កំហុស​ទាំង ១៤ បើ​ដឹង អាច​ជៀស​វាង​បាន សម្រាប់​អ្នក​ដើរ​លេង​ក្រៅ​ស្រុក​ថ្មី​ថ្មោង​

  • 2018-03-14 01:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 70

ចន្លោះមិនឃើញ

ការ​ជិះ​យន្តហោះធ្វើ​ដំណើរ​ឆ្លង​ប្រទេស ឆ្លង​កាត់​ច្រើន​ដំណាក់​ចាប់​ពី​ការ​ត្រួតពិនិត្យ​លិខិតឆ្លងដែន សំបុត្រ ទម្ងន់​ឥវ៉ាន់ រហូត​ទៅ​ដល់​កន្លែង​រង់ចាំ​ និង​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​តែ​ម្ដង។ ខណៈ ​ពេល​ចុះ​ចត​ដល់​ទីតាំង ក៏​មាន​ដំណាក់កាល​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​។

យ៉ាងណាមិញ សម្រាប់​អ្នក​ជិះ​យន្តហោះ​ថ្មី​ថ្មោង ប្រាកដ​ណាស់អាច​បង្កើត​កំហុស​តិច ឬ​ច្រើន​អាស្រ័យ​តាម​ការ​ជាក់​ស្ដែង​។ នេះ​ជា​កំហុស​ទូទៅ អ្នក​ជិះ​យន្តហោះ​ដំបូង ធ្លាប់​បង្កើត ដោយ​អ្នក​អាច​មើល​ដើម្បី​បញ្ចៀស​បាន​។ 

១. ភ្លេច​ជ្រើសរើស​កៅអី ពេល​កក់​

មុន​អ្នក​កក់​កៅអី អ្នក​គួរ​ពិនិត្យ​មើល​ផែនទី​កៅអី​ក្នុង​យន្តហោះ ដើម្បី​សម្រេច​ចិត្ត​ពី​ទីតាំង​អ្នក​ចង់​អង្គុយ ឧទាហរណ៍​នៅ​ជិត​បង្អួត ដោយ​អាច​មើល​ឃើញ​ទិដ្ឋភាព​ពី​លើ​អាកាស​។ នេះ​អាច​ធ្វើ​ទៅ​បាន​តាម​ការ​កក់​លើ Online ឬ​ស្នើ​សួរ​អ្នក​លក់​សំបុត្រ​។ 

២. យក​ឥវ៉ាន់​ទៅ​ច្រើន​ពេក​

អ្នក​មិន​គួរ​យក​ឥវ៉ាន់​គ្រប់​យ៉ាង អ្នក​មាន​ទៅ​តាម​នោះ​ទេ ដោយ​មាន​បញ្ជី កំណត់​មួយ​ណា​សំខាន់​គួរ​យក​ទៅ​។ 

៣. គិត​ថា​ខ្លួន​យក​ឥវ៉ាន់​តាម​ខ្លួន​ត្រូវ​ទំហំ​

មាន​ច្បាប់​កំណត់​ខុស​គ្នា ទាក់ទង​នឹង​ទំហំ​កាបូប​ដាក់​ឥវ៉ាន់​​ដែលអ្នក​អាច​​យកទៅ​តាម​បាន​។ អ្នក​គួរ​ត្រួត​ពិនិត្យ​មើល​ច្បាប់​កំណត់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ មុន​ពេល​ចេញ​ពី​ផ្ទះ​។ 

៤. យក​ដប​ទឹក​តាម​ខ្លួន​

អ្នក​មិន​គួរ​យក​សារធាតុ​រាវ ដាក់​តាម​កាបូប យក​តាម​ខ្លួន​លើ​យន្តហោះ​នោះ​ទេ​។ 

៥. ភ្លេច​ត្រួត​ពិនិត្យ​កាលបរិច្ឆេទ​លិខិតឆ្លងដែន​

អ្នក​គួរ​ត្រួតពិនិត្យ​កាល​បរិច្ឆេទ​ផុត​កំណត់​លិខិត​ឆ្លងដែន ដោយ​ទុក​រយៈពេល​ចន្លោះ​ច្រើន​ខែ​ដែរ សម្រាប់​ពេលវេលា​អ្នក​ធ្វើ​ដំណើរ​។​

៦. មិន​បាន​ត្រួត​ពិនិត្យ​ពេលវេលា​តាម​តំបន់​

អ្នក​គួរ​ត្រួតពិនិត្យ​ម៉ោង​ពេលវេលាឲ្យ​ត្រូវ​តាម​តំបន់ ឬ​ប្រទេស អ្នក​ធ្វើ​ដំណើរ ដោយសារ​ប្រទេស​ខ្លះ​អាច​មាន​ពេលវេលា ខុស​គ្នា​ច្រើន​ម៉ោង​ ដើម្បី​បង្ការ​កុំ​ឲ្យ​ខក​ជើង​យន្តហោះ​។

