដោយ​ Samsung រក្សា​អេក្រង់ Galaxy S9 ទំហំ ៥,៨ អ៊ីញ QHD+ Amoled និង S9+ ទំហំ ៦,២ អ៊ីញ ដូច​ម៉ូឌែល​ចាស់ ប៉ុន្តែ​ត្រង់​ផ្នែក​ខាង​ក្រោយ​ប្តូរ​ចោល​នូវ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​មក​ដាក់​ខាង​ក្រោម​កាមេរ៉ា ក្រោយ​ផ្ទុះ​ការ​រិះគន់​ខ្លាំង​កាល​ពី​ឆ្នាំ​ទៅ។​

មួយ​វិញ​ទៀត​សោត S9 ក៏​បន្ថែម​ពណ៌​ថ្មី Lilac Purple (ស្វាយ) មាន​ភាព​ទាក់ទាញ គ្រាន់​កម្រាស់​ខ្លួន​និង​ទម្ងន់ ឡើង​ខ្ពស់​ជាង S8 បន្តិច ក៏​ព្រោះ​ដោយ​ការ​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​ខាង​ក្នុង​ម៉ាស៊ីន។​

+តម្លៃ:

ពិត​ណាស់​ដែល S9 រក្សា​តម្លៃ​ខ្លួន​បាន​យ៉ាង​ល្អ​ដូច​ពេល S8 ចេញ​ដំបូង ដោយ​ក្នុង​ទីផ្សារ​អាមេរិក S9 ថ្លៃ ៧១៩ ដុល្លារ និង S9+ ថ្លៃ ៨៣៩ ដុល្លារ ។ តាម​ការ​រំពឹង​ទុក​ជំនាន់​ចាស់​នឹង​ធ្លាក់​ថ្លៃ​ក្បែរ ៧០ ដុល្លារ​នា​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ ប៉ុន្តែ​ប្រភព​ពី​គេហទំព័រ​ក្រៅ​ស្រុក លើ​ទីផ្សារ Amazon នៅ​អង់គ្លេស​គេ​សង្កេត​ឃើញ S8 ខ្លះ​លក់​ថោក​ជាង​មុន​ប្រហែល ២០០ ដុល្លារ ​ឯ​ណោះ។​

+ថាមពល​ថ្ម​និង​ល្បឿន:

និយាយ​ត្រង់​ទំហំ​ថាមពល​ថ្ម​ ៣ ០០០mAh នៃ​ការ​ប្រើប្រាស់ លទ្ធផល​បាន​បង្ហាញ​គឺ​មាន​ភាព​ខុស​គ្នា​បន្តិចបន្តួច​សឹង​តែ​មិន​អាច​យក​ជា​ការ​បាន។ ខណៈ​ល្បឿន S9 ប្រើ​ឈីប​ជំនាន់​ថ្មី Snapdragon 845 ឬ Exynos 9810 មាន​ល្បឿន​អង្គគណនា 2,7GHz ឈរ​លើ​ជំនាន់​មុន Snapdragon 835 ហក់​បាន​ត្រឹម 2,3GHz។

យ៉ាងណាមិញ​លទ្ធផល​តេស្ត​ផ្ទាល់​ច្បាស់​នឹង​ភ្នែក ថា S9 លឿន​ជាង S8 កម្រិត​ណា​នោះ បច្ចុប្បន្ន​ក៏​កំពុង​ស្ថិត​ក្នុង​ការ​រង់ចាំ។​

+កាមេរ៉ា:

ចំណុច​រសើប​បំផុត​របស់ S9 គឺ​ត្រង់​ផ្នែក​កាមេរ៉ា​ជំនាន់​ថ្មី ដែល​ផ្តោត​លើ​សមត្ថភាព​ពិសេស​ក្នុង​ការ​ថត​រូប​នៅ​ទីតាំង​ងងឹត។ ប៉ុន្តែ S9 អន់​ជាង S9+ ត្រង់​ការ​បំពាក់​កាមេរ៉ា​ភ្លោះ គ្រាន់​ម៉ូឌែល​ទាំង ២ មាន​មុខងារ​ពិសេស​មួយ​ឲ្យ​ឈ្មោះ Super Low Light ដែល​អាច​ទម្លាក់ Aperture ពី f/2,4 ទៅ f/1,5 ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ងងឹត ជំរុញ​ឲ្យ​កម្រិត​រូបភាព​ច្បាស់​ម៉ដ្ឋ​ល្អ​ មិន​ខុស​ពី​ការ​ផ្លាស់ប្ដូរ​នៃ​ភ្នែក​មនុស្ស។

