​​​ផ្ទះ​តម្លៃ​ទាប និង​ខុនដូរ ​ប៉ុន្មាន​​កំពុង​​សាង​សង់ និង​ដាក់​លក់​?

  • 2018-03-08 03:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​រហូត​ម​ក​ដល់​ពេល​នេះ​ មាន​​​គំរូ​ផ្ទះ​តម្លៃ​​ទាប​ និង​មធ្យម​ចំនួន​បី​គម្រោង​ត្រូវ​បាន​នឹង​កំពុង​ដំណើរ​ការសាងសង់​​ និង​ខ្លះ​ទៀត​កំពុង​ដាក់​លក់។ នេះ​បើតាម​ លោក​ សេង ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​​ដី​នគរ​រូប​នីយកម្ម​ និង​សំណង់​។  ផ្ទះ​តំលៃ​ទាប ជា​ផ្ទះ​ដែល​តម្រូវ​លើ​​ពលរដ្ឋ មាន​ចំណូល​ទាប​ និង​មធ្យម ក្រោម ៥០០​ដុល្លារ ជា​មន្រ្តី​រាជការ អ្នក​​រៀបការ​ហើយ និង​ទិញ​ហើយ​​មិន​អាច​យក​ទៅ​ជួល ​និង​លក់​បន្ត លុះត្រាតែ ​៥​ឆ្នាំ​ក្រោយ ទើប​អាច​ជួល​ និង​លក់​បាន។

  លោក​បាន​បន្ថែម​​ថា គម្រោង​ទាំង​បី​នោះ​រួមមាន៖

គម្រោង​ទី​​១ របស់​​​លោក​​ឧកញ៉ា ​សៀ ប្ញទ្ធី ​អគ្គ​នាយក​ក្រុមហ៊ុន វើលប្រ៊ីដ ឡែនដ៍ ដែល​​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពីថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៧ និង​បាន​ប្រកាស​ដាក់​លក់​កាល​ពីពេលថ្មី​​ៗ​នេះ។ ​គម្រោង​នេះ​សាងសង់​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៦០​លាន​ដុល្លារ​អាមេរិក នៅ​លើ​ផ្ទៃដី ២៤​ហិកតា មាន​ចំនួន ២ ២៩៧​ផ្ទះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល​ប្រមាណ​៨​​គីឡូ​ម៉ែត្រ ​ពី​​ទីក្រុង​​តា​ខ្មៅ។​ គម្រោង​នេះ​​នឹង​​បញ្ចប់​​ជា​​ស្ថាពរ​​នៅ​​ចុង​​ឆ្នាំ​​ ២​០១៨។  

គម្រោង​ទី​២​ ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន B-BM development ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​រវាង​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប (Bun Ches Group) និង ក្រុមហ៊ុន BPC trading ត្រូវ​បាន​អភិវឌ្ឍន៍​លើ​ផ្ទៃដី ៨២​ហិកតា ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល មាន​ចម្ងាយ ២១​គីឡូម៉ែត្រ​ពី​វត្តភ្នំ រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ (​មាន​ចម្ងាយ ៤០០​ម៉ែត្រ​ពី​ផ្លូវជាតិ​) ។  

​តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​ផ្ទះ​ចំនួន ៥៣៤០​ល្វែង ដោយ​ក្នុង​នោះ​ប្រភេទ​ផ្ទះ​ទំហំ ៤,១​ម៉ែត្រ​គុណ ១៣​ម៉ែត្រ​មាន​ចំនួន ៨៦៤​ល្វែង (​ជា​ប្រភេទ​ផ្ទះ​១​សន្លឹក​កន្លះ​) និង​ផ្ទះ​ទំហំ ៥,១​ម៉ែត្រ​គុណ​៧,២​ម៉ែត្រ​មាន ៤៤៧៦​ខ្នង (​ជា​ប្រភេទ​ផ្ទះ​ពីរ​ជាន់​)​។ ​គម្រោង​នេះ​នឹង​បើក​លក់​នៅ​ពាក់​កណ្ដាល​ ខែមីនា ឆ្នាំ​២០១៨ ។

គម្រោង​ទី​៣ គឺ​ខុនដូ​តម្លៃ​ទាប ​របស់​ក្រុម​ហ៊ុនអារ៉ាកាវ៉ា(Arakawa ) ដែល​គម្រោង​នេះ​ផ្ដល់​អាទិភាព​ខ្ពស់​សម្រាប់​មន្ត្រីរាជការ គ្រូបង្រៀន និង​សិស្ស​-និស្សិត​​ មាន​ទីតាំង​​ស្ថិត​​ក្នុង​​ភូមិទឹក​ថ្លា សង្កាត់​ទឹ​កថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​ គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​​អំឡុង​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៧​ កន្លង​មក​នេះ ដោយមាន​កម្ពស់​ចន្លោះ​ពី​១៩ជាន់​ទៅ​២០ជាន់​ អភិវឌ្ឍ​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ១៣ ៦៨០​ម៉ែត្រក្រឡា។ ក្រុម​ហ៊ុន​​បាន​បង្ហាញ​ពី​ឆន្ទៈ​​ក្នុង​​ការ​​សាង​សង់​​ប្រកប​​ដោយ​​គុណភាព​ ​និង​​ទំនុក​ចិត្ត​​ចំពោះ​​អាគារ​​ស្នាក់​នៅ​​ទាំង​​​១០ ​ដែល​​មាន​​ចំនួន​២ ០០០ ​យូនីត​នេះ​​ សម្រាប់​​ដំណាក់​កាល​​​ទី​​១ ក្នុង​ទំហំទឹក​ប្រាក់​ ៤០លានដុល្លារអាមេរិក និង​ដំណាក់កាល​ទី២ ៣០លានដុល្លារអាមេរិក​ ដោយ​ចំណាយ​រយៈ​ពេល​សាងសង់​រយៈពេល​៤២ខែ។

 

លោក ​សេង ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​​ដី​នគរ​រូប​នីយកម្ម​ និង​សំណង់ បាន​ឱ្យ​ដឹង​​ទៀត​ថា មកដល់​ឆ្នាំ​២០១៨ នៅ​មិន​ទាន់​មាន​ការ​វិនិយោគ​លើ​ផ្ទះ ឬ​ខុនដូរ​បន្ថែម​ទៀត ​នៅ​ឡើយ​ទេ។  

កាលពី​ពេល​ថ្មី​ៗ​​ឯកឧត្ដម​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែន​​ដី​នគរ​រូបនីយកម្ម និង​សំណង់​​បាន​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​​លើ​គម្រោង​លំនៅឋាន​តម្លៃ​ទាប ដើម្បី​ជួយ​ដល់​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យ​ម​ ពិសេស​​អ្នក​ធ្វើការ​ក្នុង​វិស័យ​វាយនភណ្ឌ​កា​ត់​ដេរ ​និង​ស្បែក​ជើង។  

រាល់​ការ​​ទទួល​​ទិ​ញ​លក់​និង​កក់​ផ្ទះ​ និង​ខុនដូរ​តម្លៃ​ទាប​ ក្រុមហ៊ុន ​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ពិនិត្យ​ដោយ​ផ្ទាល់។ តម្លៃ​ផ្ទះ​ចាប់​ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ អាស្រ័យ​ទៅ​តាម​ប្រភេទ​ផ្ទះ និង​ទំហំ៕  

ចុចអាន៖  

អត្ថបទ៖ សុផល