តាំងពីលេង​នៅ​អង់គ្លេស​មក Matic ធ្វើការបំប៉ោងសំណាញ់ទី​ពី​ចម្ងាយ​ប៉ុន្មាន​ជើងហើយ?

  • 2018-03-06 12:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ ខ្សែ​បម្រើ Nemanja Matic បាន​ធ្វើ​បាន​សម្រេច​គ្រាប់​ Premier Leagueទី ១​របស់​ខ្លួន​ឲ្យ​ក្លឹប Manchester United ជួយ​ឲ្យ​ក្លឹប​យក​ឈ្នះ Crystal Palace។ ទោះ​ជា​យ៉ាង​ណា នេះ​មិន​មែន​ជា​គ្រាប់​ស៊ុត​ពី​ក្រៅ​ប្រអប់​លើក​ទី ១​ ឡើយ ដែល​កីឡាករ​សញ្ជាតិ​ស៊ែប ធ្លាប់​ធ្វើ​បាន​សម្រេច តាំង​ពី​ត្រលប់​មក​លេង​នៅ​អង់គ្លេស​វិញ នៅ​ឆ្នាំ២០១៤។

គិត​តាំង​ពី​ពេល​នោះ​មក ខ្សែ​បម្រើ Matic ស៊ុត​ចូល​ពី​ចម្ងាយ​ចំនួន ៤ គ្រាប់​ហើយ។ កាល​នៅ​លេង​ឲ្យ Chelsea (២០១៤-២០១៧) កីឡាករ​ស៊ែប បំប៉ោង​សំណាញ់​បាន​សរុប​ចំនួន ៧ លើក ក្នុង​នោះ មាន ៣ គ្រាប់ ដែល​ជា​គ្រាប់​ដែល​ស៊ុត​នៅ​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់។

តាំង​ពី​មក​លេង​នៅ​អង់គ្លេស គ្រាប់​ស៊ុត​ក្រៅ​ប្រអប់​ទី ១​របស់ Matic គឺ​ជា​គ្រាប់​បាល់​ Premier League ទី ១​របស់​ខ្លួន​ឲ្យ​ក្លឹប Chelsea ពេល​ប៉ះ​ជាមួយ Everton ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៤/១៥។

មួយ​រដូវ​កាល​ក្រោយ​មក ពោល​គឺ រដូវ​កាល ២០១៥/១៦ ក្នុង​ការ​ប្រកួត​ជាមួយ​ក្លឹប Everton ដដែល​នោះ ខ្សែ​បម្រើ Matic ធ្វើ​បាន​សម្រេច​គ្រាប់​បាល់​ស៊ុត​ពី​ក្រៅ​ប្រអប់​ម្ដង​ទៀត។

មួយ​រដូវ​កាល​បន្ត​មក​ទៀត ក្នុង​កម្មវិធី FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (រដូវ​កាល ២០១៦/១៧) កីឡាករ​ស៊ែប​បាន​ស៊ុត​ចូល​ពី​ចម្ងាយ​នៅ​នាទី ៨០ ដែល​គ្រាប់​នេះ ជួយ​ក្លឹប​តោ​ខៀវ​ឲ្យ​ឈ្នះ Tottenham Hotspur ក្នុង​លទ្ធផល ៤ ទល់​នឹង ២។

ដោយ​ឡែក ចំណែក​គ្រាប់​ស៊ុត​ពី​ក្រៅ​ប្រអប់​ទី ៤​ របស់ Matic គឺ​ធ្វើ​បាន​សម្រេច​កាល​ពី​ប្រកួត​យប់​មិញ​នេះ​ឯង នៅ​នាទីបន្ថែម ជួយ​ឲ្យ​ក្លឹប​បិសាច​ក្រហម​សម្រេច​ការ​វាយ​បក​ឈ្នះ Crystal Palace។

សូម​បញ្ជាក់​ផង​ដែរ​ថា Matic បាន​ចេញ​ពី​ក្លឹប Kosice មក​ចូល​រួម​ជាមួយ​តោ​ខៀវ នៅ​អង់គ្លេស កាល​ពី​ឆ្នាំ ២០០៩។ កីឡាករ​ស៊ែប​បាន​ចាក​ចេញ​ពី​ក្លឹប​ឡុងដុង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ហុល្លង់ Vitesse នៅ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ឆ្នាំ ២០១០។ នៅ​ឆ្នាំ ២០១១ ក្លឹប Chelsea បាន​លក់​ Matic ទៅ​ក្លឹប Benfica។ លេង​នៅ​ទី​នោះ​បាន ៣​ឆ្នាំ កីឡាករ​ស៊ែប​បាន​ត្រលប់​មក​តោ​ខៀវ​វិញ​នៅ​ឆ្នាំ ២០១៤ មុន​ចាក​ចេញ​ពី​ក្លឹប​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៧៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី