គ្រូ​ប្រេស៊ីល ​ថ្លែង​ពាក្យ​មួយ​គួរ​ឲ្យ​គោរព​ ទាក់ទិន​នឹង​សុខភាព​ Neymar

  • 2018-03-13 13:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រេស៊ីល លោក Tite បាន​និយាយ​ថា លោក​នឹង​មិន​បង្ខំ​ឲ្យ Neymar ពន្លឿន​ពេល​វេលា​ព្យាបាល​របួស​របស់​ខ្លួន​ឡើយ។ លោក​ថែម​ទាំង​ថា សុខភាព​របស់​កីឡាករ​ គឺ​ជា​រឿង​ចម្បង។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ លោកTite បាន​លើក​ឡើង​ថា៖ "ឪពុក​របស់ Neymar បាន​និយាយ​ថា សុខភាព​របស់​ Neymar គឺ​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ"។

គ្រូ​បង្វឹក​រូប​នេះ បាន​បន្ត៖ "ចំពោះ​រឿង​ហ្នឹង យើង​ក៏​គិត​ដូច​គ្នា​ដែរ។ សុខភាព​កីឡាករ​ គឺ​ជា​រឿង​ចម្បង។ យើង​នឹង​មិន​យក​សុខភាព​របស់ Neymar មក​ប្រថុយ ដើម្បី​ឈ្នះ World Cup ឬ​ក៏​ប្រកួត​ផ្សេងៗ ដែល​ក្រុម​ប្រេស៊ីល​នឹង​ត្រូវ​លេង​នោះ​ឡើយ។ ដូច្នេះ​យើង​នឹង​មិនបង្ខំ​ឲ្យ​គេ​ កាត់​បន្ថយ​ពេល​វេលា​សម្រាក​ព្យាបាលរបួស ដើម្បី​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​ឡើយ"។

ក្នុង​អំឡុង​ប្រកួត​ប៉ះ​ជាមួយ Marseille កាល​ពី​ខែ​មុន ខ្សែ​ប្រយុទ្ធNeymar បាន​រង​របួស​ក​ជើង និង​ប្រេះ​ឆ្អឹង​ប្រអប់​ជើង រហូត​ឈាន​ដល់​ការ​វះ​កាត់។ រយៈ​ពេល​ព្យាបាល​របួស​ត្រូវ​បាន​សារព័ត៌មានជាច្រើន​ចុះ​ផ្សាយ​ថា​អាច​រវាង​ពី ២ ទៅ ៣​ខែ ដែល​កៀក​មែន​ទែន​នឹង​ព្រឹត្តិការណ៍ World Cup។

នៅ​ពេល​កីឡាករ​ប្រេស៊ីល​ Neymar អវត្តមាន លោក Tite បាន​បញ្ចូល​ឈ្មោះ​កីឡាករ​ប្រយុទ្ធ​ពីរ​រូប​ចូល​ក្រុម​ជម្រើស​ជាតិ មួយ​គឺ Anderson Talisca របស់​ក្លឹប​ទួរគី Besiktas និង​មួយ​ទៀត​គឺ Willian Jose របស់​ក្លឹប​អេស្ប៉ាញ Real Sociedad៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី