រំជួលចិត្ត ពេល​ដឹងពីអារម្មណ៍​ពិត​របស់​ពល​ករ​ចំណាក​ស្រុក

  • 2018-03-07 04:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបំពេញ​តម្រូវ​ការ​ក្នុង​គ្រួសារ និង​រំពឹង​ថានឹងជួយធ្វើឲ្យជីវភាពគ្រួសារ​បានល្អ ប្រ​សើរ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មួយចំនួន​បាន​សម្រេចចិត្ត​ចាកចេញពីប្រទេសកំណើត​ទៅធ្វើការ​នៅ​បរទេស។ ស្ត្រី​ខ្មែរ​មួយរូប​​ដែល​មាន​បទពិសោធន៍ទៅធ្វើការស្រប​ច្បាប់​​នៅប្រ​ទេស​ថៃ​លើក​ឡើងថា​បញ្ហា​ជីវភាព​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​បង្ខំចិត្ត​ចាក​ចោល​ស្រុក​កំណើត និង​ទុក​កូន​ស្រី​ឲ្យ​ម្តាយ​មើល​ថែរជំនួស។

(អ្នកស្រី អ៊ុំ ចិន្តា កំពុង​ធ្វើម្ហូបសម្រាប់អាហារថ្ងៃត្រង់​នៅ​ផ្ទះ​អ្នកស្រី)

អ្នកស្រី​អ៊ុំ ចិន្តា មានស្រុក​កំណើត​នៅស្រុក​ទ្រាំង ខេត្តតាកែវជាស្រ្តីមេម៉ាយ និងមាន​កូនស្រី​ម្នាក់​នៅ​ក្នុង​បន្ទុក។​អ្នកស្រីបាន​ចេញទៅ​ធ្វើការ​នៅ​ប្រ​ទេស​ថៃ​ឆ្នាំ២០១៤ និង​វិល​មក​កម្ពុជា​វិញ​នៅ​ចុង​ឆ្នាំ២០១៧។ ថ្វីត្បិត​តែ​អ្នកស្រីមាន​វ័យ​ជាង​៤០​ឆ្នាំ​ក៏ពិត​មែន តែអ្នកស្រី​នៅ​តែសម្រេច​ចិត្តទៅធ្វើការ​នៅប្រ​ទេស​ថៃ ដោយ​ថា​ដើម្បីបានប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ស្រី។

អ្នកស្រី​រំឭក​ថា​ទៅ​ដល់​ប្រទេស​ថៃ​អ្នកស្រី​បាន​ចូលធ្វើការ​នៅ​រោង​ចក្រផលិត​​សំបក​កង់រថយន្ត​មួយ និងបានទទួល​ប្រាក់ខែ​១៥ ០០០​បាត ឬប្រហាក់ប្រហែលនឹង​៤៧០​ដុល្លារ​ បើគិត​អត្រាប្តូរប្រាក់​បច្ចុប្បន្ន។

អ្នកស្រី​ឲ្យ​ដឹងទៀតថា​ថៅកែបាន​ឲ្យ​បន្ទប់ស្នាក់​នៅ​មួយ​សម្រាប់​គ្នា​បី​នាក់​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​​។ អ្នកស្រី​បន្តថា​អ្នកស្រី​ចំណាយសរុប​ទាំងថ្លៃទឹក​ភ្លើង និង​ថ្លៃ​បន្ទប់​អស់​ក្នុង​មួយខែ​ចន្លោះពី​១ ២០០បាត ទៅ​១ ៤០០បាត។ ចំណែក​ការ​ធ្វើដំណើរ​វិញ​អ្នកស្រី​ថា​រាល់​ពេល​ទៅធ្វើការ និងត្រឡប់វិញ​គឺ​ក្រុម​ហ៊ុនមាន​រថយន្ត​សម្រាប់ជូនទៅនិងមក ដែល​កន្លែងធ្វើការ​មាន​ចម្ងាយប្រហែលជា​បីទៅ​បួន​គីឡូម៉ែត្រពី​កន្លែង​ស្នាក់​នៅ។ ​

និយាយជារួម អ្នកស្រី​ចាត់ទុក​ថា​ការ​ងារ​នៅ​ប្រ​ទេសថៃមិន​សូវជា​លំបាក​ប៉ុន្មាន​ទេ និង​ថែមទាំងបាន​ផ្តល់​ចំណូល​សម្រាប់អ្នកស្រីផង។ ប៉ុន្តែ​អ្វីដែល​ពលករ​ផ្សេងទៀតជួបប្រ​ទះ រួម​ទាំងអ្នក​​ស្រី​ផង​នោះគឺការ​នឹង​រឭក​ស្រុក​កំណើត ឪពុកម្តាយ និង​កូនដែល​នៅស្រុក ដែល​អារម្មណ៍​មួយនេះ អ្នក​ស្រីថា​ពិតជា​ពិ​បាក​ទ្រាំ​។

អ្នកស្រី​រំឭក​អារម្មណ៍​ពេល​នៅ​ឆ្ងាយ​ស្រុក​ថាៈ «រាល់​រដូវ​បុណ្យ​ទាន​ ភ្ជុំបិណ្ឌ​ឬ​ចូលឆ្នាំ​ខ្ញុំ​នឹក​កូន​នឹក​ឪពុក​ម្តាយ​រហូត​ស្រក់​ទឹក​ភ្នែក​…មិន​គួរណា​រសាត់​អណ្តែត​មក​កម្សត់​កម្រនៅទី​នេះទេ​(ស្រុកថៃ)...អារម្មណ៍​នឹក​ស្រុក​ម្តងៗ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើ​រតែ​រត់​ចោល​ការ​ងារ​ទៅ​ហើយ​​»។

ដើម្បី​រំសាយ​អារម្មណ៍​នឹក​ស្រុក​កំណើត​នេះ អ្នកស្រី​ថា​អ្នកស្រី និង​មិត្ត​រួម​បន្ទប់​តែង​តែង​ជជែក​គ្នា​ និង​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​អារម្មណ៍​មួយ​នេះ។ អ្នកស្រី​បន្ថែមថាៈ «ពេលនឹកស្រុក នឹក​កូន នឹក​ឪពុក​ម្តាយ ហើយពេល​ធ្លាក់ខ្លួន​ឈឺ​​រិតតែធ្វើ​ឲ្យ​នឹក​ស្រុក...អ៊ីចឹង​មានតែ​និយាយ​ប្រាប់អ្នក​នៅជាមួយ​គ្រាន់បានធូរចិត្តខ្លះ​»។​

ទោះយ៉ាងណា អ្នកស្រី​មិនអាចទ្រាំរស់នៅ​ឆ្ងាយស្រុក និង​កូនបាន​យូរ​នោះទេ កាលពី​ចុង​ឆ្នាំ​២០១៧ អ្នកស្រី​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

បើ​តាម​របាយការណ៍​សង្ខេប​របស់​អង្គការ​ILO សម្រាប់​ត្រីមាសទី​១ ឆ្នាំ២០១៧ ក្នុង​មួយ​ឆ្នាំៗ​មាន​យុវជន៣០​ម៉ឺន​នាក់​ចូល​ក្នុង​ទី​ផ្សារ​ការងារ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​បាន​ចំណាក​ស្រុក ទៅ​ធ្វើការ​នៅ​បរទេស ក្នុង​វិស័យ​សំណង់ កសិកម្ម នេសាទ ចិញ្ចឹមសត្វ ជាដើម។

ពលករ​ខ្មែរ​នៅ​ប្រ​ទេស​ថៃមានចំនួន​ជាង​១,១៧​លាន​នាក់​ ក្នុង​នោះ​មាន​ជាង១,១១​លាននាក់​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ។ ពល​ករ​ទៅធ្វើការ​ដោយស្របច្បាប់នៅ​ម៉ាឡេស៊ីមានចំនួន​ជិត​៥ម៉ឺន​នាក់ គិតពី​ឆ្នាំ១៩៩៨ ដល់​២០១៦ នៅ​កូរ៉េខាង​ត្បូង​មានចំនួន​ជាង​៤ម៉ឺន​នាក់​គិតពី​២០០៧ ដល់​២០១៥ ជប៉ុន ជាង ២ ០០០​នាក់ គិតពីឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៦ និង​សិង្ហបុរី មាន​ចំនួន​៤០០​នាក់គិតពី​ឆ្នាំ២០១៣ ដល់​២០១៥។ នេះ​បើ​តាម​របាយការណ៍​ដដែល។

អ្នកស្រី អ៊ុំ ចិន្តា​ បច្ចុប្បន្ន​​បាន​ប្រ​កប​របរ​លក់​ដូរ​ម្ហូបអាហារ​បន្តិច​បន្តួចនៅ​ក្បែរ​ផ្ទះ​ដើម្បី​ផ្គត់ផ្គង់ជីវភាព​ប្រចាំថ្ងៃ ខណៈដែល​កូន​ស្រីអ្នកស្រី​ដែល​មាន​វ័យ​២០​ឆ្នាំ​ទៅ​ហើយ​នោះ​កំពុង​រៀន​ភាសា​កូរ៉េ​​ត្រៀម​ប្រឡង​ចេញ​ទៅ​ធ្វើការ​នៅ​ប្រ​ទេស​កូរ៉េខាងត្បូង​​៕​

អត្ថបទ​ដោយ៖ ជិន វេន