Van Gaal ដៀលក្លឹបចាស់ Man Utd ចំៗ ក្រោយ​លែងលះ​គ្នា​ជិត ២​ឆ្នាំ

  • 2018-02-28 12:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ក្លឹប​ Manchester United លោក Louis van Gaal ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ក្លឹប​ជា​ក្លឹប​រក​ស៊ី ខុស​ពី​ក្លឹប Bayern Munich ដែល​ជា​ក្លឹប​គិត​គូរ​ពី​បាល់ទាត់។

នៅ​ពេល​សួរ​ថា លោក​នៅ​ស្រលាញ់​ក្លឹប Bayern Munich ទៀត​ទេ លោក Van Gaal បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Sport Blidថា៖ "ហ្នឹង​ហើយ ប្រាកដ​ណាស់។ ក្លឹប​ចាស់​ខ្ញុំ Manchester United គឺ​ជា​ក្លឹប​រកស៊ី​សុទ្ធ​សាធ ខុស​ពី​ក្លឹប Bayern Munich"។

អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​រូប​នេះ​បន្ត៖ "ប្រធាន​ធំៗ​នៅ​ក្លឹប Bayern គឺ​លោក Karl-Heinz Rummenigge និង Uli Hoeness សុទ្ធ​តែ​ធ្លាប់​ជា​អតីត​កីឡាករ​បាល់ទាត់ ដូច្នេះ​ពួក​គេ​ទាំង​ពីរ​ដឹង​ច្បាស់​ពី​បាល់ទាត់។ ចំពោះ​ពួក​គេ បាល់ទាត់​គឺ​ជា​រឿង​សំខាន់​បំផុត មិន​មែន​លុយ​ទេ ដែល​ខុស​ពី​ក្លឹប Manchester United ដែល​គិត​រឿង​លុយ​ជា​ធំ។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ នៅ​ស្រលាញ់ Bayern"។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក​អ្នក​ចាត់​ការ Louis van Gaal ធ្លាប់​ដឹក​នាំ​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayernពី​ឆ្នាំ ២០០៩ ដល់​ ២០១១ និង ​ក្លឹប​បិសាច​ក្រហម​ ពី ២០១៤ ដល់​ ២០១៦៕

ប្រភព៖ en.as.   ប្រែ​សម្រួល៖ ហ៊ីម រស្មី