Draxler ខឹង​គ្រូ PSG រឿងមួយ ក្នុងពេល​ប្រកួតប៉ះ Real យប់មិញ

  • 2018-03-07 13:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Julian Draxler ក្នុង​ថ្ងៃ​នេះ សារភាព​ថា ​បាន​ខឹង​នឹង​អ្នក​ចាត់​ការ PSG លោក Unai Emery ដែល​បាន​ពន្យារ​ពេល​ក្នុង​ការ​ដាក់​ខ្លួន​ឲ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​ UCL ប៉ះ​ Real Madrid យប់​មិញ។

ក្នុង​អំឡុង​ពេល​ដែល Real Madrid កំពុង​នាំ​មុខ ១-០ កីឡាករ​អាល្លឺម៉ង់ Draxler ត្រូវ​បាន​​លោក Emery ត្រៀម​ដាក់​ឲ្យ​ដូរ​ចូល​លេង​ក្នុង​ការ​ប្រកួត។ ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ​បាន​ដូរ​ចិត្ត​វិញ ក្រោយ​ខ្សែ​ប្រយុទ្ធ​ Edinson Cavani តាម​ស្មើ​ នៅ​នាទី ៧១ វិញ។ រហូត​ទាល់​តែ​នាទី ៧៦ ទើប​លោក​សម្រេច​ដាក់​ Draxler ឲ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត។ ទោះ​ជា​យ៉ាង​ណា Casemiro បាន​ជួយ​ឲ្យ​ជួយ​ Real Madrid នាំ​មុខ​ជា​ថ្មី នៅនាទី ៨០ ហើយ​លទ្ធផល​នេះ បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។

ការ​សម្រេច​ចិត្ត​របស់ Emery ក្នុង​ការ​ពន្យារ​ពេល​ដូរ Draxler ឲ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត ធ្វើ​ឲ្យ​កីឡាករ​អាល្លឺម៉ង់​មិន​សប្បាយ​ចិត្ត។ ថ្លែង​ប្រាប់​សារព័ត៌មាន ZDF កីឡាករ​វ័យ ២៤​ឆ្នាំ បាន​ហៅ​ការ​សម្រេច​ចិត្ត​នេះ ថា ជា​ការ​សម្រេច​ចិត្ត​ដ៏​ស្ពឹក។ Draxler បាន​និយាយ​ថា៖ "ខ្ញុំ​ភ្ញាក់ផ្អើល និង​ខឹង​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ Emery ធ្វើ​បែប​ហ្នឹង​ទេ"។

Draxler បាន​បញ្ជាក់​ទៀត​ថា៖ "យើង​ស៊ុត​ចូល ១​វិញ​មែន ប៉ុន្តែ​ការ​ស៊ុត​ចូល​ហ្នឹង​មិន​បាន​ធ្វើ​ឲ្យ​បរិយាកាស​ការ​ប្រកួត​ប្រែ​ប្រួល​ឡើយ។ ខ្ញុំ​យល់​ថា ស្ថានភាព​បែប​ហ្នឹង​ យើង​ត្រូវ​តែ​លេង​ប្រយុទ្ធ​បន្ថែម។ Real Madrid លេង​យ៉ាង​មាន​ទំនុក​ចិត្ត ខណៈ​យើង​វិញ បែរ​ជា​លេង​ទៅ​មុខ​ទៅ​ក្រោយ​ទៅ​វិញ"។

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី