iPhone ប្រើ​ថ្ម​ចាស់​ និង​ថ្ម​ថ្មី​ ល្បឿន​ពិត​ជា​ខុស​គ្នា​ដូច​មេឃ​ និង​ដី​

  • 2018-03-07 03:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា​​នៅ​លើ​ iOS 10.2.1 ក្រុមហ៊ុន​ Apple បាន​បន្ថែម​មុខងារ​គ្រប់​គ្រង​ថាមពល​ថ្ម​ដោយ​សម្ងាត់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​ល្បឿន​ iPhone មាន​ថ្ម​អាយុ​កាល​យូរ។ យ៉ាងណាក្ដី​មុខងារ​នេះ​មិន​បាន​ប្រកាស​ចេញ​ជា​សាធារណ​នោះ​ទេ ហើយ​អ្នក​ប្រើ​ប្រាស់​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ ក្រោយ​បាន​ដឹង​ពី​វត្តមាន​នៃ​មុខងារ​នេះ។

Apple ក៏​បាន​ប្រកាស​ពី​ការ​បន្ថែម​​ជម្រើស​ឲ្យ​បិទ​មុខងារ​គ្រប់​គ្រង​ថាមពល​ថ្ម​​នៅ​លើ​ iOS 11.3 ដែល​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឆាប់ៗ​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​ប្រើ​ប្រាស់​គណនី​ YouTube ឈ្មោះ​ Bennett Sorbo បាន​សម្រេច​ចិត្ត​បង្ហាញ​ថា​​ដំណើរ​ការ​​លើ iPhone ដែល​ថ្ម​អាយុ​កាល​យូរ​មាន​ល្បឿន​ខុស​គ្នា​ នឹង iPhone ដែល​មាន​ថ្ម​ថ្មី​​ខ្លាំង​យ៉ាង​ណា។

ការ​ធ្វើ​តេស្ត​ ធ្វើ​ឡើង​លើ iPhone 6s ដែល​ឆ្លង​កាត់​​​ការ​ធ្វើ​ប្រតិបត្តិការ​មួយ​ចំនួន​ ដោយ​នៅ​ខាង​ឆ្វេង​ជា​ iPhone ប្រើ​ថ្ម​ចាស់​ និង​ខាង​ស្ដាំ​ជា​ iPhone ប្រើ​ថ្ម​ថ្មី។ ប្រតិបត្តិការ​រួម​មាន​ការ​បើក​វិបសាយ, ទស្សនា​វីដេអូ​លើ YouTube, បើក​កម្មវិធី និង​ចុង​ក្រោយ​ធ្វើ​តេស្ត​ម៉ាស៊ីន​ជា​មួយ​កម្មវិធី​ Geekbench។

លទ្ធផល​បង្ហាញ​ថា​​ល្បឿន​រវាង​ស្មាតហ្វូន​ទាំង​ពីរ​ខុស​គ្នា​ខ្លាំង​មែន​ទែន​ ដោយ​ iPhone ប្រើ​ថ្ម​ចាស់​ចំណាយ​ពេល​ ៥ នាទី ៤៥ វិនាទី​ដើម្បី​បញ្ចប់​កិច្ច​ការ និង iPhone ដែល​មាន​ថ្ម​ថ្មី​ប្រើ​ពេល​ ៤ នាទី ៣៣ វិនាទី។ ចំណែក​ការ​តេស្ត​​ម៉ាស៊ីន​វិញ​ iPhone មាន​ថ្ម​ចាស់​បាន​ ១៤៣៧ ពិន្ទុ​លើ​​ដំណើរ​ការ​ Single-Core និង ២៤៨៥ ពិន្ទុ​លើ​ Multi-Core ហើយ​ iPhone ថ្ម​ថ្មី​បាន​ពិន្ទុ​ ២៥២០ និង​ ៤៤១២៕​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង