ជើង​ខ្លាំង Debate Challenge 2018៖ "​ជា​និស្សិត ត្រូវ​ហ៊ាន​ចូលរួម​ប្រកួត​ឲ្យ​កាន់តែច្រើន​"

  • 2018-03-01 04:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទី​បំផុត ការ​ប្រកួត​តទល់​មតិ​ឆ្នាំ ២០១៨ ឬ IFL Debate Challenge 2018 បាន​រកឃើញ​ជើងឯក​ហើយ កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ខណៈ​ក្រុម​ខ្លាំង​ចុងក្រោយ​ទាំង​២ សុទ្ធតែ​ជា​និស្សិត​ស្រីវ័​យ​ក្មេង​របស់​វិទ្យាស្ថាន​ភាសាបរទេស (IFL)​។​

​ប្រធានបទ​ក្នុង​វ​គ្គ​ផ្ដាច់ព្រ័ត្រ​នេះ គឺ "Should clickbait be banned?" ដោយ​មាន​ក្រុម Hexatic ដើរតួ​ជា​ក្រុម​គាំទ្រ និង​ក្រុម Winter ជា​ក្រុម​មិន​គាំទ្រ​។​

​បន្ទាប់ពី​តទល់​មតិ​យ៉ាង​ស្វិតស្វាញ​ប្រមាណ​ជា​កន្លះ​ម៉ោង ក្រុម​ប្រឆាំង Winter ដែល​មាន​សមាជិក ២ រូប គឺ​យុវតី អ៊ីវ ស្រី​លីន អាយុ ១៩ ឆ្នាំ និង ធឿន ម៉ា​នី​ហ្សា អាយុ ១៨ ឆ្នាំ ជា​និស្សិត​ឆ្នាំ​២ ផ្នែក​ភាសា​អង់គ្លេស នៅ IFL បាន​ក្លាយជា​ជើងឯក​។

​ស្រី​លីន បាន​ប្រាប់ Sabay ឲ្យ​ដឹងថា​៖ "​ដំបូង​ឡើយ ខ្ញុំ​មិនសង្ឃឹម​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ដឹងថា​មាន​អ្នកចូលរួម​ប្រកួត​ច្រើន​សុទ្ធតែ​មាន​សមត្ថភាព​។ ខ្ញុំ​ប្រាប់​ខ្លួនឯងថា​ចាញ់ ឬ​ឈ្នះ​មិន​សំខាន់ទេ តែ​ខ្ញុំ​ជឿថា​នឹងបាន​បទពិសោធ​ល្អ​ពី​ការ​ប្រកួត​នេះ​។​ ​ជោគ​ជ័យ​លើ​កនេះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​។ ជា​និស្សិត យើង​ត្រូវ​ហ៊ាន​ជម្នះ​ភាព​ភ័យខ្លាច​ខ្លួនឯង​ចូលរួម​ប្រកួតប្រជែង​ឲ្យ​បាន​ច្រើន ហើយ​ប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព វា​នឹងធ្វើ​ឲ្យ​យើង​កាន់តែ​ចេះ​"​។​

​ក្រុម​ជើងឯក​នេះ នឹង​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់ IFL Debate Club ព្រម​ទាំង​មាន​ឱកាស​តំណាង IFL ចូលរួម​ប្រកួត​Debate Forum ថ្នាក់ជាតិ​នៅ​ខែ​ឧសភា ខាងមុខ​នេះ​។​

​ដោយឡែក តំណាង Phnom Penh City Center ជា Sponsor ធំ​មួយនៅ Debate Challenge 2018 និយាយថា​៖ "​ការបង្កើត​ឲ្យ​មាន​ការប្រកួតប្រជែង​បែប​នេះ​ច្រើន គឺ​បង្កើត​ឱកាស​ឲ្យ​យុវជន​ខ្មែរ​អាច​បញ្ចេញ​សមត្ថភាព ហ្វឹកហាត់​ការគិត​ឲ្យ​កាន់តែ​ឆ្លាត​វៃ និង​ទទួលបាន​បទពិសោធ​ថ្មី​ល្អៗ​។ ដូច្នេះ ទើប Phnom Penh City Center គាំទ្រ​ការ​ប្រកួត​នេះ​។ PPCC គាំទ្រ​សកម្មភាព​ជាច្រើន​ក្នុង​វិស័យ​អប់​រំ ព្រោះ​យើង​ជឿថា យុវ​ជន​គឺជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់​ក្នុង​ការ​អភិ​វ​ឌ្ឍ​ប្រទេសមួយ កម្ពុជា​ក៏​ដូចគ្នា​"​។​

​Debate Challenge ជា​ការ​ប្រកួត​តទល់​មតិ ដើម្បី​ការពារ​អំណះអំណា​ង​របស់ខ្លួន​លើ​ប្រធានបទ​ជាក់លាក់​ក្នុង​រយៈពេល​កំ​ណ​ត់​ណាមួយ​ដោយ​ត​ម្រូ​វ​ឲ្យ​មាន​ក្រុម​១ គាំទ្រ និង ក្រុម ១ ទៀត​ប្រឆាំង​។ ការ​ប្រកួត​នេះ​ចាប់ផ្ដើម​តាំងពីដើម​ខែ​មករា ២០១៨ ដោយមាន ៣០ ក្រុម​នៅក្នុង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ចូលរួម ហើយ​ជ​ម្រុះ​មកសល់​ត្រឹម ២ ក្រុម​ក្នុង​វ​គ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ២៤ កុម្ភៈ នៅ​ម​ជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុ​ជា​ជា​-​កូរ៉េ (CKCC)៕​

អត្ថបទ៖ ដេត លីដា