មាន​ហេតុ​ផល​ពីរ​យ៉ាង ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​បន្ត​ធ្វើពិធី​លៀង​អារក្ស​

  • 2018-03-13 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​នៅតែ​មាន​ជំនឿ​ទៅ​លើ​ពិធី​បញ្ជាន់​រូប ឬ​លៀង​អារក្ស ដោយ​ជឿថា​ដើម្បី​បាន​សេចក្តី​សុខ និ​ង​អាចជួយ​ឲ្យ​ជំងឺរោគាទាំងឡាយ​ចាក​ឆ្ងាយពី​អ្នកភូមិ។ នេះបើ​តាម​ការ​លើក​ឡើ​ង​របស់អ្នក​រៀបចំពិធី​លៀងអារក្ស។

(បុរសចំណាស់ម្នាក់​កំពុង​ដោត​មាន់ឆ្កាង​សម្រាប់ពិធីសែនអារក្ស)

លោក​ អៀង គុណ វ័យ៦០​ឆ្នាំ រស់នៅ​ឃុំបឹង​ត្រាញ់ខាងជើង ស្រុក​ទ្រាំង ខេត្ត​តាកែវ លើក​ឡើងថា​អ្នក​ភូមិ​របស់​លោក​តែងរៀបចំពិធី​លៀងអារក្ស​មុន​ពិធី​បុណ្យចូល​ឆ្នាំខ្មែរ​ជារៀង​រាល់​ឆ្នាំ។ អ្នក​រៀប​ចំពិធី​នេះ​ដដែល​បន្ត​ថា ពិធីលៀង​អារក្ស ឬបញ្ជាន់​រូបនេះ​ធ្វើឡើង​ដើម្បី​សុំ​ពរជ័យ​ពី​អារក្សដែលជឿថា​ជាអ្នក​ថែរក្សាអ្នក​ភូមិ​ឲ្យមាន​ក្តី​សុខ​។

លោក​បន្តថាពិធី​នេះ​ក៏មាន​ធ្វើដែរ​សម្រាប់អ្នក​ជំងឺ ដោយជឿថាអារក្ស​អាចជួយ​ឲ្យ​អ្នកជំងឺបាន ធូរស្បើយ​។ ទោះយ៉ាងណា​លោក​ថា​អ្វីទាំងនេះ​គ្រាន់តែ​ជា​ជំនឿតែប៉ុណ្ណោះ។ ​

ស្រ្តីជាអ្នក​ភូមិ​ម្នាក់​ដែលចូល​រួម​ក្នុង​ពិធីលៀងអារក្ស​កាលពី​ម្សិល​មិញ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា​អ្នកស្រី​ចូលរួមពិធីនេះទៅ​តាម​ទម្លាប់​ប៉ុណ្ណោះ និង​ថា​តាមពិត​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ទាំង​មុន​នឹង​ក្រោយ​ធ្វើពិធី​។

អ្នកស្រី​បន្តថាៈ «​នេះ​គ្រាន់​ជា​សេរី​ភាព​នៃ​ជំនឿ​ប៉ុណ្ណោះ...គេ​ថា​អាគម​ផ្សំ​អាយុ​»។

បើ​តាម​លោក អៀង គុណ រណ្តាប់​សម្រាប់​ពិធីលៀងអារក្ស​នេះ មាន​ដូចជា​បាយ​សម្ល មាន់​ស្ងោរមួយគូនិង​មាន់​ឆ្កាងមួយ។ ចំណែក​ឧបករណ៍​ភ្លេង​វិញ​លោក​ថា​មានដូចជាស្គរ និង​ទ្រ ជា​ដើម​ប្រើ​សម្រាប់​លេង​កំដរ​សម្រាប់​ឲ្យ​អ្នក​បញ្ជូល​រូប​​​បញ្ចេញ​កាយវិការ​រាំពត់ពេន ដោយ​ជឿថា​នឹង​អន្ទង​បារមី​ឲ្យ​ចូល​សណ្ឋិត។

នៅ​ពេល​ដែល​ស្រ្តីជា​អ្នក​បញ្ជាន់រូប​ធ្វើ​កាយវិការ​ដូចជាមាន​បារមី​ចូល​សណ្ឋិន​ ពេល​នោះ​ប្រ​ជា​ពល​រដ្ឋនឹង​ធ្វើការតាំងសំណួរទៅកាន់​អ្នក​ចូលរូប​ និង​សំណូមពរឲ្យ​ជួយ​ថែរក្សា​អ្នក​ភូមិ​ឲ្យ​ជួប​តែសេចក្តីសុខ។

បើតាម​វចនានុ​ក្រមសម្តេចព្រះ​សង្ឃរាជ ជួន ណាត លៀងអារក្ស​ ជាការ​រៀបពិធី​មានបាយ​ចំណី ព្រមទាំង​ភ្លេង​ផង​សម្រាប់​បូជាជូន​អារក្ស៕ ​​​​​​


អត្ថបទ​ដោយ៖ ជិន វេន