សមាគម​ភាពយន្ត​លោក ឆាយ បូរ៉ា បន្ត​ដំណើរ​ទាំង​ខ្លួន​ឯង​គ្មាន សូម្បី​តែ​ការិយាល័យ​ធ្វើ​ការ

  • 2018-03-06 04:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរ​លើ​គោល​ដៅ​រួម​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​រីក​ស្គុះស្គាយ សមាគម​ភាពយន្ត​របស់​លោក ឆាយ បូរ៉ា ត្រៀម​ខ្លួន​ជា​ស្រេច​​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយនៃ​វិស័យ​សិល្បៈភាពយន្ត​ក្នុង​ស្រុក បើ​ទោះ​ជាក់​ស្ដែង​សមាគម​គ្មាន សូម្បី​តែ​ការិយាល័យ​សម្រាប់​ធ្វើ​ការ​ក៏​ដោយ។

“ស្ដាប់​ទៅ​ដូច​ខ្មាស​គេ​ដែរ ទស្សនិកជន​ស្ដាប់​ម៉ោ សមាគម​ភាពយន្ត ដូច​ធំ​ដុំ​ដែរ ព្រោះ​គេ​គិត​ថា​ផលិតករ​ភាពយន្ត​សុទ្ធ​តែ​អ្នក​មាន​លុយ ប៉ុន្តែ​មាន​អី...បើ​ផលិតករ​ភាពយន្ត​ខ្មែរ សុទ្ធ​តែ​អ្នក​ក្រ​ហ្នឹង។ ជាក់​ស្ដែង ការិយាល័យ​សម្រាប់​ធ្វើ​ការ​ក៏​យើង​អត់​មាន​ដែរ​សព្វ​ថ្ងៃ​នេះ"។ លោក ឆាយ បូរ៉ា ថ្លែង។

សមាគម​ភាពយន្ត​កម្ពុជា ធ្វើ​ការ​ជា​តំណាង​ផលិតករ លើក​ពី​បញ្ហា​ប្រឈម​នានា​របស់​ផលិតករ ឬ​ភាពយន្ត រួម​ទាំង​ដោះស្រាយ​ដើម្បី​ធានា​ដល់​ភាព​ប្រសើរ​ឡើង​នៃ​វិស័យ​ភាពយន្ត​ក្នុង​ស្រុក។ មក​ដល់​បច្ចុប្បន្ន​សមាគម​មាន​សមាជិក​ប្រមាណ​ជាង ២០​ផលិតកម្ម។ សមាជិក​នីមួយៗ​មាន​កាតព្វកិច្ច​បង់​វិភាគ​ទាន​១៥០​ដុល្លារ​ក្នុង​១​ឆ្នាំ​ចូល​សមាគម។

ផលិតករ​រឿង "៣.៥" បញ្ជាក់​ថា ចំណូល​ប្រមាណ​ជាង ៣ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ​ពី​វិភាគ​ទាន​របស់​ផលិតកម្ម​ជា​សមាជិក មិន​អាច​ឲ្យ​សមាគម​អាច​ធ្វើ​អ្វី​បាន​ច្រើន ឬ​ពង្រីក​ខ្លួន​ឲ្យ​ធំ​ជាង​នេះ​ទេ។ នោះ​ជា​មូលហេតុ​ដែល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ សមាគម​បាន​យក​ហាង​កាហ្វេ ជា​កន្លែង​ធ្វើ​ការ។ "ពេល​មាន​ការ​ប្រជុំ​អី យើង​ដាក់​ផ្គុំ​តុ​អីចឹង​ទៅ ហើយ​ខ្ញុំ​ខ្លួន​ឯង ថ្លៃ​សាំង​ក៏​មិន​យក ប្រាក់​ខែ​ក៏​មិន​យក​ដែរ"។

នឿយ​ណាយ នឹង​ការ​ប្រឈម​នានា លោក ឆាយ បូរ៉ា ប្រាប់​ថា លោក​បាន​សម្រេច​លា​លែង​មិន​ឈរ​ឈ្មោះ​ទៀត​ទេ ប៉ុន្តែ​យោង​លើ​ស្នាដៃ ក៏​ដូច​ជា​សមិទ្ធផល​​កន្លង​មក លោក​ក៏​ត្រូវ​សមាជិក​បោះ​ឲ្យ​ធ្វើ​ជា​ប្រធាន​អាណត្តិ​ទី​៣​បន្ត​ទៀត ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​កាល​ពី​ចុង​ខែ​កុម្ភៈ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ។

បើ​ទោះ​ជា​ចង់ ឬ​មិន​ចង់ ប៉ុន្តែ​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​របស់​សមាជិក លោក ឆាយ បូរ៉ា អះអាង​ថា លោក​នឹង​បន្ត​ការងារ​របស់​លោក​បន្ត​ទៀត​ក្នុង​នាម​ជា​តំណាង​ផលិតករ ដែល​ពួក​គេ​កំពុង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក។ ជាក់​ស្ដែង លោក​ត្រៀម​ដាក់​ចេញ​នូវ​ផែន​ការ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១.ស្នើ​ទៅ​រដ្ឋាភិបាល​លើក​លែង​ពន្ធ​រយៈ​ពេល​១០​ឆ្នាំ​បន្ត​ទៀត ខណៈ​ការ​លើក​លែង​មុន​នឹង​ត្រូវ​ផុត​នៅ​ខែ​ឧសភា​ខាង​មុខ ដើម្បី​ទុក​ឱកាស​ឲ្យ​ផលិតករ ក៏​ដូច​ជា​ឧស្សាហកម្ម​ភាពយន្ត​ដែល​កំពុង​ងើប​ឡើង​នេះ មាន​ភាព​មាំ​ទាំ​សិន។

២.គ្រោង​នឹង​រៀប​ចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​អ្នក​និពន្ធ និង​ដឹកនាំ​រឿង៖ លោក ឆាយ បូរ៉ា ប្រាប់​ថា ដើម្បី​ធានា​ថា​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​មាំទាំ ធនធាន​ល្អ​ៗ​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់។ ដូច្នេះ​លោក គ្រោង​រៀប​ចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នានា។ កិច្ចការ​នេះ ទី១​លោក​គ្រោង​ចាប់​ផ្ដើម​បណ្ដុះបណ្ដាល​នៅ​ខាង​ក្នុង​ចង្កោម​ផលិតករ​សិន នូវ​ចំណុច​ណា​ដែល​អាច​បំពេញ​ដោយ​ខ្លួន​ឯង។ ទី​២ ស្វែង​រក​សហការ​ជាមួយ​ផ្នែក​ឯកជន។

៣.ចង់​ជំរុញ​ឲ្យ​មាន​ផលិតផល​ភាពយន្ត​ក្នុង​ស្រុក​មាន​ច្រើន​រសជាតិ ក្រៅ​តែ​ពី​ប្រភេទ​រឿង​ខ្មោច។ "ចំណុច​នេះ យើង​គ្រាន់​តែ​លើក​ឧទាហរណ៍​ពី​ប្រទេស​ជិត​ខាង ប៉ុន្តែ​អ្វី​ៗស្ថិត​នៅ​លើ​ការ​ជ្រើសរើស​របស់​ផលិតករ​ដដែល"។

៤.ព្យាយាម​រក​ដំណោះ​ស្រាយ​ក្នុង​រឿង​ចម្រូង​ចម្រាស់​នៅ​ក្នុង​ការ​ផលិត​កុន រវាង​អ្នក​ធ្វើ​កុន ផលិតករ និង​តារា​សម្ដែង)។ បញ្ហា​កន្លង​មក គឺ​តារា​សម្ដែង​រអ៊ូ​ថា សម្ដែង​ចប់​ហើយ​ផលិតករ​មិន​អោយ​លុយ ឬ​ផលិតករ​ថា ថត​ចប់​ហើយ មិន​ទទួល​បាន​ថវិកា​ពី​ម្ចាស់​វិនិយោគ ឯ​អ្នក​វិនិយោគ​រអ៊ូ​ថា អោយ​ថវិកា​ទៅ​អស់​ហើយ ផលិតករ​មិន​ឃើញ​ថត​ជា​ដើម។

៥.នឹង​ព្យាយាម​រក​ទុន​ពី​ខាង​ក្រៅ(អ្នក​មាន​លុយ​នៅ​ក្រៅ​វិស័យ​ភាពយន្ត) មក​វិនិយោគ​បន្ថែម​លើ​វិស័យ​ភាពយន្ត។ ចំណុច​នេះ​លោក​លើក​ឡើង​ថា ជា​ចំណុច​សំខាន់ ព្រោះ​លុយ​ជា​ដង្ហើម​រស់​នៃ​ផលិតកម្ម​ភាពយន្ត។

ងាក​ទៅ​មើល​កិច្ចការ​ក្នុង​អាណត្តិ​ចាស់​របស់​សមាគម​វិញ៖ សមាគម​ភាពយន្ត បាន​ជោគជ័យ​ចំពោះ​សំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ស្នើ​ទុក​ម៉ោង​មាស (Prime Time) សម្រាប់​ភាពយន្ត​ក្នុង​ស្រុក​។ លោក ឆាយ បូរ៉ា អះអាង​ថា ជោគជ័យ​នេះ បាន​បណ្ដុះ​ឆន្ទៈ​ផលិតករ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​ផលិត​ស្នាដៃ​របស់​ខ្លួន។

កិច្ចការ​បន្ត​ទៀត សមាគម​ក៏​បាន​ជួប​ពិភាក្សា និង​លើក​ទឹក​ចិត្ត​ឲ្យ​សមាគម​អ្នក​និពន្ធ ងាក​ពី​ការ​សរសេរ​ប្រលោម​លោក មក​សរសេរ​ភាពយន្ត​ខ្លះ ដើម្បី​បង្កើន​បរិមាណ​ផលិតផល​ភាពយន្ត និង​ច្រើន​ពណ៌​សម្បុរ ជា​ដើម។

នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មុន​នេះ ដែល​រក​ឃើញ​ថា លោក ឆាយ បូរ៉ា ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​អាណត្តិ​ទី​៣នេះ លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស ក៏​បាន​ជាប់​ជា​អនុប្រធាន និង​លោក​សែ​ម វិសាល ម្ចាស់​ផលិតកម្ម Wonderfilm Cambodia ជាប់​ជា​អគ្គលេខាធិការ​ដែរ។ ដោយ​ឡែក​សមាសភាព​២​រូប​ទៀត​គឺ លោក Millan Lov និង​លោក​ព្រហ្ម សិលា ត្រូវ​បាន​បោះ​ឆ្នោត​តែងតាំង​ជា​សមាជិក​សកម្ម​របស់​សមាគម៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម