ទឹកចិត្តឪពុក! ឯកឧត្ដម ថៃ នរៈ​សត្យា​ សន្យា​ដឹក​នាំ​​កូន​ប្រុស​​ដើរ​លើ​ផ្លូវ​ល្អ​ ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ​

  • 2018-03-07 09:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ថ្ងៃ​ទី​១៩ ខែមករា​ ឆ្នាំ​២០១៨ មក​ លោក ​ថៃ​នរៈ ​ពិទូ​ ​បាន​ចេញ​ពី​ពន្ធ​នា​គារ​ហើយ​ ក្រោយ​ពីជាប់​ឃុំ​អស់​រយៈ​ពេល​១ឆ្នាំ​ ពាក់​ព័ន្ធនឹង​គ្រឿង​ញៀន​។ នេះ​ជា​ការ​បញ្ជាក់​របស់​​លោកឪពុករបស់ ពិទូ គឺ ឯកឧត្ដម ថៃ នរៈសត្យា។

អតីត​ Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ដែល​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់​ខ្លួន​ ​ពី​បទ​រក្សា​ទុក​គ្រឿង​ញៀន កាលពី​ថ្ងៃទី ០៩ មករា​ ឆ្នាំ​២០១៧ ពេល​នេះ​លោក​បាន​ទទួល​​​សេរីភាព​វិញ​ហើយ​ ក្រោយពី​ជាប់ ពន្ធនាគារ​ ១ឆ្នាំ ។ ឯកឧត្ដម ថៃ នរៈសត្យា បាន​បញ្ជាក់​ថា​ លោក​កូន​ប្រុស​លោក​បាន​ទទួល​សេរី​ភាព​វិញ​ហើយ​ក្រោយ​ពី​អនុវត្តតាម​ច្បាប់​តុលាការ​រួច​មក។ ឯក​ឧត្តម​មាន​សុទិដ្ឋិនិយម​ចំពោះ​កូន​ប្រុស​ថា​ នឹង​អាច​ដើរ​ផ្លូវ​​ដ៏​ត្រឹម​ត្រូវ ដើម្បី​សាង​ជីវិត​ថ្មី​ ក្រោយ​ពី​ទទួល​កំហុស​ខុស​ឆ្គង​របស់​ខ្លួន។

ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋ​លេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌

ឯកឧត្ដម ថៃនរៈ​ សត្យា ៖«​ ខ្ញុំ​លើក​ទឹក​ចិត្ត​កូន​ថា​ ទី​ណា​ក៏​ជា​សាលា​រៀន​ នៅ​ទី​នោះ​យើង​ចាត់​ទុក​ថា​ជា​កន្លែង​លុត​ដំ​ខ្លួន​ដែរ​។ ក្រោយ​ពី​កូន​ខ្ញុំ​បាន​រួច​ខ្លួន​ពី​ទោស​ទណ្ឌ​ ដែល​ដាក់​ដោយ​ច្បាប់​ហើយ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ខ្លាំង​ក្រៃ​លែង។ ខ្ញុំ​សង្ឃឹម​និងកំពុង​ដឹកនាំ​កូន​ដើរ​​វិថី​ទៅ​រក​ក្តី​សង្ឃឹម​ថ្មីៗ​ ហើយ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​ដើរ​លើ​ផ្លូវ​ខុស​ឆ្គង​​ទៀត​ទេ»។

លោក ថៃ នរៈពិទូ និង​ម្តាយ

ឯកឧត្ដម ថៃនរៈ​ សត្យា រៀប​រាប់ពី​ស្ថាន​ភាព​កូន​ប្រុស​ខ្លួន​ថា ​ពិទូ​មាន​ការសោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​កន្លង​មក​ ហើយ​វា​នៅ​តែ​លង​បន្លាច​ក្នុង​អារម្មណ៍​ខ្លួន​ជាប់​ជានិច្ច។ ម្សិលមិញនេះលោក​ក៏​បាន​បង្ហាញ​វត្ត​មាន​ក្នុង​កម្ម​វិធី​ជំនួប​នាយរដ្ឋមន្រ្តី​ និង​ក្រុម​សិល្បករ​ ក្នុងទិវាវប្បធម៌ជាតិ។

ក្នុងនាមជាឪពុក ឯកឧត្ដម ថៃនរៈ​ សត្យា ​បាន​រក្សាជំហរមិន​ធ្វើ​អត្តរាគមន៍​អ្វី​ទាំង​អស់​ជុំ​វិញ​បញ្ហា​របស់​កូន​​ប្រុស​ខ្លួន ទោះ​ជា​ភរិយា​លោក​ធ្លាប់​បាន​បង្ហាញ​ពី​ភាព​ពិបាក​ចិត្ត​ខ្លាំង​ក្រោយកូន​ជាប់​ទោស​ក៏ដោយ៕

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទពេញនិយម