អគ្គនាយកដ្ឋាន​កីឡា​ NOCC​ និង​សហព័ន្ធ​កំពុង​ដុត​ដៃ​ដុត​ជើង​រឿង​កីឡា​ជាតិ​លើក​ទី២​

  • 2018-03-13 08:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​កីឡា ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ រួម​និង​សហព័ន្ធ​ទាំង​២៧​ បើក​កិច្ច​ប្រជុំ​នា​ព្រឹក​មិញ​ ដើម្បី​ពិភាក្សា​ពី​ដំណើរ​ការ​នានា​ក្នុង​ការ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី២​ ក្នុង​ខែ​ឧសភា​ពេល​ខាង​មុខ។​

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ និង​ វ៉ាត់ ចំរើន

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​ព្រឹក​មិញ​នេះ​គឺ​ជួប​ជជែក​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ដែល​ត្រូវ​រៀបចំ​ទាំង​អស់​ និង​ពិនិត្យ​លើ​ការ​ចុះ​បញ្ជី​ប្រភេទ​កីឡា​ទាំង​២៧​ ថា​តើ​ប្រភេទ​ទាំង​នោះ​ឆ្លើយតប​ ទៅ​និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ដែរ​ឬ​ទេ។​ បើ​តាម​ការ​ពិនិត្យ​ទៅ​ឃើញ​ថា​ត្រឹមត្រូវ។​ នៅ​ជំហាន​បន្ទាប់​ទៀត​នោះ​ គឺ​ផ្ដោត​លើ​ការ​ចុះ​ឈ្មោះ​កីឡាករ ​ចំនួន​កីឡាករ​ទាំង​អស់​ ហើយ​ទាក់ទង​កិច្ចការ​នេះ​ដែរ​ ពួក​លោក​និង​ពន្លឿន​ការងារ​នេះ​ ព្រោះ​ជិតដល់​ពេល​ប្រកួត​ហើយ។​

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ឲ្យ​ដឹង​នា​ឱកាស​នោះ​ដែរ​ថា​ លោក​លើក​ឡើង​ត្រួសៗ​ពី​ការ​សម្ដែង​នៅ​ពេល​ បើក​ និង​ បិទ​ កម្មវិធី​ ដែល​មាន​ទស្សនីយភាព​ រួម​និង​ការ​សម្ដែង​ជា​ក្រុម​ធំៗ​ ចាប់​ពី​ ៧០០នាក់​ ដល់​ ១០០០នាក់​ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​ជា​បណ្ដើរៗ។​ ចំពោះ​ពង្រាង​វិញ​ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ធ្វើ​រួចរាល់​និង​ដាក់​ជូន​ក្រសួង​រួច​ហើយ។​

កិច្ចប្រជុំ​ព្រឹកមិញ

ពិធី​បើក​ និង​ បិទ​ នេះ​មិន​ត្រឹម​តែ​ជា​ការ​បង្ហាញ​ពី​ការ​ប្រកួត​នោះ​ទេ​ គឺ​ក៏​បញ្ជាក់​ពី​ការ​រីកចម្រើន​ និង​សក្ដានុពល​នៃ​ប្រទេស​ជាតិ​ផង​ដែរ​ ដូច្នេះ​បាន​ជា​ការ​រៀបចំ​ត្រូវ​ការ​ ការ​សហការ​គ្នា​ ព្រមទាំង​ការ​ណែនាំ​ពី​ថ្នាក់​ដឹកនាំ​ច្រើន។​ មួយ​វិញ​ទៀត​នោះ​ការ​ បើក​ និង​ បិទ​ នេះ​ធ្វើ​ឡើង​ឲ្យ​ដូច​លំនាំ​ពិធី​ធំៗ​នៅ​ឆាក​អន្តរជាតិ​ដូច​ជា​ Sea Game​ Asian Game​ និង​ Olympic Game​ ដែល​មាន​លំនាំ​ច្បាស់លាស់​ ហើយ​ធ្វើ​ឲ្យ​មាន​ភាព​អស្ចារ្យ ​មាន​ភាព​ទាក់ទាញ​ និង​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ប្រចាំ​វិស័យ​កីឡា។​

កិច្ចប្រជុំ​ព្រឹកមិញ

កិច្ច​ប្រជុំ​រវាង​អគ្គនាយកដ្ឋាន​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ រួម​និង​សហព័ន្ធ​ទាំង​២៧​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៣​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម