នៅ​ពេល​នេះ ករុណា ពេជ្រ បង្ហើប​ពី​រឿង​ចាប់​ដៃគូ​ជាមួយ មាស សុខ​សោភា ជា​ថ្មី

  • 2018-03-10 03:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្លាប់​ចាប់​ដៃគូ​ជាមួយ​គ្នា​ពី​អតីត​កាល នៅ​ថ្ងៃ​នេះ ករុណា ពេជ្រ បាន​ព្រលយ​ពី​ការ​ចាប់​ដៃ​គ្នា​ជាមួយ មាស សុខ​សោភា សារ​ជា​ថ្មី បន្ទាប់​ពី​ច្រើន​ឆ្នាំ​មក​ហើយ ពួក​គេ​ធ្វើ​ការ​រៀង​ខ្លួន។

តម្រុយ​នេះ ករុណា ពេជ្រ បាន​បញ្ចេញ​នៅ​លើ IG របស់​ខ្លួន ស្ទង់​ពី​ការ​គាំទ្រ។ លោក​បាន​សរសេរ​ថា "បើ​យើង​ទាំង​ពីរ ចាប់​ដៃគូ​សម្ដែង​ជាមួយ​គ្នា​សារ​ជាថ្មី​ម៉េច​ដែរ?”។ គិត​ត្រឹម​ម៉ោង​៩ ព្រឹក​ថ្ងៃ​សៅរ៍​នេះ មិន​ទាន់​ឃើញ​អ្នក​គាំទ្រ​តារា​ចម្រៀង​ទាំង​ពីរ​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ។

ជុំ​វិញ​បញ្ហា​នេះ ភាគី​ខាង​ប្រុស​បាន​ប្រាប់ Sabay ថា នោះ​មិន​ទាន់​ជា​ផែន​ការ​ច្បាស់​លាស់​មួយ​ទេ។ “ខ្ញុំ​គ្រាន់​តែ​និយាយ​លេង​(សើច)...តែ​វា​ក៏​អត់​ទាន់​ច្បាស់​ដែរ​បង ពួក​ខ្ញុំ​ជួប​គ្នា ក៏​និយាយ​គ្នា​លេង តែ​វា​អត់​ទាន់​ច្បាស់​ដែរ"។

បញ្ហា​សំខាន់​មួយ​ទៀត គឺ​លោក​កំពុង​មមាញឹក​ជាមួយ​នឹង​ការងារ​គ្រប់គ្រង​ផ្សារ​នៅ​សៀមរាប ក្រោយ​លោក​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី​ការ​គ្រប់គ្រង​ផលិត​កម្ម ថោន រួច​នោះ។ ដូច្នេះ​ហើយ លោក​មិន​ទាន់​អាច​មាន​ពេល​គ្រប់​គ្រាន់ ទៅ​គិត​រឿង​ខាង​លើ​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ។ យ៉ាង​ណា លោក​ក៏​ទាន់​ទាត់​ចោល​ពី​លទ្ធភាព ដែល​ពួក​គេ​អាច​នឹង​ចាប់​ដៃ​គ្នា​ជា​ថ្មី​នៅ​វេលា​ណា​មួយ​ខាង​មុខ​នៅ​ឡើយ​ដែរ។

ករុណា ពេជ្រ និង មាស សុខសោភា ធ្លាប់​ជា​ដៃគូ​ចម្រៀង​ជាមួយ​គ្នា​កាល​ពី​អំឡុង​ឆ្នាំ ២០១០។ កាលណោះ មាន​បទ​ជា​ច្រើន​ពួក​គេ​ច្រៀង​រួម​គ្នា​មាន​បទ "I am Sorry” “អស់​ឱកាស" “ក្រែង​ចិត្ត​សង្សារ​ចាស់" និង​បទ "ទុក​ឱកាស​ទារ​បេះដូង​ពី​គេ" ជា​ដើម ដែល​បទ​ទាំង​នេះ គឺ​ល្បី​ខ្លាំង​នា​ពេល​នោះ។

តាម​រយៈ​ការ​ចាប់​ដៃគូ​គ្នា​ជាមួយ​ដៃគូ​ស្រី​រូប​នេះ អតីត​អ្នក​ចាត់​ការ​ផលិតកម្ម​ថោន អះអាង​ថា បាន​ជួយ​ជ្រោង​កេរ្តិ៍​ឈ្មោះ​ខ្លាំង​មែន​ទែន។ ដូច្នេះ​ហើយ លោក​ឆ្លៀត​ពេល​ថ្លែង​អំណរគុណ មាស សុខ​សោភា។ "ផ្កា​មួយ​បាច់​នេះ ជូន​សម្រាប់​ថ្ងៃ​សិទ្ធិ​នារី និង​អរគុណ​គ្រប់​យ៉ាង ដែល ក. មាស សុខ​សោភា ជួយ​ខ្ញុំ ពី​ដំបូង រហូត​ដល់​បង​ប្អូន​ខ្មែរ ស្គាល់​ខ្ញុំ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ...!!!“៕

អត្ថបទ៖ ទារិកា