ប្រកួត​ក្នុង​ទ្រុង​​របស់ រិន សារ័ត្ន​ លើក​នេះ​នឹង​ល្អ​មើល ព្រោះ​ដៃ​គូ​ខ្លាំង​សេរី​ដូច​គ្នា

  • 2018-03-05 08:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជួប​ប្រទះ​គ្នា​រវាង​ជើង​ខ្លាំង​កម្ពុជា រិន សារ័ត្ន ជាមួយ​កីឡាករ​​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី Muhammad Aiman ក្នុង​ព្រឹត្តិការណ៍ One Championship នៅ​ថ្ងៃ​ទី ៩ ខែ មីនា ឆ្នាំ ២០១៨ នឹង​ក្លាយ​ជា​ជំនួប​ជក់ចិត្ត។

សារ័ត្ន ទទួល​បាន​ឱកាស​ជា​ថ្មី​ក្នុង​ឆ្នាំ​នេះ​លើ​សង្វៀន​ក្នុង​ទ្រុង​ល្បី One ក្រោយ​ធ្វើ​មិន​បាន​ល្អ​កាល​ពី​ខែ មករា​កន្លង​ទៅ ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី​ Sunoto ​ក្នុង​ទឹក​ទី​ពីរ។ សិស្ស​គុន​ក្នុង​ក្លឹប Cambodian Top Team ធ្លាប់​ប្រកួត​ក្នុង​ទ្រុង​ធ្លាប់​ចូល​វាយ​ក្នុង​សង្វៀន​មួយ​នេះ​២ដង​រួច​មក​ហើយ​ ក្នុង​​នោះ​ចាញ់​១​ ឈ្នះ និង​​ឆ្លង​កាត់​សង្វៀន​គុន​ខ្មែរ​ជាង​១០០​ដង។

សារ័ត្ន ក៏​មិន​ខុស​ពី​កីឡាករ​ខ្មែរ​ដទៃ គឺ​ខ្លាំង​ផ្នែក​វាយ​សេរី ត្បិត​​ហាត់​ក្បាច់ MMA ខ្លះ​ដ៏​ដោយ។ ដូច្នេះ​ការ​ជួប​ជាមួយ Muhammad Aiman ជា​រឿង​ល្អ ព្រោះ​អ្នក​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ខ្លាំង​សេរី​ដូច​គ្នា។ កីឡាករ​វ័យ​២៣​ឆ្នាំ មាន​បទពិសោធន៍​ក្នុង​ទ្រុង One ច្រើន​ជាង​សារ័ត្ន ពោល​៤​ដង ឈ្នះ​៣ ចាញ់​តែ​ម្ដង​គត់។ ប្រកួត​ចុងក្រោយ​ឈ្នះ​កីឡាករ​ចិន Yang Fei នៅ​ប្រទេស​សិង្ហបុរី ខែ កញ្ញា ឆ្នាំ ២០១៧។

មូលហេតុ​ដែរ Muhammad ពូកែ​សរី ដោយ​សារ​គេ​ធ្លាប់​ហ្វឹកហាត់​នៅ​​ក្លឹប​ល្បី Tiger Muay Thai នៅ​កោះ​ភូកេត​ ប្រទេស​ថៃ។ ប៉ុន្តែ​បច្ចុប្បន្ន​រូប​គេ​កំពុង​សម្ងំ​ហាត់​នៅ​ក្លឹប Bali MMA ប្រទេស​ឥណ្ឌូណេស៊ី។ រាល់​ការ​ប្រកួត​របស់​កីឡាករ​ម៉ាឡេស៊ី​រូប​នេះ កម្រ​នឹង​រូប​ចាប់ឱកាស​ណាស់​ប្រសិន​ដៃ​គូ​មិន​ចាប់​គេ​មុន ភាគ​ច្រើន​វាយ​សេរី​ទល់​មុខ​តែ​ម្ដង។ ទាំង​សារ័ត្ន និង Muhammad ល្អ​សេរី​ដូច​​គ្នា​ អ៊ីចឹង​ការ​ប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​ធានា​ថា​ល្អ​មើល។

កាល​ពី​ព្រឹកមិញ រិន សារ័ត្ន និង​លោក​គ្រូ ហ៊ុន​ ចាន់រាជ្យ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត៕

ការប្រកួត​ចុងក្រោយ​របស់ Muhammad

អត្ថបទ៖ ហេង សុធារិទ្ធិ