ត្រៀមថតរូប! បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដ៏អស្ចារ្យ នឹងកើតឡើងខែនេះ

  • 2018-03-14 01:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាតុភូត​ព្រះអាទិត្យ​រះ​​ចំ​កំពូល​ប្រាសាទ​អង្គរ​វត្ត​​​ដ៏​អស្ចារ្យ​ នឹង​កើត​មាន​សា​ជា​ថ្មី​ក្នុង​ឆ្នាំ​នេះ ​​ចន្លោះ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២​ខែ​មីនា​ ឆ្នាំ​២០១៨ វេលា​ម៉ោង ៥ ដល់​ម៉ោង ៧​ព្រឹក​។

តាម​ក្រសួង​ទេសចរណ៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាតុភូត​ដ៏​អស្ចារ្យ​នេះ តែង​កើត​មាន​ឡើង​២​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​លើក​ទី​១ ក្នុង​ខែ​មីនា និង​លើក​ទី២​ក្នុង​ខែ​កញ្ញា។ បាតុភូត​​ដ៏​អច្ឆរិយៈនេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​ការ​បង្ហាញ​​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​ដឹង​ថា ​បុព្វបុរស​​ខ្មែរ ​ជា​ស្ថាបត្យករ​ដ៏​អស្ចារ្យ​ ក្នុង​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដែល​​ផ្សារភ្ជាប់​​ជាមួយ​នឹង​ធម្មជាតិ​យ៉ាង​ច្បាស់​គួរ​ឱ្យ​ស្ញប់ស្ញែង​ ទើប​កើត​ឡើង​នូវ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​ប្រសាទ​អង្គរ​វត្ត​នេះ​បាន​។

រូបភាពក្រសួងទេសចរណ៍

ដូច្នេះ​ដើម្បី​​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​អច្ឆរិយៈ​នេះ និង ដើម្បី​រំឭក​ដល់​គុណ​​បុព្វ​បុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ដ៏​អស្ចារ្យ​​នេះ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ការ​ប្រកួត​ថត​រូប​​​ស៊ែលហ្វី ដែល​ស្អាត​បំផុត និង​មាន​ការ​គាំទ្រ​ច្រើន​ទទួល​បាន​រង្វាន់​ទៀត​ផង​។

​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ទេសចរណ៍ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍ ដ៏​អស្ចារ្យ​នេះ ក្រសួង​​នឹង​រៀបចំ​ការ​ប្រកួត​ប្រជែង​ថត​រូប​ស៊ែល​ហ្វី ( Angkor photo selffie contest) ​ជា​លើក​ទី​៣ ក្រោម​ប្រធាន​បទ “Selfie អង្គរ​អច្ឆរិយៈ " ដើម្បី​ជ្រើសរើស​អ្នក​ថត​រូប​ស្អាត​បំផុត និង​មាន​ការ​គាំទ្រ​ច្រើន​​ចំនួន​៣​រូប​ ពី​លេខ១​ដល់​លេខ​៣​។ តាម​ប្រភព​ដដែល​បាន​ឱ្យ​​ដឹង​ថា ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​លិខិត​សរសើរ​ពី​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​ប្រាក់​រង្វាន់​ ​ក្នុង​នោះ​អ្នក​លេខ​១​ទទួល​បាន ១​លាន​រៀល អ្នក​លេខ​២​ ៨០​ម៉ឺន​រៀល និង​លេខ​៣ ទទួល​បាន ៥០​ម៉ឺន​រៀល​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី