ម្ចាស់​ក្លឹប​​​បាន​ចាក​ចេញ​ពី​បឹងកេត​​មែន​

  • 2018-03-09 03:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​របស់​ក្លឹប​បឹងកេត​ដែល​ជា​អ្នក​បង្កើត​ក្លឹប​តាំង​ពី​ដំបូង​រហូត​ដល់​បច្ចុប្បន្ន​បាន​ចាក​ចេញ​ពី​ក្លឹប​​ហើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ បែ​ មករា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ លោក​ បែ​ មករា​ បាន​ប្រាប់​ថា​ Sabay ថា​ ​ម្ចាស់​ក្លឹប​​​បាន​ដក​ខ្លួន​ចេញ​ពី​បឹងកេត​ហើយ​​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លំអិត​នោះ​ទេ។ យ៉ាង​ណា​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ មីនា​តាម​រយៈ​​បទ​សម្ភាសន៍​​នៅ​ទូរទស្សន៍​ BTV​ លោក​បាន​ប្រាប់​ជា​សាធារណៈ​ថា​ ម្ចាស់​​ក្លឹប​ពិត​ជា​បាន​ចាក​ចេញ​ពី​ក្លឹប​មែន​ ​ប៉ុន្តែ​​នៅ​តែ​មាន​ទំនាក់ទំនង​មនោសញ្ចេតនា។

លោក បែ មករា

ពាក់​ព័ន្ធ​នឹង​ការ​ចាក​ចេញ​របស់​​លោក​ ស៊ីវ ស៊ីថា​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ នាគ​ខៀវ​​ជា​ម្ចាស់​កម្ការ​កៅស៊ូ​បឹងកេត​​នេះ​បាន​ធ្វើ​ឲ្យ​​​ក្រុម​​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​៣​សម័យ​​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក។ លោក​ បែ​ មករា​ ឲ្យ​ដឹង​ថា​ ការ​ចំណាយ​របស់​ក្លឹប​កន្លង​មក​​គឺ​បាន​មក​ពី​ធន​ធាន​របស់​ម្ចាស់​ក្លឹប​ផ្ទាល់​ ​ប៉ុន្តែ​​នៅ​ពេល​លោក​​បាន​ចាក​ចេញ​​ទៅ​ធ្វើ​ឲ្យ​ក្លឹប​ជួប​ការ​លំបាក​ និង​ត្រូវ​ស្វះស្វែង​រក​ចំណូល​ដើម្បី​ទ្រទ្រង់​ក្លឹប។ ពេល​នេះ​ អ្នក​ចាត់​ការ​បឹងកេត​​​ដើរ​តួ​​ជា​​ឪពុក​ម្ដាយ​របស់​ក្លឹប​ដើម្បី​រក​ចំណូល​​ទ្រទ្រង់។ នេះ​ជា​ទឹក​ចិត្ត​ស្រលាញ់​បាល់ទាត់​ដែល​លោក​ចង់​ឲ្យ​មាន​ឈ្មោះ​​រហូត។

​រដូវ​កាល​២០១៨​នេះ​ ក្លឹប​បឹងកេត​​ទទួល​បាន​ការ​ឧបត្ថម្ភ​ស្រាបៀរ​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ ចំនួន​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក​នឹង​មិន​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់​មួយ​រដូវ​កាល​ពេញ​ឡើយ។ ក្លឹប​ត្រូវ​ការ​លុយ​បន្ថែម​ទៀត​ដើម្បី​ទ្រទ្រង់​ក្លឹប​​ទៅ​ថ្ងៃ​ខាង​មុខ​។

ក្រុម​បឹងកេត

ពេល​នេះ​ក្លឹប​​ត្រូវ​ការ​​អ្នក​​ទ្រព្យ​​ធន​ ឧកញ៉ា​ សេដ្ឋី​ ក្រុម​ហ៊ុន​នានា​ដើម្បី​ជួយ​ឧបត្ថម្ភ​​គាំទ្រ​សម្រាប់​ដំណើរ​ការ​ក្លឹប​ឲ្យ​ដំណើរ​ការ​យូរ​អង្វែង​ទៀត។ បឹងកេត​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១​ និង​ឡើង​លេង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១២​ដែល​ឈ្នះ​ជើង​ឯក​លីគ​ឆ្នាំ​នោះ​តែ​ម្តង។ បន្ទាប់​មក​ក្លឹប​មួយ​នេះ​តែង​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​រហូត​ ហើយ​ពីរ​ឆ្នាំ​ចុង​ក្រោយ​​​គឺ​២០១៦ និង​២០១៧​ជា​ជើង​ឯក​​លីគ​កម្ពុជា។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​ ក្លឹប​​តំណាង​ឲ្យ​ក្រុម​កម្ពុជា​លេង​​​លើ​ឆាក​អន្តរជាតិ​​ AFC Cup និង​ Mekong Toyota Club Championship៕

អត្ថបទ៖ ជាន ចាន់រ៉ា