បាត់​ដំណឹងឪពុក​ជាង​៥០​ឆ្នាំ​ហើយ​ តារាហុងកុង Anthony នៅ​តែ​រក​មិនទាន់ឃើញ

  • 2018-03-05 03:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ហុងកុង​ជើង​ចាស់ Anthony Wong គឺ​ជា​តារា​ប្រុស​ដែល​ទទួល​បានជោគជ័យ​ខ្លាំង​លើ​វិថី​សិល្បៈ​ ប៉ុន្តែ​ចំពោះ​ជីវិត​ឯកជនវិញ​ លោក​ជួប​រឿង​រ៉ាវ​កម្សត់​ស្មាន​មិន​ដល់។

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ BBC តារា​ប្រុស​វ័យ​ ៥៦​ឆ្នាំ​រូបនេះ​ បាន​បើកកកាយ​ជីវិត​ពី​កុមារភាព​របស់​លោក​ និង​ភាព​ភ័យ​ខ្លាច​ដែល​លោក​ប្រឈម​ពេល​ឪពុក​ចាកចេញ​ទៅ។ នៅពេល​ Anthony មាន​អាយុ​ ៤​ឆ្នាំ​ ​ឪពុក​របស់​លោក​បាន​ចាក​ចោល​ លោក និង​ម្ដាយ​ឲ្យ​នៅ​កណ្ដោចកណ្ដែង។ មក​ទល់​ពេល​នេះ​ មាន​រយៈ​ពេល​ ៥២​ឆ្នាំ​ហើយ ដែល​លោក​មិនទាន់​រក​ឃើញ​លោក​ឪពុក បើ​ទោះ​ Anthony ព្យាយាម​ប្រកាស​ស្វែង​រក​យ៉ាងណា​ ក៏​មិន​មាន​ដំណឹង​ដែរ។

រូបថត​គ្រួសារ​ កាល​ Anthony នៅ​ជាទារក

ឪពុក​របស់​ Anthony ជា​ជនជាតិ​អង់គ្លេស​ និង​ម្ដាយ​ជា​ជនជាតិ​ចិន-ហុងកុង។ ក្រោយ​ឪពុក​ចាក​ចោល​ទៅ​ តារា​ប្រុស​រូប​នេះ​ ត្រូវ​ម្ដាយ​ចិញ្ចឹម​បីបាច់​ថែរក្សា​រហូត​មក។ ដោយសារ​ជា​កូន​កាត់​បែបនេះ​ ទើប​ Anthony មាន​មុខមាត់​ខុស​ពី​ក្មេង​ៗ​ដទៃ​ ដល់​ថ្នាក់​មិត្ត​រួម​ថ្នាក់​ចំអក​ថា​ លោក​ជា​មនុស្ស​ចម្លែក។

នៅ​អាយុ​ ១២​ឆ្នាំ​ លោក​ធ្លាក់​ខ្លួន​ឈឺ រហូត​ត្រូវ​វះកាត់។ ពេល​ជួប​ស្ថានភាព​លំបាក​បែបនេះ​ ទើប​ម្ដាយ​របស់​លោក​ ដាច់​ចិត្ត​ទាក់ទង​ទៅ​ឪពុក​របស់​លោក​ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី​ ហើយ​ពេល​នោះ​ ជា​លើក​ចុង​ក្រោយ​ដែល​គ្រួសារ​ទាក់ទង​លោក​ឪពុក​រូបនោះ។

Anthony និង​ម្ដាយ

ដោយសារ​មាន​រឿង​ជា​ច្រើន​កើត​ឡើង​ក្នុង​ជីវិត​ពេល​នោះ​ ទើប​បណ្ដាល​ចិត្ត​ Anthony ឲ្យ​ក្រោកឈរ​ដោយ​រឹង​មាំ​ និង​តស៊ូ​ប្រឹងប្រែង​ ដើម្បី​ឲ្យ​ជីវិត​មាន​ភាព​ប្រសើរ​ឡើង។ រហូត​ដល់​ឆ្នាំ​ ១៩៨២ លោក​បាន​បណ្ដែត​ខ្លួន​លើ​វិថី​សិល្បៈ និង​ក្រោយ​មក​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស ដោយ​ក្នុង​បំណង​ស្វែង​រក​ឪពុក​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។

មិន​អស់​សង្ឃឹម​ក្នុង​ដំណើរ​ស្វែង​រក​ឡើយ​ ពោល​គឺ​កាល​ពី​ឆ្នាំ​មុន លោក​បាន​បង្ហោះ​រូប​ឪពុក​ម្ដាយ​របស់​លោក​ ព្រោះ​គិត​ថា​ឥទ្ធិពល​បណ្ដាញ​សង្គម​ពិតជា​ខ្លាំង​មិនធម្មតា​ទេ​ នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​អ្វីៗ​មិនដូចអ្វី​ដែល​គិត​នោះ​ទេ ព្រោះ​ថា​នៅ​តែ​គ្មាន​តម្រុយ​ណាមួយដែល​លោក​ចង់​បាន​ ហើយ​លោក​គិត​ថា​ប្រហែល​ ឪពុក​ដែល​បាត់​ខ្លួន​ជាង​ ៥០​ឆ្នាំ​នោះ​ ប្រហែល​ទទួល​មរណភាព​ទៅ​ហើយ។

ត្បិត​កន្លង​ទៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ប៉ុន្តែ​អារម្មណ៍​ភ័យ​ខ្លាច​ និង​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ជីវិត​នៅតែ​តាម​លង​បន្លាច។ ដូចនេះ​ Anthony ក៏​សម្រេច​បណ្ដោយ​ពេល​វេលា​អតីត​កាល​ទាំង​នោះ​ទៅ​តាម​ខ្យល់​ទាំង​អស់​ ហើយ​រស់​នៅ​ជាមួយ​បច្ចុប្បន្ន​វិញ​ ប្រសើរ​ជាង៕

ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម