យុវជន​លេច​ធ្លោ ម៉ាត់​ ណូរ៉ុន​ ទម្លាយ​ចំណុច​ខ្សោយ​របស់​ខ្លួន

  • 2018-03-07 08:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​អគ្គិសនី​កម្ពុជា ម៉ាត់ ណូរ៉ុន​ ដែល​​គេ​រំពឹង​ថា​នឹង​លេច​ធ្លោ​ម្នាក់​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៨​នេះ​បាន​បង្ហាញ​ពី​​ខ្សោយ​របស់​ខ្លួន​​ និង​រំពឹង​ជួយ​ក្រុម​បាន​ច្រើន​សម្រាប់​ការ​ប្រកួត​បន្ទាប់។

ម៉ាត់​ ណូរ៉ុន ​បាន​ក្លាយ​ជា​កីឡាករ​ជួរ​មុខ​ដ៏​សំខាន់​ម្នាក់​​សម្រាប់​ក្លឹប​អគ្គិសនី​កម្ពុជា​ក្នុង​យុទ្ធនា​ការណ៍​ការ​ប្រកួត​ជើង​ឯក​ជាតិ​​រដូវ​កាល​២០១៨​។ ការ​ប្រកួត​សប្តាហ៍​ទី​១​​រូប​គេ​​ជា​ខ្សែ​ប្រយុទ្ធ​ទោល​ដែល​បាន​ប៉ះ​ទង្គិច​នឹង​ខ្សែ​ការពារ​របស់​វិសាខា​ជា​ញឹក​ញាប់​រហូត​ដល់​អាជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហម​បណ្តេញ​កីឡាករ​វិសាខា​២​នាក់​ ប៉ុន្តែ​អគ្គិសនី​បាន​ចាញ់​​៤-០។

កីឡាករ ម៉ាត់ ណូរ៉ុន

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​សប្តាហ៍​ទី​១​នេះ​ កីឡាករ​ដែល​ត្រូវ​គេ​ហៅ​ថា​ Messi បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​រូប​គេ​ពិបាក​ណាស់​នៅ​តំបន់​ជួរ​មុខ​​ម្នាក់​ឯង​​ និង​​គ្មាន​កីឡាករ​បរទេស​ជួយ។ ជាង​​នេះ​ទៅ​ទៀត​ រូប​គេ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន។ ណូរ៉ុន​​ប្រាប់​ថា​ ៖«សម្រាប់​ប្រកួត​ទី​១​​ ខ្ញុំ​​នៅ​​ខ្វះ​ខាត​ច្រើន​ ទី​១​កម្លាំង​ ទី​២​ល្បឿន​ និង​ទី​៣​បច្ចេកទេស​គ្រប់​គ្រង​បាល់​ ​អូស​បាល់​​នៅ​​មាន​កម្រិត។ ម្យ៉ាង​មាឌ​ខ្ញុំ​រាង​តូច​​ល្អិត​ថែម​ទៀត»។ ទាំង​នេះ​ទាមទារ​ឲ្យ​រូប​គេ​ខិត​ខំ​ហ្វឹកហាត់​ដើម្បី​​ឲ្យ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។​

ម៉ាត់ ណូរ៉ុន​បន្ថែម​ថា​ ប្រកួត​សប្តាហ៍​ទី​១​​កន្លង​ទៅ​ ក្រុម​អគ្គិសនី​កម្ពុជា​មិន​​ទាន់​យល់​ចិត្ត​គ្នា​​ល្អ​​ឡើយ។ កីឡាករ​ថ្មី​ពីរ​បី​នាក់​ទើប​ចូល​​ អីចឹង​អត់​ទាន់​យល់​ចិត្ត​គ្នា​ទេ។ ​នៅ​មាន​​ចំណុច​ខ្វះ​ខាត​​ច្រើន​​ដែល​ត្រូវ​តែ​ធ្វើ​ឲ្យ​​ល្អ​ប្រសើរ​សម្រាប់​ប្រកួត​បន្ទាប់។

ពាក់​ព័ន្ធ​នឹង​ឈ្មោះ​ដែល​អ្នក​ដទៃ​ស្រែក​ហៅ​ថា​ Messiៗ​ ត្រូវ​បាន​​កីឡាករ​រូប​នេះ​ប្រាប់​ថា ៖«តាម​ពិត​កាល​ពី​ក្មេង​ខ្ញុំ​ធ្លាប់​លេង​​បាល់​ជិត​ៗ​ផ្ទះ​ ​ខ្ញុំ​​ពូកែ​​លេង​​ជើង​ឆ្វេង​ ហើយ​មាឌ​ខ្ញុំ​ល្អិត​។ គេ​ហៅ​លេង​ហ្នឹង​ដំបូង​ ​តែ​ក៏​ជាប់​ឈ្មោះ​ Messi ​រហូត​ដល់​ឥឡូវ​»។

ម៉ាត់ ណូរ៉ុន​ ​អតីត​យុវជន​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ត្រូវ​បាន​លោក​ ទេព ឡុងរចនា​ អតីត​គ្រូ​បង្វឹក​​ក្រសួង​ការពារ​ជាតិ​​យល់​ឃើញ​ថា ជា​យុវជន​ដែល​មាន​ទេពកោសល្យ​ ហើយ​រូប​គេ​អាច​ល្បី​ល្បាញ​ស្នង​តំណែង​កីឡាករ​ ចាន់ វឌ្ឍនាកា​បាន។ ចំណែក​គ្រូ​បង្វឹក​អគ្គិសនី​កម្ពុជា​ លោក ប្រាក់​ វុទ្ធី​ រំពឹង​លើ​រូប​គេ​តែ​ម្នាក់​គត់​ដែល​អាច​រក​គ្រាប់​បាល់​​ឲ្យ​ក្រុម។ ទាំង​លោក​ ប្រាក់ វុទ្ធី​ និង​លោក​ ហុក សុជីវន្ត​ គ្រូ​បង្វឹក​វិសាខា​យល់​ថា​ រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​លេច​ធ្លោ​ម្នាក់​ ប្រសិន​បើ​ព្យាយាម​ហ្វឹកហាត់​ដល់​កម្រិត៕

អត្ថបទ៖ ជាន ចាន់រ៉ា