ក្រសួងប្រកាសឲ្យចុះឈ្មោះប្រឡងបាក់ឌុបហើយ តែត្រូវមានឯកសារទាំងនេះដាច់ខាត

  • 2018-03-05 02:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ទាំងអស់ ឲ្យ​ទៅ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ មធ្យម​សិក្សា​ទុតិយភូមិ ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា។ ចំណែក​ឯ​ការ​ប្រឡង​ថ្នាក់​ជាតិ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨។

ការ​ចុះ​ឈ្មោះ​នេះ គឺ​ធ្វើឡើង​នៅតាម​គ្រឹះស្ថាន​មធ្យម​សិក្សា ដោយ​នាយក នាយិកា​គ្រឹះស្ថាន​មធ្យម​សិក្សា​សាធារណៈ និង​ឯកជន​ទូទាំង​ប្រទេស។ ចំពោះ​ឯកសារ​សំខាន់​ៗ​ចាំបាច់​ភ្ជាប់​មក​ជាមួយ​ និង​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​មាន​ដូចជា៖ សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សេចក្តី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត ដោយ​យក​វិញ្ញា​បនបត្រ​បណ្តោះ​អាសន្ន​មធ្យម​សិក្សា​បឋមភូមិ​ធ្វើជា​គោល។ បន្ទាប់​មក​ឯកសារ​ទាំង​នោះ​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​អប់រំ។

សិស្ស​សាលា​មធ្យម​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន ដែល​អាច​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ខាងក្រោម៖

  • បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ

  • បាន​រៀន​គ្រប់​កម្រិត​ថ្នាក់​នៅ​មធ្យម​សិក្សា​ទុតិយភូមិ

  • បាន​រៀន​ចប់​កម្មវិធី​សិក្សា​ថ្នាក់​ទី១២

  • បាន​គោរព​ត្រឹមត្រូវ​តាម​បទ​បញ្ជា​ផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា

  • ត្រូវ​បាន​វាយ​តម្លៃ​ផ្នែក​សីលធម៌​ប្រចាំ​ឆ្នាំ ចាប់ពី​មធ្យម​ឡើងទៅ

  • មាន​មធ្យម​ភាគ​ពិន្ទុ​ប្រចាំ​ឆ្នាំ ចាប់​ពី ២៥,០០ ឡើង​ទៅ។

ចំពោះ​អតីត​បេក្ខជន​ដែល​បាន​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ឆ្នាំ​មុនៗ ក៏អាច​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ប្រឡង​ជា​បេក្ខជន​ស្វរិន​នៅ​តាម​មន្ទីរ​អប់រំ ដែល​សាមី​ខ្លួន​បាន​ចុះឈ្មោះ​ប្រឡង​ពីមុន​ផងដែរ ដោយ​ភ្ជាប់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ (ចេញដោយ​មន្ទីរ​អប់រំ រាជធានី ខេត្ត) និង​ជ្រើសរើស​យក​ថ្នាក់​វិទ្យាសាស្រ្ត ឬ​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម។

ដោយឡែក​សម្រាប់​សិស្ស​ពូកែ ដែល​បាន​រៀនចប់​កម្មវិធី​សិក្សា​មធ្យម​សិក្សា​ទុតិយភូមិ ព្រមទាំង​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ អាច​អនុញ្ញាត​ឲ្យ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ដោយ​មិន​គិត​អាយុ​ឡើយ៕

អត្ថបទ៖ វឌ្ឍនៈ