អ្វី​ដែល​សំខាន់ Dual Pixel 12MP ក៏​គាំទ្រ​ការ​ថត​វីដេអូ Super Slow-mo នូវ​លក្ខខណ្ឌ 960fps ដូច​អ្វី​ដែល​ក្រុមហ៊ុន SONY ធ្លាប់​បង្ហាញ​កាល​ពី​ឆ្នាំ​ទៅ។ ស្រប​ពេល​កាមេរ៉ា​មុខ​ទំហំ 8MP គាំទ្រ​មុខងារ​ស្កេន​ផ្ទៃ​មុខ អនុញ្ញាត​ឲ្យ​ម្ចាស់ S9 អាច​ប្រើ​មុខងារ VR Emojis ដូច Animoji របស់​ក្រុមហ៊ុន Apple ដូច្នោះ​ដែរ។​

+ចំណុច​ថ្មី​ផ្សេង​ទៀត:

S9 បន្ត​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត ត្រង់​ការ​មិន​ដក​រន្ធ​ដោត​កាស​ទំហំ ៣,៥ មិល្លីម៉ែត្រ ផ្ទុយ​ទៅ​វិញ​បំពាក់​នូវ​ Speaker ប្រភេទ Dolby Atmos ដែល​ទទួល​ការ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន AKG។ សំឡេង​ផលិត​ចេញ​មក​នូវ​បរិវេណ ៣៦០ ដឺក្រេ ហើយ​លឺ​ច្បាស់​ល្អ​ជាង​មុន​ប្រហែល ១,៤ ដង ធៀប​នឹង S8។

អ្វី​ដែល​ពិសេស​ផ្សេង​ទៀត​គឺ​ការ​គាំទ្រ​រន្ធ​បន្ថែម microSD ដល់​ទៅ 400GB ស្រប​ពេល​ជំនាន់​មុន គាំទ្រ​ត្រឹម 256GB ប៉ុណ្ណោះ។​ ចេញ​ពី​ប្រអប់​ស្រាប់​អាច​រត់​លើ Android Oreo ដែល​ប្រិយមិត្ត S8 ទន្ទឹម​រង់ចាំ​យូរ​ណាស់​មក​ហើយ។​

+តើ​អ្នក​គួរ​ជ្រើស​យក​មួយ​ណា?

លទ្ធផល​គឺ​ស្ថិត​ក្នុង​ការ​រង់ចាំ​របស់​អ្នក​រាល់​គ្នា ប្រសិន​ណា​តម្លៃ S8 ធ្លាក់​ចុះ​ច្រើន​ដល់​ទៅ​ក្បែរ ២ សន្លឹក ដូច​ទីផ្សារ​ក្រៅ​ស្រុក នៅ​អំឡុង​ថ្ងៃ S9 ចេញ​លក់​ជា​ផ្លូវការ ម្ល៉ោះ​អ្នក​គួរ​ពិចារណា​ឈរ​ត្រឹម​ជំនាន់​ចាស់​សិន​ល្អ​ជាង។

ដោយ​ផ្អែក​លើ​ការ​ប្រើប្រាស់​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​នឹង​ប្រើ microSD ដល់​ទំហំ 400GB ដែរ​ឬ​ទេ? អ្នក​នឹង​ឧស្សាហ៍​ប្រើ​មុខងារ​ថត​វីដេអូ Slow-mo ឬ​អត់? ចុះ​ទម្លាប់​នៃ​ការ​ស្កេន​ខ្ចៅ​ដៃ​ដូច​ឆ្នាំ​ទៅ? ពិត​ណាស់​បើ​លើក​ត្រង់​ផ្នែក​កាមេរ៉ា​មាន​ការ​វិវត្ត​ក្រាស់ក្រែល​ខុស​ពី​ម៉ូឌែល​មុន ប៉ុន្តែ​ត្រឹម​លក្ខណៈ​សម្បត្តិ​ផ្លាស់ប្ដូរ​ប៉ុន​នេះ បើ​អ្នក​ចង់​បាន​ថ្មី គួរ​ស្ថិត​ក្នុង​លក្ខខណ្ឌ S9 ថ្លៃ​ខ្ពស់​ជាង​ត្រឹម ៥០ ទៅ​ក្បែរ ១០០ ដុល្លារ​នោះ​ទើប​សក្ដិសម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Express   ប្រែ​សម្រួល៖ កៅ រក្សា