PSG ​ធ្លាក់​ពី Champions League ដោយ​សារ​អត់​សំណាង

  • 2018-03-09 13:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប​បិសាច​ក្រហម Roy Keane កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បដិសេធ​ក្នុង​ការ​ទិតៀន​ក្លឹប PSG។ អតីត​ខ្សែ​បម្រើ​រូប​នេះ​បាន​និយាយ​ថា ការ​ចាក​ចេញ​របស់​ក្លឹប PSG ពី​កម្មវិធី Champions League គឺ​ដោយ​សារ​តែ​មិន​មាន​សំណាង។

Keane បាន​និយាយ​ប្រាប់ ITV ថា៖ "ខ្ញុំ​គិត​ថា PSG ហាក់​មិន​មាន​សំណាង​សោះ ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ។ ក្លឹប​លេង​រហូត​ដល់​លេខ ១​ក្នុង​ពូល​របស់​ខ្លួន ប៉ុន្តែ​បែរ​ត្រូវ​បាន​ចាប់​ឆ្នោត​ ទៅ​ប៉ះ​ជាមួយ Real Madrid នៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ទៅ​វិញ"។

វីរបុរស​ក្លឹប​បិសាច​ក្រហម​រូប​បន្ត​៖ "ទាក់​ទិន​រឿង​ប្រកួត​វិញ ពួក​គេ​មិន​សូវ​មាន​សំណាង​ក្នុង​ការ​ប្រកួត​ជើង​ទី ១ ខណៈ​ជើង​ទី​ពីរ ពួក​គេ​អត់​មាន Neymar ហើយ​កីឡាករ​ម្នាក់​លេង​បាន​កាត​ក្រហម​ទៅ​ទៀត​ក្នុង​ប្រកួត​ហ្នឹង។ ដូច្នេះ PSG ត្រូវ​ការ​សំណាង​ខ្លះ ក្នុង​កម្មវិធី Champions League។ អ៊ីចឹង​ហើយ ខ្ញុំ​មិន​ធ្វើ​ការ​ទិតៀន​ក្លឹប​ទេ"។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ជំនួប​ជើង ១ នៅ​ពេល​លទ្ធផល​នៅ ១​ទល់​នឹង ១ ក្លឹប Real Madrid និង PSG ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ ដោយ​មាន​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក​ច្រើន​សា។ ទោះ​ជា​យ៉ាង​ណា ពីរ​គ្រាប់​ពី​សំណាក់ Cristiano Ronaldo និង Marcelo នៅ​អំឡុង​នាទី ៨០ ជួយ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​យក​ឈ្នះ ៣ ទល់​នឹង ១។

បែរ​មក​ជំនួប​ជើង​ទី ២ ខ្សែ​ប្រយុទ្ធ Neymar បាន​អវត្តមាន​ដោយ​សារ​របួស ខណៈ​ខ្សែ​បម្រើ Marco Verratti លេង​បាន​កាត​ក្រហម​នៅ​នាទី ៦៦។ ការ​ប្រកួត​បញ្ចប់​ ដោយ​ Real Madrid ឈ្នះ PSG ២ ទល់​នឹង ១ ធ្វើ​ឲ្យ​ក្លឹប​បារាំង​ធ្លាក់​ពី Champions League ត្រឹម​វគ្គ ១៦​ក្រុម។

រយៈ​ពេល ២​ឆ្នាំ​ជាប់​គ្នា ដែល​ក្លឹប PSG បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ក្នុង​កម្មវិធី UCL។ កាល​ពី​ឆ្នាំ​មុន បើ​ទោះ​ជា​ឈ្នះ ៤-០ ក្នុង​ជើង​ទី ១ ក្លឹប​ត្រូវ​បាន​ទម្លាក់​ដោយ​ក្លឹប​ Barcelona នៅ​ជើង​ទី ២ បន្ទាប់​ពី​ក្លឹប​អ្នក​មាន​បុណ្យ បាន​វាយ​បក​បាន​សម្រេច​ឈ្នះ​ក្នុង​លទ្ធផល ៦ ទល់​នឹង ១ នៅ​ទឹក​ដី Camp Nou។ ឯ​ឆ្នាំ​នេះ ក្លឹប​ត្រូវ​បាន​ទម្លាក់​ដោយ Real Madrid៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី