Smart ចេញ​គម្រោង​ថ្មី WiFi ចល័ត​តាម​ផ្ទះ តម្លៃ​ទាប ហើយ​ល្បឿន​ម៉ាអេម

  • 2018-03-12 11:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smart Axiata បាន​ដាក់​ដំណើរ​ការ​សេវា​ថ្មី គឺ Smart@Home ដែល​ជា​សេវា​អ៊ីនធឺណិត​តាម​ផ្ទះ​មាន​ល្បឿន​លឿន ដើម្បី​បំពេញ​តម្រូវ​ការ​បន្ថែម​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។

សេវាកម្ម​នេះ​គឺ​សាមញ្ញ និង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ដំឡើង​ឧបករណ៍​រ៉ោតទ័រ (Router) គ្មាន​ខ្សែ​មួយ​ប៉ុណ្ណោះ​នៅ​តាម​ផ្ទះ អ្នក​នឹង​មាន​សេវា WiFi ល្បឿន​លឿន ដោយ​អាច​ភ្ជាប់​ការ​ប្រើប្រាស់​រហូត​ដល់ ១០ឧបករណ៍​ក្នុង​ពេល​តែ​មួយ។

លោក Thomas Hundt នាយក​ប្រតិបត្តិ Smart Axiata បាន​និយាយ​ថា៖ "Smart@Home ​ជា​សេវាកម្ម​ដ៏​ពិសេស​មួយ​ទៀត ​ដែល​យើង​ខ្ញុំ​ចង់​ចែក​រំលែក​ទៅ​ដល់​ប្រជា​ជន​កម្ពុជា​ទាំង​អស់ ពោល​គឺ​អតិថិជន​នៅ​តាម​គេហដ្ឋាន ឬ​នៅ​ខាង​ក្នុង​អគារ​នានា អាច​ទទួល​បាន​បទពិសោធន៍ និង​អត្ថ​ន័យ​ពិតប្រាកដ​នៃ​សេវា WiFi ដែល​មាន​ល្បឿន​លឿន ងាយស្រួល​ប្រើប្រាស់ ហើយ​មាន​តម្លៃ​សមរម្យ​បំផុត"។

Smart@Home ផ្ដល់​សេវា​អ៊ីនធឺណិត​ដោយ​មិន​តម្រូវ​ឲ្យ​មាន​កិច្ច​សន្យា​ប្រើប្រាស់​មាន​ពេល​កំណត់ ដែល​គម្រោង​នៃ​ការ​បង់​ប្រាក់​ប្រចាំ​ខែ​មាន ៣ប្រភេទ ចាប់​ពី ១២ដុល្លារ ហើយ​ក្នុង​នោះ​គម្រោង (Premium) មាន​ល្បឿន​ដល់ ១០Mbps។

លោក Stjepan Udovicic នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ Smart Axiata បាន​លើក​ឡើង​ថា៖ “អតិថិជន​ដែល​បាន​ទិញ​សេវា​នេះ គឺ​អាច​រីករាយ​ជាមួយ​នឹង​កម្មវិធី​កម្សាន្ត​ដ៏​ពិសេសៗ​រាប់​ពាន់ មាន​នៅ​លើ iflix និង JaikonTV ដោយ​សេរី ហើយ​សម្រាប់​អ្នក​បង់​ប្រាក់​ជាមុន ពេល​ទិញ​សេវាកម្ម Smart@Home នឹង​ទទួល​បាន​ទិន្នន័យ​ប្រចាំ​ខែ ១GB ព្រម​ទាំង​ក្លាយ​ជា​សមាជិក SmartVIP ផង​ដែរ។

ចំពោះ​ការ​បង់​សេវាកម្ម ផ្លាស់​ប្ដូរ​គម្រោង​ប្រចាំ​ខែ ការ​ស្នើ​សុំ​ដឹក​ជញ្ជូន​ឧបករណ៍ Router បញ្ចូល​ទឹក​ប្រាក់ ឬ​គ្រប់​គ្រង​គណនី សុទ្ធ​តែ​អាច​ធ្វើ​តាម​កម្មវិធី SmartNas ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រុមហ៊ុន​ឡើយ។

WiFi អាច​យក​តាម​ខ្លួន​បាន​នេះ អាច​ប្រើ​ប្រាស់​បាន​ក្នុង​តំបន់​ជាច្រើន​ក្នុង​ក្រុង​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់​ដំបង ហើយ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ នឹង​ត្រូវ​ពង្រីក​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ដូចជា ខេត្ត​កណ្ដាល ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ស្ពឺ ក្រុង​ប៉ោយប៉ែត និង​ក្រុង​ស៊ីសូផុន។

សម្រាប់​អ្នក​ចុះ​ឈ្មោះ​មុន​ថ្ងៃ​ទី៣១ ឧសភា ឆ្នាំ២០១៨ នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស ដោយ​អាច​ចុះ​ឈ្មោះ​តាម​កម្មវិធី SmartNas, Smart Shop ណា​មួយ​ក៏​បាន ឬ​តាម​រយៈ​ទូ និង​តុកតុក Smart@Home។ ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Smart Axiata

ដោយ៖ វិទូ