ការ​លក់​ iPhone 5s តម្លៃ​ ៥០ ដុល្លារ​រំសាយ​ចោល​​ភ្លាមៗ ព្រោះ​មនុស្ស​បុក​មក​ច្រើន​ពេក

  • 2018-03-06 02:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Switch ក្រុមហ៊ុន​ដែល​​ទទួល​បាន​សិទ្ធ​​លក់​ផលិតផល​ Apple ផ្លូវ​ការ​របស់​ប្រទេស​ម៉ាឡេស៊ី​ គ្រោង​នឹង​​ធ្វើ​ការ​លក់​លាង​ឃ្លាំង​នូវ​ iPhone និង iPad ស៊េរី​ចាស់ៗ។

ជា​មួយ​នឹង​ iPhone 5s តម្លៃ​ ៥០ ដុល្លារ​ និង​ iPad ដែល​មាន​តម្លៃ​ចាប់​ពី​ ៧៩ ដុល្លារ​ មាន​អតិថិជន​ទូទាំង​ប្រទេស​បាន​ចាប់​អារម្មណ៍​នឹង​ការ​លក់​នេះ។ ជាក់​ស្ដែង​មាន​មនុស្ស​ជាង​​ ១១ ០០០ នាក់​​​មក​តម្រង់​ជួរ​នៅ​ពី​មុខ​ហាង​ មុន​នឹង​កម្មវិធី​លក់​ចាប់​ផ្ដើម​ទៅ​ទៀត។

បុគ្គលិក​របស់​ Swtich ក៏​បាន​ចែក​សំបុត្រ​​ដើម្បី​មាន​សិទ្ធ​ទិញ ទៅ​ដល់​អ្នក​តម្រង់​ជួរ​នៅ​ខាង​មុខ​ ប៉ុន្តែ​​គ្រាន់​តែ​ទ្វារ​ហាង​ចាប់​ផ្ដើម​បើក​ភ្លាម​​ហ្វូង​មនុស្ស​​ដូច​ជា​ត្រូវ​កម្រោល​ចូល​ ដោយ​បាន​រុញ​ច្រាន​អ្នក​នៅ​ខាង​មុខ​ដើម្បី​បាន​ចូល​ក្នុង​ហាង។ ​ឃើញ​ថា​ស្ថានភាព​ធ្ងន់ធ្ងរ​បែប​នេះ​ ដែល​អាច​ផ្ដល់​គ្រោះថ្នាក់ដល់​អតិថិជន​ និង​ហាង​ផ្ទាល់​ ក្រុមហ៊ុន​ Switch ក៏​បាន​បិទ​ទ្វារ​ហាង​លក់​របស់​ខ្លួន​ និង​រំសាយ​ចោល​ការ​លក់​លាង​ឃ្លាំង។

ក្រុមហ៊ុន​ Switch បាន​ចេញ​សេចក្ដី​ប្រកាស​ថា ៖

“យើង​ពិត​ជា​​សូមទោស​ចំពោះ​កម្មវិធី​​លក់​លាង​ឃ្លាំង​ម្សិលមិញ។ យើង​​មិន​ស្មាន​ថា​​វា​រញ្ជួយ​ដល់​ថ្នាក់​នេះ។ យើង​ពិត​ជា​​សប្បាយ​ចិត្ត​ដែល​មាន​មនុស្ស​ជាង​ ១១ ០០០ នាក់​បង្ហាញ​ខ្លួន។ យើង​​សូម​អរគុណ​​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ ដល់​អតិថិជន​ដែល​ខំ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ ក្រុង​ផ្សេង, ភ្ញាក់​ពី​ព្រលឹម, អត់​ងងុយ, ជម្នះ​នឹង​ការ​កក​ស្ទះ​ចរាចរ​ និង​​ព្យាយាម​បំផុត​ដើម្បី​បាន​តម្រង់​ជួរ​ក្នុង​កម្មវិធី​លក់។ នេះ​ជា​មេរៀន​​មួយ​សម្រាប់​ពួក​យើង​ ហើយ​ពួក​យើង​នឹង​ធ្វើ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​នៅ​ពេល​ក្រោយ។ អរគុណ​ណាស់​ចំពោះ​ការ​គាំទ្រ​​”។

ទោះ​បី​ជា​ហាង​លក់​ខាង​លើ​មិន​រំសាយ​ចោល​កម្មវិធី​ ក៏​អតិថិជន​ដែល​មក​ចូល​រួម​មិន​មាន​ឪកាស​បាន​ទិញ​​ផលិតផល​បញ្ចុះ​តម្លៃ​គ្រប់​គ្នា​នោះ​ទេ ព្រោះ​ថា​មាន​ iPhone 5s តម្លៃ​ ៥០ ដុល្លារ​ តែ​ ១០ គ្រឿង​ប៉ុណ្ណោះ​ដែល​ដាក់​លក់ ហើយ​ iPad Air 2 តម្លៃ​ ៧៩ ដុល្លារ​ មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​ Switch ក៏​បាន​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​បន្តិច​បន្តួច​​លើ​ iPhone X និង iPhone 6 ទំហំ​ ៣២ GB ផង​ដែរ៕ ​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង