ចង់ដឹងអត់ អគ្គិសនីប្រជាពលរដ្ឋខ្មែរប្រើទូទាំងប្រទេស មានប្រភពមកពីណាខ្លះ?

  • 2018-03-09 03:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថាមពល​អគ្គិសនី​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ប្រើប្រាស់​ទូទាំង​ប្រទេស គឺ​បាន​ពី​ការ​ចូលរួម​ចំណែក​ពី​ប្រភព​ថាមពល​សំខាន់​ៗ ​ដូច​ជា៖ ​ការ​អភិវឌ្ឍ​សាងសង់​ទំនប់​វារីអគ្គិសនី ​៤២,៩១​ភាគរយ ស្ថានីយ​ធ្យូងថ្ម ​២៣,៥៧​ភាគរយ ​ប្រេង​ម៉ាស៊ូត ​១១,៥៩​ភាគរយ ​ជីវម៉ាស់ ៣,៦៩​ភាគរយ ​និង​ការ​នាំ​ចូល ​១៨,២៤​ភាគរយ។ នេះ​បើ​តាម​ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ប្រកាស​ក្នុង​សន្និបាត ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មីនា​ ឆ្នាំ​២០១៨។

គិត​ត្រឹម​ចុង​ឆ្នាំ​២០១៧ ​អានុភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា ​សរុប​មាន ​២២៨២,៣​ ​មេហ្គាវ៉ាត់ ស្មើ​នឹង​កំណើន ៦៨​ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០១៤ ​ដែល​បាន​សម្រេច​ចេញ​នូវ​ខ្សែ​បណ្ដាញ​បញ្ជូន​ជាតិ ​មាន​ប្រវែង ១៩៥៧​គីឡូម៉ែត្រ គ្រប​ដណ្តប់​លើ​ ​៨១,៦​ភាគរយ ​នៃ​ចំនួន​ភូមិ​ទូ​ទាំង​ប្រទេស។ ​ក្នុង​នោះ ការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​ដល់​ផ្ទះ​ប្រជាជន​បាន​ចំនួន ២,៣២ ​លាន​ខ្នង ​ស្មើ​នឹង ​៦៨,៦៤​ភាគរយ ​នៃ​ចំនួន​ផ្ទះ​សរុប​ទូទាំង​ប្រទេស ​កើន​ឡើង ​២៦​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៤។

ជាមួយ​នឹង​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​ក្នុង​ស្រុក បាន​ធ្វើ​ឲ្យ​អត្រា​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​បាន​ធ្លាក់​ចុះ​ចំនួន​ជាង ២​៤​ភាគរយ។ ទន្ទឹម​នឹង​នេះ ​ក្រសួង​រ៉ែ ​ក៏​បាន​ប្រកាស​ថា ​ក្រសួង​បាន និង​កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី​បន្ថែម ​ក្នុង​នោះ ​មាន​គម្រោង​វារីអគ្គិសនី ​គម្រោង​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម គម្រោង​កែច្នៃ​សំរាម​ជា​ថាមពល ​និង​គម្រោង​ថាមពល ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ​ជា​ដើម។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​គ្រប់​ភូមិ​នៅ​ទូទាំង​ប្រទេស នឹង​មាន​អគ្គិសនី​ប្រើប្រាស់ ​នៅ​ឆ្នាំ​២០២០​។ ​ការងារ​នេះ ​នឹង​អាច​សម្រេច​ទៅ​តាម​គោលដៅ ដោយសារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អគ្គិសនី​កម្ពុជា​ល្អ​ប្រសើរ ​និង​ការ​ទំនុក​បម្រុង​ពី​រដ្ឋាភិបាល​លើ​វិស័យ​ថាមពល។

​ក្នុង​ឆ្នាំ​២០១៨​នេះ ​ក្រសួង​រ៉ែ ​និង​ថាមពល បាន​ដាក់​ទិសដៅ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឲ្យ​បាន ​៨៨​ភាគរយ ​នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស ​និង​តភ្ជាប់​ដល់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ឲ្យ​បាន ៧​៥ ​ភាគរយ ហើយ​រហូត​ដល់​ឆ្នាំ​២០២០ ​ប្រជា​ពលរដ្ឋ​គ្រប់​ភូមិ​ទូទាំង​ប្រទេស ​នឹង​មាន​បណ្ដាញ​អគ្គិសនី​ជាតិ​ប្រើ​ប្រាស់៕

អត្ថបទ៖ វឌ្ឍនៈ