៧. វង្វេង​ផ្លូវ ពេល​ជិត​ដល់​ម៉ោង​យន្តហោះ​ចេញ​

មុន អ្នក​ធ្វើ​ដំណើរ​លេង​ពេញ​ប្រលាន​យន្តហោះ អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្គាល់​កន្លែង​ត្រួតពិនិត្យ ឬ​ច្រក​ចូល​កន្លែង​រង់ចាំ​ឡើង​យន្តហោះ​។ ការ​វង្វេង​ផ្លូវ អាច​ជា​រឿង​សប្បាយ​ម្យ៉ាង​ដែរ ដោយ​អ្នក​អាច​ស្គាល់​កន្លែង​ថ្មីៗ តែ​បើ​កៀក​ម៉ោង​ចេញ​ដំណើរ អ្នក​អាច​ខក​ខាន​។ 

៨. មើល​រំលង​គម្រោង​ទិន្នន័យ​ទូរសព្ទ​

បើ​​អ្នកគ្រោង​ដំណើរ​កម្សាន្ត​​រយៈ​ពេលយូរ​ អ្នក​គួរ​ទិញគម្រោង​ទិន្នន័យ ឬ Sim Card ក្នុង​ប្រទេស​ប្រើ ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​មក​កាន់​មិត្ត​ភក្ដិ ឬ​សាច់ញាតិ​។ 

៩. ប្ដូរ​លុយ​ច្រើន​ពេក មុន​ពេល​ធ្វើ​ដំណើរ​

មាន​លុយ​នឹង​ដៃ ចាយ​ផ្ដល់​ភាព​ងាយស្រួល តែ​កុំ​ប្ដូរ​លុយ​កាន់​នឹង​ដៃ​ច្រើន​ជ្រុល ដែល​អាច​នឹង​មាន​ឱកាសបាត់បង់​។ អ្នក​គួរ​កំណត់​បរិមាណ​សម​ល្មម​ សម្រាប់​ការ​ចាយ​វាយ​។ 

១០. អត់​យក Credit Cards ទៅ​ជាមួយ​

ជា​ការ​ល្អ បើ​អ្នក​មាន​លុយ​ក្នុង Credit Card អាច​ដក​ចាយ​ក្រៅ​ស្រុក​បាន ដូច្នេះ​អាច​ពិនិត្យ​មើល​ធនាគារនៅ​ប្រទេស​អ្នក​ធ្វើ​ដំណើរ​។​

១១. ពាក់​ស្បែក​ជើង​គ្មាន​ផាសុកភាព​

អ្នក​គួរ​ប្រើ​ស្បែកជើង ធូរៗ ងាយ​ស្រួល​ពាក់​ធ្វើ​ដំណើរ​កម្សាន្ត​។ 

១២. មើល​រំលង​ការ​ស្រាវជ្រាវ​

អ្នក​គួរ​ស្រាវជ្រាវ​ខ្លះ ទាក់ទង​នឹង​ទីកន្លែង​ល្អ​ៗ នៅ​តំបន់​អ្នក​ធ្វើ​ដំណើរ​ទៅ​។ 

១៣. តឹងតែង​ពេក​

ការ​ធ្វើ​ដំណើរ​កម្សាន្ត អ្នក​គួរ​ផ្លាស់ប្ដូរ​ទម្លាប់ ដោយ​សាក​របស់​ថ្មី ដូចជា​ម្ហូប ជាដើម​។ 

១៤. ស្លន់ស្លោ​

ការ​ធ្វើ​ដំណើរ​ហេតុការណ៍​គ្រប់​យ៉ាង​អាច​កើតឡើង ដូចជា បាត់​សំបុត្រ​រថភ្លើង វង្វេង​ផ្លូវ ឬ​កត្តា​ផ្សេង​ទៀត​។ អ្នក​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ កុំ​ស្លន់ស្លោ ដោះស្រាយ​បញ្ហា​តាម​ស្ថានភាព​ជាក់ស្ដែង​។ នេះ​អាច​ជា​សាច់រឿង​ដ៏​ល្អ​បំផុត ទាក់ទង​នឹង​ដំណើរ​កម្សាន្ត​របស់​អ្នក ល្អ ឬ​អាក្រក់ ក៏​ជា​បទពិសោធន៍​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ http://www.travelandleisure.com/airlines-airports/first-time-flying-mistakes


ប្រភព៖ travelandleisure   ប្រែ​សម្រួល៖ ប៊ុនធឿន