សាត ឌិច តស៊ូពីត្រកូលក្រខ្សត់ ក្លាយជាគ្រូឆ្នើមវ័យក្មេងល្បីឈ្មោះ មានទេពកោសល្យមិនធម្មតា

  • 2018-03-13 01:45:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

ត្រឹម​វ័យ​២៥ឆ្នាំ សាត ឌិច បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ទាំង​វ័យ​ក្មេង​​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ហើយ​ថែម​ជា​គ្រូ​ដ៏​ឆ្នើម​ម្នាក់​ពោរពេញ​ដោយ​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន អាច​ខាប​យក​បេះដូង​សិស្ស​គ្រប់​គ្នា​ឲ្យ​គោរព​ស្រលាញ់​ចូលចិត្ត និង​មាន​ឈ្មោះ​បោះ​សំឡេង​ប្រចាំ​ខេត្ត​ទៀត​ផង។

សាត ឌិច មាន​ស្រុក​កំណើត​នៅ​សង្កាត់​កែប ក្រុង​កែប​ ខេត្ត​កែប មាន​បង​ប្អូន​៣​នាក់ ឪពុក​ម្ដាយ​ជា​​កសិករ។ ទោះបី​ជា​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រ​លំបាក​​ខ្លាំង​ប៉ុណ្ណា ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យយុវជន​រូប​នេះ​អស់​សង្ឃឹម​ឡើយ ផ្ទុយ​មក​វិញ​វា​ក្លាយ​ជា​កត្តា​ជំរុញ​ឲ្យ​រូប​គេ​តស៊ូ​រៀន​សូត្រ​យ៉ាង​មោះមុត រហូត​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១២។

មាន​និស្ស័យ​និស្ស័យ​ស្រលាញ់​អាជីព​ជា​គ្រូ​បង្រៀន​តាំង​ពី​តូច​ផង​នោះ សាត ឌិច បាន​ប្រឡង​ជាប់​ជា​គ្រូ​ក្រប​ខណ្ឌ​រដ្ឋ​ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២ និង​ក្លាយ​ជា​គ្រូ​បង្រៀន នៅ​វិទ្យាល័យ​ប៊ុន រានី ហ៊ុនសែន ចរិយាវង្ស។ បច្ចុប្បន្ន​ សាត ឌិច ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​៩ មុខ​វិជ្ជា​ភាសា​ខ្មែរ។ ដំណាល​គ្នា​នោះ​ដែរ កំលោះ​កើតលើទឹកដីជាប់ឆ្នេរសមុទ្រ​រូប​នេះ ក៏​ឆ្លៀត​រៀន​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​អង្គរ​ខេមរា លើ​ទឹក​ដី​ ខេត្ត​តាកែវ រហូត​ទទួល​ជោគជ័យ​នៅ​ឆ្នាំ​២០១៦ និងកំពុងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជធានីភ្នំពេញ។

ចាប់​តាំង​ពី​ចូល​បង្រៀន​ថ្ងៃ​ដំបូង​មក បុគ្គល​ស្រលាញ់​វិស័យ​អប់រំ​រូប​នេះ​ តាំង​ចិត្ត​ថា នឹង​ធ្វើ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់ បញ្ចេញ​ឲ្យ​អស់​នូវ​រាល់​ទេពកោសល្យ​ សមត្ថភាព​ផ្ទេរ​ទៅ​ឲ្យ​កូន​សិស្ស​គ្រប់​ៗ​រូប ឲ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​ល្អសម្រាប់​សង្គម​ជាតិ។ មិន​ខុស​ពី​ការ​តាំង​ចិត្ត​ឡើយ សាត ឌិច បាន​ក្លាយ​ជា​គ្រូ​ដ៏​មាន​ប្រជាប្រិយ​ភាព​ប្រចាំ​សាលា រហូត​ល្បី​ដល់​ថ្នាក់​ខេត្ត បន្ទាប់​ពី​រូប​លោក​តែង​បង្កើត​សកម្មភាព​ល្អៗ​ក្នុង​សាលា​ជា​ប្រចាំ ដែល​មិន​ធ្លាប់​មាន​គ្រូ​ណា​ធ្លាប់​ធ្វើ​បែប​នោះ​ឡើយ។ ក្នុង​នោះ​មាន​ដូចជា​រៃ​អង្គាស​សិស្ស​ម្នាក់​បន្តិច​បង្កើត​កម្មវិធី​ប្រឡង​តែង​កំណាព្យ តាំង​ពី​តូចតាច​រហូត​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ខេត្ត​ ថ្នាក់​មន្ទីរ​ទៀត​ផង។ ជា​ពិសេស​ការ​បង្កើត​ការ​ជួបជុំ​ដ៏​រីករាយ​ជា​មួយ​កូន​សិស្ស មិន​ដែល​ខាន។

ក្រៅ​ពី​គ្រូបង្រៀន​ដ៏​ឆ្នើម​ម្នាក់​ សាត ឌិច មាន​សមត្ថភាព​ជា​ច្រើន​ទាក់ទង​នឹង​អក្សរសិល្ប៍​ខ្មែរ​ដូចជា ការ​សរសេរ​រឿង​ប្រលោមលោក រឿង​និទាន​សម្រាប់​កុមារ​ តែង​កំណាព្យ ស្មូតជា​ដើម។ សមត្ថភាព និង​ទេព​កោសល្យ​ដ៏​ពិសេស​នេះ បាន​រុញ​ច្រាន​ឲ្យ​រូប​លោក​ចូលរួម​ការ​ប្រឡង​ប្រជែង​រាប់​មិន​អស់ និង​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ដូចជា៖ ​​កំណាព្យ «រួមគ្នាប្រឆាំង​អំពើ​ពុក​រលួយ» ជយលាភី​លេខ២​ឆ្នាំ​២០១៤ និង​កំណាព្យ «យុវជន​កូន​កសិករ​» ជាប់​ជា​កិត្តិយស​ឆ្នាំ​២០១៥ ប្រលោម​លោក «ឈាម​យុវជន» ជាប់​កិត្តិយស​ឆ្នាំ​២០១៥ រឿង​ខ្លី «ម៉ែ​ខ្ញុំ​ឆ្កួត​» ជាប់​កិត្តិយស​ឆ្នាំ​២០១៥ និង​កំណាព្យ «គ្រូ​បង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ» ជយលាភី​លេខ​៣​ឆ្នាំ​២០១៧។

ចំណែក​ឯ​ស្នាដៃ​ថ្មីៗ​មាន​ដូចជា​រឿង កំហុស​អ្នក​ណា​ ជា​ប្រលោម​លោក​ក្នុង​សៀវភៅ​របស់សហអ្នកនិពន្ធ មន្ត​ទឹក​ខ្មៅ និង​រឿង​ឈាម​៣​ដុំ ដែល​ចុះ​ផ្សាយ​លើ​ប្រលោម​លោក​សប្បាយ​ទៀត​ផង។ ក្រៅ​ពី​នោះ​មាន​រឿង​និទាន​ខ្លីៗ​ធ្លាប់​បាន​បោះពុម្ព​ផ្សាយ​ដូចជា៖ រឿង​កូន​កង្កែប​មិន​ចេះ​ហែល​ទឹក ស្ដេច​តោ​កំសាក រឿង​សង្គ្រាម​ជ្រូក​ក្នុង​ទ្រុង។ល។

ជា​ចុង​ក្រោយ​និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូប​នេះ ប្រាប់​ថា ​គោលដៅ​ទៅ​ថ្ងៃ​អនាគត លោក​នៅ​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់​ដូចជា​ការ​សរសេរ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​សរសេរ​រឿង​ជា​ច្រើន​គ្រោង​ទុក​សម្រាប់​ធ្វើ​ការ​បោះពុម្ព។ រីឯ​ការងារ​ជា​គ្រូ​បង្រៀន​ ទោះបី​ជា​ការងារ​មួយ​មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​ ប៉ុន្តែ​សាត ឌិច និយាយ​ថា វា​មាន​តម្លៃ ហើយមនុស្ស​ទូទៅ​ស្រលាញ់​ចូលចិត្ត ព្រោះ​ធនធាន​មនុស្ស​កើត​ចេញ ពី​គ្រូ​បង្រៀន បើ​មិន​មាន​គ្រូ​បង្រៀន​ក៏​គ្មាន​ធនធាន​មនុស្ស ហើយ​ប្រទេស​ក៏​គ្មាន​ការ​អភិវឌ្ឍ​ដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

​​


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