សេះ​អាយុ​២​ឆ្នាំ KK ​កំពុង​ល្បី​ខ្លាំង​នៅ​ទីលាន SCT Sport Complex

  • 2018-03-13 07:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

KK ជា​សេះ​អាយុ​ទើប​២​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ​អាច​ចូលរួម​ប្រកួត​ប្រណាំង​នៅ​ទីលាន SCT Sport Complex ​បាន​ជាមួយ​សេះ​អាយុ​ច្រើន​ផ្សេង​ៗ​ទៀត។

វត្តមាន​សេះ​ឈ្មោះ KK ​ខាង​លើ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់​ចាប់​អារម្មណ៍​ខ្លាំង ត្បិត​អី​វា​នៅ​ក្មេង ប៉ុន្តែ​មាន​សមត្ថភាព​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​ការ​ប្រកួត​នៅ​ខែ​មីនា​នេះ។ សេះ​កម្ពស់​ ១,៤៧ ម៉ែត្រ​នេះ ​ប្រណាំង​ក្នុង​ពូល C ​ដែល​មាន​សេះ​ខ្ពស់​ជាង​នេះ​ឆ្ងាយ។ យ៉ាងណាមិញ ​អ្នក​គាំទ្រ​រំពឹង​ថា​វា​នឹង​លូតលាស់​លឿន ​និង​មាន​មាឌ​ខ្ពស់ ធំ ជាង​នេះ ​ដើម្បី​មាន​ឱកាស​ប្រកួត​ប្រជែង​ជាមួយ​សេះ​បរទេស​ដទៃ​ទៀត។

ត្បិត​អី​មិន​បាន​ចំណាត់​ថ្នាក់​ល្អ​មែន ​អ្នក​ជិះ​សេះ​ KK ​ក៏​មិន​អន់​ចិត្ត ​និង​រំពឹង​បាន​ចូលរួម​ប្រកួត​ទៀត​នៅ​ខែ​ក្រោយ ​ដើម្បី​បង្ហាញ​សមត្ថភាព​ឱ្យ​អ្នក​គាំទ្រ​ឃើញ​បន្ដ​ទៀត។ លោក លោក អឿន សុផល អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សេះ​របស់ 7NG ក៏​បាន​មើល​ឃើញ​ពី​សមត្ថភាព​សេះ​ក្មេង​មួយ​ក្បាល​នេះ​ដែរ​។ លោក​បាន​បញ្ជាក់​ថា វា​អាច​ទៅ​រួច ក្នុង​ការ​ដាក់​សេះ​ឈ្មោះ KK ឲ្យ​ចូល​រួម​ការ​ប្រកួត​នៅ​ពូល​A នា​ពេល​អនាគត ព្រោះ​សេះ​នេះ​ល្អ​តាំង​ពី​ក្មេង អ៊ីចឹងបើ​សិនសេះ និង​ម្ចាស់​សេះ KK មានការ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត គឺ​សមត្ថ​ភាព​របស់​សេះ​មួយនេះ នឹង​មាន​ការ​រីក​ចម្រើន​ជាង​​នេះ។

នា​ខែ​មីនា​នេះ ​លទ្ធផល​សេះ​ពូល C ​​ដែល​មាន​១៨​ក្បាល​​ចូល​រួម លេខ​១​បាន​ទៅ​លើ ​Man Do Za ឯ​លេខ​ ២ ​បាន​ទៅ​សេះ​ឈ្មោះ Pal SO និង​លេខ ​៣ បាន​ទៅ​សេះ​ឈ្មោះ អា​ចាន់​សម័យ។ ស្រប​ពេល​ដែល KK ​វិញ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤។ ​នេះ​ជា​ការ​ប្រកួត​ខែ​ទី​៣ ​ខណៈ​ដែល​ខែ​ក្រោយ ​នឹង​មាន​ការ​ប្រកួត​ធំ អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​អម​ជាមួយ​ប្រាក់​រង្វាន់​ដល់​ទៅ ២ ៥០០០​ដុល្លារ​ឯ​ណោះ ​នឹង​មាន​សេះ​ចូលរួម​ពី​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ៕

អត្ថបទ៖ មុន្នីរម្យ