ផលិតកររឿង «តម្លៃស្នេហ៍» ត្រៀមចេញភាពយន្តខ្នាតធំមួយទៀត មិនខ្លាចខាតដើម

  • 2018-03-13 09:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ

បន្ទាប់ពីរឿង «តម្លៃស្នេហ៍» ទទួលបានពានរហូតដល់ទៅ ៤ ក្នុងមហោស្រពភាពយន្តជាតិដើមឆ្នាំ ២០១៨ នេះ ផលិតករ និងអ្នកដឹកនាំរឿង Matthew Robinson ត្រៀមចេញផ្សាយភាពយន្តខ្នាតធំរបស់ខ្លួនមួយទៀត ដែលមានចំណងជើងថា «កំពូលអ្នកសែលហ្វី» ឬ «King Selfie»។

Matthew Robinson

លោក Matthew អ្នកដឹកនាំរឿង «តម្លៃស្នេហ៍» បានប្រាប់ឱ្យដឹងថា ផលិតកម្មខ្មែរមេគង្គ ត្រៀមខ្លួនចាក់ផ្សាយភាពយន្តថ្មីមួយទៀត ដែលថតចប់តាំងពីឆ្នាំ ២០១៧ ហើយចំណាយពេលវេលាជាច្រើនលើការកាត់ត និងដើមទុនជាងរាប់ម៉ឺនដុល្លាអាមេរិក។ បើទោះជារឿងនេះអាចប្រឈមមុខ​នឹងការខាតបង់ថ្លៃដើម ក៏ផលិតករនៅចង់បង្ហាញពី សាច់រឿង បែបថ្មី មានរសនិយម និងទស្សនៈអប់រំ ជូនដល់ទស្សនិកជនខ្មែរ។

Matthew Robinson

ផលិតករភាពយន្តខ្មែរមេគង្គ Matthew Robinson ប្រាប់ឱ្យដឹងថា «កំពូលអ្នកថតសែលហ្វី» ជាភាពយន្តប្លែកមួយទៀត ដែលទស្សនិកខ្មែរភាគច្រើនមិនធ្លាប់បានស្គាល់។ «វាជារឿងដែលធ្វើឱ្យអ្នកមានការពិចារណា និងចងចាំ តែវាអាចនឹងមិនជោគជ័យ បើទស្សនិកមិនសូវយល់ ព្រោះវាជារឿងបែបថ្មី តែខ្ញុំត្រៀមខ្លួនទទួលយកការខាតបង់ ព្រោះខ្ញុំស្រលាញ់ភាពយន្តនេះខ្លាំង»។

ភាពយន្តរឿង «កំពូលអ្នកថតសែលហ្វី» ជារឿងបែបកំប្លែងស្ងួត ដែលផលិតកររូបនេះ ប្រើពាក្យថា «Black Comedy»។ រឿងនេះ និយាយពីយុវជនម្នាក់ដែលចូលចិត្តថត Selfie រហូត​ដល់​ក្លាយខ្លួនជា តារា Selfie ដែលគ្រប់គ្នាចង់ថតជាមួយ តែរូបគេនឹងជួបជាមួយបញ្ហាជាច្រើនក្រោយ​ពេលបានល្បី។ នៅក្នុងសាច់រឿង នេះបង្កប់អត្ថន័យ និងការអប់រំបែបបរទេស និយាយពីជំងឺម្យ៉ាងដែលមនុស្សម្នាក់ធ្លាក់ខ្លួនជាមនុស្សស្រលាញ់ ឬលង់ស្នេហ៍លើខ្លួនឯងតែម្នាក់ប៉ុណ្ណោះ។

ឈុតមួយក្នុងរឿង «កំពូលអ្នកថតសែលហ្វី»

ស្នាដៃផលិតភាពយន្តថ្មីនេះ ផលិតករសង្ឃឹមថានឹងអាចផ្តល់ទាំងការកម្សាន្ត និងការអប់រំដល់ទស្ស​និកជន​ នេះបើតាមលោក Matthew Robinson បញ្ជាក់ ហើយភាពយន្តថ្មីនេះ ក៏នឹងបង្ហាញ​វត្ត​មាន​នៅ​គ្រប់រោងភាពយន្តនៅចុងខែ មីនា ឆ្នាំ ២០១៨ នេះដែរ៕

ចង់ដឹងថារឿង «កំពូលអ្នកថតសែលហ្វី» ប្លែកបែបណាបែបណា ប្រិយមិត្តអាចទស្សនា វីដេអូ Trailer នៅទីនេះបាន៖


អត្ថបទ៖ Sunny