ប៊ឺរី សារភាព​ថា​ អ្នក​និពន្ធ​ ម៉ីសន សុធារី បាន​ឆក់​យក​បេះ​ដូង​ខ្លួន​​បាត់​ហើយ

  • 2018-03-04 05:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​​សម្ដែង​ជា​តួ​​ឯក​ប្រុស​ក្នុង​រឿង​ "ស្រទន់​មន្ត​ស្នេហ៍​" រួច​មក​កំលោះ​សង្ហា​ ប៊ឺរី បាន​សារភាព​ថា​ខ្លួន​ពិត​ជា​ស្រឡាញ់​ពេញ​ចិត្ត​ និង​ចង់​សម្ដែង​ រាល់​ស្នាដៃ​​និពន្ធ​របស់​អ្នក​ស្រី ម៉ីសន សុធារី ខ្លាំង​ណាស់​ ព្រោះ​​សាច់​រឿង​និពន្ធ​ដោយ​អ្នក​ស្រី​ ប្រទាក់​ក្រឡា​គ្នា​បាន​ល្អ​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ​​ ធ្វើ​ឲ្យ​អ្នក​អាន​​នឹក​ឃើញ​ស្រមៃ​ដល់​ទិដ្ឋភាព​នៃ​រឿង​។

ប៊ឺរី និយាយ​ថា ជាក់​ស្ដែង​​​រឿង" ​ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" ​ជា​ស្នា​ដៃ​និពន្ធ​​របស់​អ្នក​ស្រី ម៉ីសន សុធារី ​ត្រៀម​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​នេះ​ គ្រាន់​តែ​​អាន​សាច់​រឿង​បាន​២០​​ភាគ​រយ​តែ​​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​​ ហើយ​ចង់​សម្ដែង​ភ្លាម​ៗ​តែ​ម្ដង​។

“​និយាយ​ទៅ​ ខ្ញុំ​សុំ​សរសើរ​​បង​ ធារី ​ពូ​កែ​និពន្ធ​ណាស់​សាច់​រឿង​របស់​គាត់​ប្រទាក់​ក្រឡា​គ្នា​ ដូច​លើក​មុន​ខ្ញុំ​សម្ដែង​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​ "ស្រទន់​មន្ត​ស្នេហ៍​" ដែល​ជា​ស្នាដៃ​និពន្ធ​​របស់​គាត់​​ ហើយ​រឿង​ហ្នឹង​ល្បី​ខ្លាំង​ ដោយ​សារ​តែ​​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចង់​តាម​ដាន​​ខ្លាំង​"។ នេះ​បើ​តាម​ ប៊ឺរី បន្ថែម​។

ដោយ​ឡែក​សម្រាប់​​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" វិញ​លោក​​សម្ដែង​ជា​តួ​ឯក​ ​ប្រុស​​​​ឈ្មោះ ហ៊ួត ខេមរិន្ទ ហើយ​សាច់​រឿង​តម្រូវ​ឲ្យ​ ប៊ឺរី សម្ដែង​ ជា​តួ​អង្គ​ គិញ​សម្ងាត់​ស៊ើបអង្កេត​​ ដើម្បី​សម្រេច​ផែន​ការ​ធំ​មួយ ដោយ​ចាប់​ដៃ​គូ​ជាមួយ​តួ​ឯក​ស្រី កញ្ញា សាឡាត់ ស្រីឡាង​។

អ្នក​និពន្ធ​អ្នក​ស្រី​ ម៉ឺសន សុធារី

ចំពោះ​រឿង​​ដែល​ធ្វើ​ឲ្យ​ ប៊ឺរី មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ក្នុង​រឿង "ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់​" លោក​បាន​​ប៉ះ​គ្នា​ជាមួយ​លោក លឹម ជា​ឡាយ​ ជា​រៀម​ច្បង​សិល្បៈ​។ ដូច្នេះ​ខ្លួន​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ ហើយ​សន្យា​ថា​ នឹង​ចាប់​ដៃ​គ្នា​សម្ដែង​ឲ្យ​បាន​ល្អ​។

ប៊ឺរី ថា​៖​"​សប្បាយ​ចិត្ត​ព្រោះ​ក្នុង រឿង​ហ្នឹង​មាន​តួ​ឯក​ពីរ​គូ​តួ​ឯក​ប្រុស​គឺ​ខ្ញុំ និង​បង​ឡាយ ដែល​ជា​រៀម​ច្បង​សិល្បៈ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ ខាង​ផ្នែក​សម្ដែង​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​មួយ​ចំនួន​ទៀត​ពី​គាត់​​(លឹម ជាឡាយ)​ពេល​សម្ដែង​ "។​​​​​

"ថ្ងៃមុន​ស្អប់​ ថ្ងៃ​នេះ​ស្រលាញ់​" ​ជា​រឿង​ប្រលោម​លោក​​របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែល​មាន​អ្នក​ចូល​អាន​យ៉ាង​ច្រើន​លើស​លុប​​។ ស្ថានីយ​ទូរទស្សន៍​ PNN បាន​ប្រកាស​ថា​ ខ្លួន​បាន​សិទ្ធិលើ​​ប្រលោម​លោក​​មួយ​នេះ​ កាល​ពី​ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មី​ៗ​ ដើម្បី​យក​​​មក​ផលិត​ជា​ខ្សែ​ភាព​យន្ត​ភាគ​រស់​រវើក​ ចំនួន៤០ភាគ៕ ​​​

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម