ការ​ពិត​ទាំង ៤ អំពី​បុណ្យ​សិទ្ធនារី​អន្តរជាតិ​ដែល​លោក​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង

  • 2018-03-08 06:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​កម្ពុជា និង​បណ្ដា​ប្រ​ទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក កំពុង​អបអរ​ទិវា​សិទ្ធនារី​អន្តរជាតិ ៨​មីនា អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ការ​ពិត​ចំនួន ៤ ដែល​លោក​អ្នក​ប្រហែល​មិន​ធ្លាប់​ដែល​ដឹង​អំពី​បុណ្យ​មួយ​នេះ មាន​ដូច​ត​ទៅ៖

១.ទិវា​នេះ​ដំបូង​ឡើយ​មាន​ឈ្មោះ​ថា ទិវា​សិទ្ធ​កម្មការិនី​អន្តរជាតិ (International Working Women's Day) ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ កុម្ភៈ ឆ្នាំ ១៩០៩ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក។ ការណ៍​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ជា​ការ​រំលឹក​ដល់​ព្រឹត្តិការណ៍​បាតុកម្ម​របស់​សហជីព​កម្មការិនី​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ១៩០៨ នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​សិទ្ធិ​នយោបាយ និង​សង្គម។

២.ទើប​តែ​ចាប់​ពី​ឆ្នាំ ១៩១៤ប៉ុណ្ណោះ ដែល​បុណ្យ​សិទ្ធនារី​ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី ៨​ មីនា។ មូល​ហេតុ​ដែល​កាល​ពី​ឆ្នាំ ១៩១៤ បុណ្យ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​ទី ៨​មីនា គឺ​ដោយ​សារ​ថ្ងៃ​នោះ ចំ​ថ្ងៃ​អាទិត្យ ​ដែល​ជា​ថ្ងៃ​កម្មការិនី​ភាគ​ច្រើន​ឈប់​សម្រាក ដូច្នេះ​អាច​ចូល​រួម​ក្បួន​ដង្ហែ​អបអរ​ទិវា​នេះ​បាន។

៣.ថ្ងៃ​ទី ៨​មីនា ត្រូវ​បាន​ប្រកាស​ជា​បុណ្យ​ជាតិ​ក្នុង​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩១៧។ ក្រោយៗ​មក​ មាន​ប្រទេស​ជា​ច្រើន ជា​ពិសេស​បណ្ដា​ប្រទេស​សង្គមនិយម ក៏​បាន​ចាត់​ទុក​បុណ្យ​នេះ​ជា​បុណ្យ​ជាតិ​របស់​ខ្លួន។ ទិវា​សិទ្ធនារី​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ១៩៧៧។

៤.បើ​តាម​អង្គការសហប្រជាជាតិ ទិវា​សិទ្ធនារី​ គឺ​ជា​ថ្ងៃ​ដែល​ស្នាដៃ​របស់​ស្ត្រី​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មិន​មាន​ភាព​រើសអើង​ពី​សញ្ជាតិ ជាតិពន្ធុ ភាសា វប្បធម៌ ស្ថានភាព​សេដ្ឋកិច្ច ឬ​និន្នាការ​នយោបាយ។ ទិវា​នេះ​គឺ​ជា​ពេលវេលា​មួយ​ដើម្បី​ធ្វើ​ការ​សម្លឹង​មើល​ត្រលប់​ថយ​ក្រោយ​ទៅ​កាន់​ការ​តស៊ូ​ព្រម​ទាំង ​អ្វីៗ​ដែល​សម្រេច​បាន​កាល​ពី​អតីតកាល និង​ជា​ពិសេស​គឺ​ដើម្បី​មើល​ឆ្ពោះ​​ទៅមុខនូវ​សក្ដានុពល និង​ឱកាស​របស់​ស្ត្រី​នា​ថ្ងៃ​អនាគត៕

ប្រភព៖ Independent   អត្ថបទ៖ សេរី មង្គល