អ្នកភ្នំពេញបើមិនចង់អស់លុយថ្លៃសាំង ធ្វើដំណើរតាមវិធី៣យ៉ាងនេះល្អផុតលេខ

  • 2018-03-11 02:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណើន​ប្រជាពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​។ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​សេវា​សាធារណ​ក្នុង​ការ​ដឹក​ជញ្ជូន ដើម្បី​កាត់​បន្ថយ​បញ្ហា​កកស្ទះ ក៏​ដូចជា​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។ ខាង​ក្រោម​នេះ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណ​៣​យ៉ាង អ្នក​នៅ​ភ្នំពេញ​អាច​ជ្រើសរើស​បាន៖ ​

១. សេវា​រថយន្ត​ក្រុង​សាធារណៈ

មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ជ្រើសរើស​មធ្យោបាយ​នេះ​សម្រាប់​ធ្វើ​ដំណើរ ទៅ​តាម​គោលដៅ​រៀងៗ​ខ្លួន ដូចជា៖ ទៅ​សាលា កន្លែង​ធ្វើ​ការ ទៅ​ផ្សារ​ជា​ដើម។ មធ្យោបាយ​នេះ បាន​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង ហើយ​ថែម​ទាំង​មាន​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់​ថែម​ទៀត​ផង។

បច្ចុប្បន្ន​នេះ អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ​​មាន​​ការ​កើន​ឡើង​ពី​ជាង ៥ ពាន់​នាក់​ មក​ជាង ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ ខណៈ​ខ្សែ​រត់​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ចំនួន​៩ ខ្សែ​លើ​ចំនួន​រថយន្ត​ចំនួន ១៥០​គ្រឿង។ នេះ​បើតាម​លោក​​ ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។

ជា​ពិសេស​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​បន្ថែម​រថយន្ត​ ៨០ ​គ្រឿង​បន្ថែម​ទៀត​ ដើម្បី​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ។

២. កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ

នៅ​ថ្ងៃ​ទី ០៦ ខែ​មេសា ខាង​មុខ​នេះ​ការ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​ គឺ​ជា​សេវាសាធារណ​ថ្មី​មួយ​ទៀត សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​កកស្ទះ និង​ចំណេញ​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ។

រូបភាព៖ ក្រសួងសាធារណការ

កាណូត​ត្រៀម​ដឹក​ដំណើរ​មាន​ចំនួន​៤​គ្រឿង ក្នុង​២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត​កាណូត​ចាស់ៗ​របស់​កម្ពុជា យក​​មក​ជួសជុល​ និង​លាប​ពណ៌​ឡើង​វិញ។ ការ​ដឹក​ដឹក​ជញ្ជូន​នេះ មាន​ប្រវែង ២៥​គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល​ប្រមាណ​៣៥​នាទី។

កាណូត​ថ្មី មាន​ចំណុះ ផ្ទុក​អ្នក​ដំណើរ ៤៨​នាក់ ដោយ​បំពាក់​ម៉ាស៊ីន​ត្រជាក់។ រីឯ​កាណូត​ចាស់​របស់​ក្រសួង អាច​ផ្ទុក​មនុស្ស ៦០ នាក់ ក្នុង ១​គ្រឿង។

ចំពោះ​ការ​ដាក់​ឲ្យ​ដំណើរការ​ដោយ​ឥតគិតថ្លៃ​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ពិចារណា ក្រោយ​ពេល​បើក​ឲ្យ​ដំណើរការ​សាកល្បង ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​ដឹង​ពី​ការ​ចំណាយ ព្រោះ​ការ​ដឹកជញ្ជូន​នេះ ដំណើរការ​ដោយ​រដ្ឋាភិបាល។

៣. រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

ខ្សែ​រថភ្លើង​រត់​ពី​ស្ថានីយ​ភ្នំពេញ​តភ្ជាប់​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ ដោយ​បច្ចុប្បន្ន ការ​សាងសង់​នៅ​សល់​តែ​ប្រមាណ​ជា ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ក្នុង​ប្រវែង​សរុប ១៦១៣​ម៉ែត្រ។

រថភ្លើង​ធុន​ស្រាល​៣​គ្រឿង​កំពុង​ដំឡើង​នឹង​រួចរាល់​ ហើយ​ត្រូវ​ចេញ​ដំណើរ​ពី​ប្រទេស​មិចស៊ីកូ យ៉ាង​យូរ​បំផុត​ដាច់ ​ខែ​មីនា នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ ហើយ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ការ​ធ្វើ​ដំណើរ​រយៈ​៤​ខែ​ដំបូង នឹង​មិន​ត្រូវ​គិត​ថ្លៃ​នោះ​ទេ៕

អត្ថបទ៖ វឌ្ឍនៈ